វិធីដើម្បីឱ្យស្បែករបស់អ្នកនៅតែសុខភាពល្អ ក្រោយពេលបកស្បែករួច

នៅពេលបច្ចុប្បន្នយុវវ័យមួយចំនួនមានការពេញនិយមជាខ្លាំង ក្នុងការជ្រើសរើសវិធីធ្វើឱ្យស្បែកសតាមរយៈការបកស្បែក ដោយសារតែមធ្យោបាយនេះធ្វើឱ្យស្បែកសបានលឿន និងមិនចំណាយពេលវេលាយូរដូចជាការប្រើឡេលាបស្បែក ឬការចាក់បញ្ចូលវីតាមីនជំនួយស្បែកឡើយ។ យ៉ាងណាមិញនៅក្រោយពេលបកស្បែករួច ប្រសិនបើអ្នកមិនបានថែរក្សាស្បែកឱ្យបានត្រឹមត្រូវនោះទេ ស្បែករបស់អ្នកនឹងងាយរងផលប៉ះពាល់នានា ដែលបណ្ដាលឱ្យមានភាពខ្មៅស្រអាប់លើសដើម ឬអាចកើតនៅជម្ងឺមហារីកស្បែកព្រមទាំងជម្ងឺសើស្បែក។ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីឱ្យស្បែករបស់អ្នកនៅតែសស្អាតក្រោយពេលបកស្បែករួច៖

១.​ការពារស្បែកពីពន្លឺព្រះអាទិត្យ

នៅក្រោយពេលបកស្បែករួច ស្បែករបស់អ្នកនឹងខ្សោយជាងស្បែកធម្មតាដែលតម្រូវឱ្យអ្នកមានការប្រុងប្រយ័ត្នស្បែកពីការត្រូវពន្លឺព្រះអាទិត្យឱ្យបានច្រើន ដោយសារតែនៅក្នុងពន្លឺព្រះអាទិត្យមានកាំរស្មី UVខ្ពស់ដែលអាចធ្វើឱ្យស្បែករបស់អ្នកកើតនូវជម្ងឺមហារីក ស្នាមជាំ និងអុជៗខ្មៅលើស្បែកជាដើម។

២.​ការជ្រើសរើសឡេ

នៅក្នុងការជ្រើសរើសឡេយកមកលាបការពារស្បែក អ្នកគួរតែសម្រេចចិត្តយកប្រភេទឡេដែលគ្មានជាតិកាត់និងសារធាតុបារតនោះទេ ហើយនៅក្នុងការជ្រើសរើសប្រភេទឡេនេះផងដែរ ក៏គួរតែមានការណែនាំឲ្យបានត្រឹមត្រូវពីគ្រូពេទ្យជំនាញខាងស្បែកដើម្បីទទួលបានឡេដែលសមស្របជាមួយសភាពស្បែករបស់អ្នក។

 ៣.ត្រូវប្រើឡេការពារកម្តៅថ្ងៃរាល់ពេលចេញក្រៅ

ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយថាឡេការពារកម្ដៅថ្ងៃអាចការពារស្បែកអ្នកពីកាំរស្មី UV​ និងការបំផ្លាញស្បែករបស់អ្នក។ ជាក់ស្ដែងឡេការពារកម្ដៅព្រះអាទិត្យគួរត្រូវប្រើនៅពេលដែលអ្នកចេញក្រៅក្រោមពន្លឺព្រះអាទិត្យ និងអាចប្រើប្រាស់ឱ្យបានញឹកញាប់នៅពេលដែលអ្នកនៅក្រោមពន្លឺព្រះអាទិត្យច្រើនពេក។ 

៤.ការថែរក្សាស្បែកតាមបែបធម្មជាតិ

មិនមែនមានន័យថាស្បែករបស់អ្នកបកបានសស្អាតហើយ អ្នកក៏បោះបង់ចោលការថែទាំស្បែករបស់អ្នកតាមបែបបុរាណដូចជាការខាត់ស្បែកជាមួយពន្លៃ អំពិលទុំ រមៀតនិងរុក្ខជាតិផ្សេងៗទៀតនោះទេ។​ ហើយការខាត់ស្បែកតាមបែបបុរាណនេះផងដែរ វាក៏អាចជួយឱ្យសុខភាពស្បែករបស់អ្នកមានសំណើម រឹងមាំទប់ទល់ជាមួយពន្លឺកាំរស្មីUV បានយ៉ាងល្អប្រសើរ។​

៥.ការទទួលទានបន្លែផ្លែឈើឲ្យបានច្រើន

បន្លែផ្លែឈើអាចជួយដល់សុខភាពស្បែករបស់អ្នកពីខាងក្នុងបានយ៉ាងល្អ ក្នុងនោះផងដែរបន្លែផ្លែឈើភាគច្រើនដែលអ្នកគួរតែទទួលទានឲ្យបានច្រើនអំឡុងពេលបកស្បែក រួមមានដូចជាដំឡូងបារាំង ការ៉ុត ផ្សិតក្រូច និងប៉ោមជាដើម ដែលពួកវាសុទ្ធសឹងតែអាចជួយជុសជុលស្បែកអ្នកឱ្យមានសភាពសភ្លឺថ្លាពីខាងក្នុង។

ជារួមមកវិញស្បែកពិតជាមានសារៈសំខាន់ណាស់ចំពោះមិត្តនារីៗ ដូច្នេះហើយអ្នកត្រូវតែយកចិត្តទុកដាក់ជាមួយសុខភាពស្បែករបស់អ្នកឱ្យបានច្រើន ជាពិសេសនៅពេលដែលស្បែករបស់អ្នកទើបតែទទួលសេវាកម្មបកស្បែកឲ្យសស្អាតរួចរាល់។ យ៉ាងណាមិញការណែនាំខ្លះខាងលើនេះ អាចជួយឱ្យស្បែករបស់អ្នកមិនខូចខាត ហើយថែមទាំងមានសំណើម និងមានសភាពសស្អាតដូចធម្មជាតិជារៀងរហូត៕