ប្រទេសធំៗកំពុងចំណាយលុយរាប់ពាន់លានដុល្លារអភិវឌ្ឍបច្ចេកវិទ្យាស្វ័យប្រវត្តិ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ប្រទេសធំៗជាច្រើនលើពិភពលោកបច្ចុប្បន្ននេះ ហាក់កំពុងប្រកួតប្រជែងគ្នាចំណាយស្រាវជ្រាវ និងអភិវឌ្ឍ​សមត្ថភាព​បច្ចេកវិទ្យារបស់ខ្លួន​ដើម្បីទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច​។ ការណ៍នេះ អាចជួយឱ្យប្រទេសទាំងអស់នោះទទួលផលចំណេញកាន់តែច្រើនផ្នែកហិរញ្ញវត្ថុ ខណៈពេលដែលវាក៏បានផ្តល់ផលប៉ះពាលច្រើនគួរសមដែរដល់ការធ្វើការងាររបស់មនុស្ស។

យោងតាមការនបញ្ជាក់របស់អង្គការសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថា បណ្តាប្រទេសអភិវឌ្ឍជាច្រើនដូចជា ប្រទេសអ៊ីស្រាអែល កូរ៉េខាងត្បូង ស្វីស ស៊ុយអែត និង​ជប៉ុនជាដើម កំពុងចំណាយ​ផ្នែកយ៉ាងច្រើននៃផលទុនសរុបក្នុងស្រុក (GDP) ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍគ្រឿងយន្តស្វ័យប្រវត្តិ ដែលបម្រើឱ្យវិស័យឧស្សាហកម្មនិងបច្ចេកវិទ្យា។

ស្ថាប័នខាងលើបានបញ្ជាក់ថា ប្រទេសជប៉ុនបានចំណាយ​ថវិការប្រមាណ 3.26% នៃផលិតផលក្នុងស្រុកសរុប​ដើម្បីអភិវឌ្ឍ​បច្ចេកវិទ្យារថយន្តនិងឧបករណ៍ពេទ្យ ខណៈប្រទេសស៊ុយអែតកំពុងផ្តោតសំខាន់លើការអភិវឌ្ឍបច្ចេកវិទ្យាផ្នែក​វិទ្យាសាស្រ្តបរិស្ថាននិងដំណោះស្រាយបញ្ហានៃការរស់នៅប្រចាំថ្ងៃដោយប្រើបច្ចេកវិទ្យា។

ទន្ទឹមនឹងនេះផងដែរប្រទេសស្វីសត្រូវបានគេរាយការណ៍ថា ចំណាយថវិការប្រមាណ 3.37% នៃផលិតផលក្នុងស្រុកសរុប​ដើម្បីអភិវឌ្ឍ​បច្ចេកវិទ្យា និងឈានទៅដល់ការបង្កើតថ្មីយ៉ាងច្រើនក្នុងប្រទេសរបស់ខ្លួន។ ងាកមកតំបន់អាស៊ីវិញ នៅកូរ៉េខាងត្បូង​ បានចំណាយ​រហូតដល់ទៅ 4.81% នៃផលិតផលក្នុងស្រុកសរុប ដើម្បី​នាំមុខគេផ្នែកវិទ្យាសាស្រ្តជាពិសេ​ផ្នែកគ្រឿងយន្តស្វ័យប្រវត្តិ (robot) ក្នុងឧស្សាហកម្ម។

ចំណុចទាំងអស់នេះ នឹងធ្វើឱ្យចង្វាក់ផលិតកម្មក្នុងប្រទេសទាំងអស់នោះមានភាពជឿនលឿន ផលិតបានច្រើន​ ចំណាយតិច និង​មានភាពច្នៃប្រឌិតខ្ពស់។ តែទោះជាយ៉ាងនេះក្តី អ្នកជំនាញជាច្រើនក៏បានព្រមានផងដែរពី​ផលប៉ះពាល់នៃ​បច្ចេកវិទ្យាចំពោះការរស់នៅរបស់មនុស្ស។ វាអាចធ្វើឱ្យអ្នកធ្វើការងារនៅក្នុងចង្វាក់ផលិតកម្មឧស្សាហកម្ម​នានាត្រូវបាត់បង់ការងារ។ ហេតុនេះហើយតើពួកគេណែនាំឱ្យ​មនុស្សទាំងអស់ ក្នុងសម័យថ្មីនេះ ព្យាយាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួន​លើជំនាញទន់ឱ្យបានច្រើន៕