ចំណុចជាគុណតម្លៃរបស់មនុស្សប្រុស ជាជំហរឹងមាំ ដែលនារីៗច្រើនប្រាថ្នាជាគូជីវិត

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

គុណ​តម្លៃ​របស់​មនុស្ស​ប្រុសនិយាយ​ក្នុង​ន័យ​ធៀបប្រៀប​ដូច​ទៅ​នឹង​ខ្លឹម​ឈើ​ដែល​ជា​ផ្នែក​រឹង​​បំផុត​​​ស្ថិត​​​ក្នុង​ស្រទាប់​​របស់​ឈើ ហើយ​ចាត់​ទុក​ជា​របស់​មាន​តម្លៃ​​បំផុត​នៃ​ឈើ។ ដោយ​ឡែក​ ខ្លឹម​របស់​​បុរសក៏​ជា​ផ្នែក​​រឹង​បំផុត​​ដែល​ស្ថិត​ក្នុង​ខ្លួន​បុរស​ដែរ ហើយ​នោះ​ក៏​ជា​របស់​មាន​តម្លៃនិង​ជា​ទី​ពឹង​​​នៃ​បុរស​។ដូច​នេះ តើ​អ្វី​ជា​ខ្លឹមឬ​គុណ​តម្លៃ​​របស់​មនុស្ស​ប្រុស​?

.ដំបូង​គឺ​គោល​ដៅ​ជីវិត ឬ​បុព្វ​ហេតុ​ជីវិត

សត្វ​ដែល​គ្មាន​ម្ចាស់ ឬ​គ្មាន​គោល​ដៅ​ច្បាស់​លាស់ជា​សត្វ​អនាថា ​ហើយ​មនុស្ស​​ដែល​គ្មាន​គោល​ដៅក៏​ជា​​មនុស្ស​​ឥត​បាន​ការ​ដែរ​។ កូន​ប្រុស​ត្រូវ​មាន​ឆន្ទៈ​ធំ​ ហើយ​​បុរស​​ដែល​មាន​គោល​ដៅ ​ឬ​បុព្វ​ហេតុ​​ច្បាស់​លាស់ធ្វើ​ឱ្យ​បុរស​​មាន​ភាព​ច្បាស់​លាស់​​ដូច​​គ្នា​ដែរ។ ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​​តើ​អ្នក​ណា​ដែល​ហ៊ាន​​ប្រគល់​វាសនា​ជូន​បុរស​​ដែល​គ្មាន​គោល​ដៅ​​ជីវិត​ច្បាស់​លាស់ ​ហើយ​​បើ​និយាយ​​​ពី​ការ​ដឹក​នាំ​វិញតើ​អ្នក​ណា​​ហ៊ាន​ដើរ​តាម​មេ​ដឹក​នាំ​​ម្នាក់​​ដែល​គ្មាន​គោល​ដៅ​នោះ​?


.ចំណេះ​ដឹងនិង​ជំនាញ

បាន​ក្លាយ​ជា​លក្ខណ​សម្បត្តិ​ដ៏​ចាំ​បាច់​​បំផុត​មួយ​។ តើ​អាច​ឱ្យ​បុរស​​​មាន​លក្ខណៈ​​ពេញ​លេញ​ដូច​ម្តេច​ទៅបើ​គេ​គ្មាន​​​ទាំង​ចំណេះ​ដឹង ​ឬ​ជំនាញ​ដ៏​ពិត​ប្រាកដ​ណា​មួយ​ផង​នោះ​? ចំណេះ​ដឹង​​និង​ជំនាញ​ បាន​ជួយ​ជីវិត​​គេ​ឱ្យ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ផ្នែក​សេដ្ឋកិច្ច ​និង​តម្លៃ​ក្នុង​សង្គម​។ គេ​អាច​ក្លាយ​ជា​ទី​ពឹង​របស់​ខ្លួន​ឯងគ្រួសារ​ និង​អ្នក​ដទៃ​បាន​ដោយ​សារ​គេ​អាច​ប្រើ​ប្រាស់​​នូវ​ចំណេះ​ដឹង​និង​ជំនាញ​ក្នុង​កិច្ច​ការ​ងារ​ផ្សេង​ៗ​។

.អត្ត​ចរិត

គឺ​ជា​ចំណុច​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​គ្រប់​រូបមិន​មែន​សម្រាប់​តែ​បុរស​នោះ​ទេ។ អត្ត​ចរិត កើត​ចេញ​ពី​ការ​គិតជំនឿ​​ជឿ​ជាក់ និង​សកម្មភាព​​ដែល​បង្ហាញ​ចេញ​។ បើ​គាត់​គិត​បាន​ត្រឹម​ត្រូវ​គាត់​នឹង​​មាន​ជំនឿ​ត្រឹម​ត្រូវ​ហើយ​ឈាន​​ទៅ​រក​​ការ​ប្រព្រឹត្ត​​ត្រឹម​ត្រូវ​ដូច​គ្នា​ដែរ។ ការ​បង្ហាញ​​ចេញ​នូវ​ការ​ចេះ​គោរព​អ្នក​ដទៃ​ការ​ចេះ​​យោគ​យល់​អធ្យាស្រ័យ​មេត្តា​ធម៌ ភាព​អត់ធ្មត់មាន​ទំនួល​ខុស​ត្រូវចេះ​ជួយ​អ្នក​ដទៃ ជា​ដើម​គឺ​ស្តែង​​ឱ្យ​ឃើញ​​នូវ​អត្ត​ចរិត​ល្អ​មួយ​របស់​មនុស្ស ​ដែល​នេះ​ជា​គុណ​ធម៌​មិន​អាច​ខ្វះ​បាន​របស់​បុរស​​។

.ចុង​ក្រោយមិន​មែន​ភាព​ស្រស់​សង្ហា​ទេប៉ុន្តែ​ជា​ សុខភាព​ មាំ​មួន

រាង​កាយ​​រឹង​មាំរហ័ស​រហួន​ ស្វាហាប់​គឺ​ជា​ខ្លឹម​​មួយ​របស់​​បុរស​​គ្រប់​រូប​ដែល​ពេល​ខ្លះ​​ទោះ​បី​មុខ​មាត់​​មិន​សូវ​ស្អាត​ សម្បុរ​មិន​សូវ​ល្អរាង​មិន​សូវ​ខ្ពស់ តែ​មើល​ទៅ​ដូច​ជា​សង្ហា​គួរ​សម​ដែរ។ សុខភាព​ផ្លូវ​កាយ​មាំ​​មួនមាន​ទំនាក់​ទំនង​​ជា​មួយ​សុខភាព​ផ្លូវ​ចិត្ត​ដែរ​។ គ្មាន​​បុរស​ល្អ​ណា​ដែល​មាន​រាង​កាយ​​ស្គម​កំព្រឹង​ខ្យល់​បក់​ចង់​ដួល ហើយ​ខ្លួន​រុំ​រឹត​ដោយ​ជំងឺ​រាប់​សិប​មុខ​ធ្វើ​ការ​គ្មាន​កម្លាំង​កំហែង​ ឬ​បរុស​ណា​ដែល​មាន​ក្បាល​​​ពោះ​ដុះ​ស្អុយ ដើរ​ស្ទើរ​មិន​រួច​ទៅ​មុខ​ស្ទើរ​​មិន​ដល់​នោះ​ទេ។ ការ​ចេះ​ថែ​ទាំ​សុខភាព​បាន​​ល្អ​ប្រសើរ​ក៏​បង្ហាញ​ពី​ចរិត​លក្ខណៈ​នៃ​មនុស្ស​ដែល​មាន​វិន័យ​​ផ្ទាល់​ខ្លួន មាន​ការ​ប្តេជ្ញា​ចិត្ត និង​ចេះ​ឱ្យ​តម្លៃ​​លើ​ខ្លួន​​ឯង​៕

ប្រភព៖លោក ឈុំ សីហាគ្រឹះ​​ស្ថាន​បោះ​ពុម្ព​ផ្សាយ​​ហាត​ប៊ុក