ដោយសារបញ្ហាជម្ងឺកូវីដ១៩នេះ បានធ្វើឱ្យប្រជាជនកម្ពុជាភាគច្រើនត្រូវសម្រេចចិត្តនៅផ្ទះមិនហ៊ានចេញក្រៅញឹកញាប់ និងដើម្បីរក្សាគម្លាតសង្គម តាមការណែនាំរបស់ក្រសួង។ ច្បាស់ណាស់អ្នកប្រាកដជាមានអារម្មណ៍ធុញថប់ជាក់ជាមិនខានជាមួយនឹងការសំងំក្នុងផ្ទះ ច្រើនម៉ោង ហើយមិនមានអ្វីត្រូវធ្វើដូចនៅខាងក្រៅឡើយ។
ក្នុងនោះផងដែរ ជំនួសឱ្យការធុញថប់នេះក៏មានរឿងដែលសប្បាយៗ និងមានប្រយោជន៍ជាច្រើនដែលអ្នកអាចធ្វើនៅផ្ទះបាន ដោយមិនចាំបាច់អង្គុយកាន់ទូរស័ព្ទតែមួយមុខនោះទេ។
១) រៀនធ្វើម្ហូប ឬនំ
ឆ្លៀតពេលដែលអ្នកទំនេរនៅផ្ទះច្រើនម៉ោងហើយមិនមានអ្វីត្រូវធ្វើការរៀនធ្វើម្ហូបរសជាតិថ្មី គឺជារឿងដែលសាកសមបំផុតសម្រាប់លោកអ្នកដែលនឹងអាចក្លាយជាជំនាញមួយទៀត។ ជាការពិតណាស់ អ្នកគួរតែរៀនធ្វើម្ហូបឱ្យបានច្រើនមុខជាពិសេសសម្រាប់មិត្តនារីៗ ពីព្រោះថាវានឹងជួយឱ្យអ្នកទាំងអស់គ្នាបំបាត់ការអផ្សុកនិងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ប្រសើរឡើងវិញ នៅពេលដែលអ្នកបានចេះពីវិធីធ្វើមុខម្ហូបថ្មីៗនិងរសជាតិឆ្ងាញ់ពិសារ។ ទាំងនេះ បើលោកអ្នកមានសួនបន្លែធម្មជាតតូចមួយនៅផ្ទះ ដែលអាចដាំដុះជាប្រចាំ នោះនឹងកាន់តែពិសេស។
វាមិនពិបាកនោះទេក្នុងការស្វែងរកវិធីដើម្បីរៀនធ្វើម្ហូបថ្មីៗលោកអ្នកអាចមើលតាមរយៈ Youtube, Facebook និងលើទំព័រអនឡាញផ្សេងៗទៀត។អ្នកនឹងធ្វើឲ្យគេឆ្ងល់ថា ស្ងាត់ៗក៏ចេះធ្វើម្ហូបឆ្ងាញ់ៗ និងប្លែក មកពីកន្លែងណា។
២) ការអានសៀវភៅ
នៅផ្ទះក៏ជាឪកាសល្អមួយក្នុងការអានសៀវភៅ ដើម្បីបំបាត់ភាពអផ្សុក ព្រមទាំងទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត។ ដំបូងអ្នកអាចជ្រើសរើសសៀវភៅ ឬក៏អត្ថបទបែបសប្បាយៗប្លែកៗ ដែលអ្នកគិតថា អានហើយនឹងបំបាត់ភាពអផ្សុកបាន ឬអាចបង្កើននូវចំណេះដឹងបន្ថែម តាមជំនាញដែលអ្នកចូលចិត្ត។ វានឹងជួយកាត់បន្ថយអារម្មណ៍ស្ត្រេស ដោយមិនដឹងថាត្រូវធ្វើអ្វី មកជាការបង្កើតទម្លាប់នៃអានសៀវភៅដល់អ្នកផងដែរ។
៣) សាកល្បងរៀនគូសរូប
ការគូសរូបលេង អាចជាមួយគ្រួសារ ក៏ជាសកម្មភាពមួយបែប ដែលជួយកាត់បន្ថយអ្នកពីភាពស្រ្តេស ហើយកាន់តែស្និទ្ធស្នាលជាមួយអ្នកផ្ទះ។ អ្នកអាចចំណាយពេលនៅផ្ទះរបស់អ្នក មកធ្វើការគូសរូបផ្សេងៗ ដូចជារូប រូបផ្ទះឬទេសភាពអ្វីផ្សេងៗដែលអ្នកចូលចិត្ត។ ប្រសិនបើអ្នកមិនសូវចេះគូ វាមិនជាបញ្ហាអ្វីទេ គឺអ្នកអាចរៀនតាមយូធូបបានហើយសម្រាប់លទ្ធដែលចេញមក ច្បាស់ណាស់ អ្នកប្រាកដជាពេញចិត្តជាក់ជាមិនខាន ពេលខ្លះវាអាចធ្វើឱ្យអ្នកអស់សំណើចនឹងអ្វីដែលអ្នកគូសចេញមកក៏មានដែរ។
៥) ការធ្វើលំហាត់ប្រាណ
សភាពរាងកាយអ្នកនឹងអាចទ្រុធទ្រោម ខណៈដែលអ្នកពុំបានបញ្ចេញញើស ឬធ្វើសកម្មភាពឲ្យបានច្រើន។ អ្នកអាចធ្វើការហាត់ប្រាណនៅផ្ទះបាន ដោយមិនចាំបាច់ទៅដល់កន្លែងហាត់ផ្ទាល់នោះទេ។ វាគឺជាសកម្មភាពមួយដែលជួយបំបាត់ភាពតានតឹង និងស្ត្រេសបាន ជាពិសេសគឺជំនួយដល់សុខភាព និងជួយថែរក្សារូបរាងរបស់អ្នកឱ្យស្អាតថែមទៀតផង។
មានឧបករណ៍ហាត់ប្រាណទំនើបៗជាច្រើន ដែលលោកអ្នកអាចទិញយកមកដាក់ក្នុងផ្ទះ ឬបើអ្នកមិនមានថវិការគ្រប់គ្រាន់ក្នុងការទិញទេអាចហាត់តាមធម្មតាដោយមិនមានឧបករណ៍ក៏បានដែរ។ វាជាវិធីដ៏ល្អក្នុងការធ្វើក្នុងអំឡុងពេលនៅផ្ទះ។
៥) ជួបជុំមិត្តភក្តិតាមប្រព័ន្ធ Digital
ការជួបជុំគ្នាសឹងតែរៀងរាល់ថ្ងៃ ហើយបែរ ជាមកសំងំក្នុងផ្ទះបែបនេះប្រាកដជានៅមិនសុខជាក់ជាមិនខាន តែបច្ចុប្បន្ន វាមិនជាបញ្ហាអ្វីធំដុំនោះទេ បើទោះបីជាអ្នកនៅផ្ទះផ្សេងគ្នាក៏ដោយក៏លោកអ្នកអាចជួបជុំគ្នាតាមប្រព័ន្ធ Digital បានដែរ។លោកអ្នកអាចប្រើប្រាស់កម្មវិធីដូចជា Zoom និងកម្មវិធីជាច្រើនទៀតដែលអាចទាញយកពី Store ដោយមិនចាំបាច់បង់ប្រាក់។ការជួបជុំតាមវិធីនេះគឺមានភាពងាយស្រួលខ្លាំងមែនទែន ក្នុងស្ថានភាពនៃជម្ងឺកូវីតកំពុងរាត្បាតនេះ។
អនុវត្តន៍ វិធីទាំង៥ខាងលើនេះនៅផ្ទះនឹងជួយឱ្យអ្នកកាត់បន្ថយការអប្សុកបានច្រើនក្នុងស្ថានភាពដែលជម្ងឺកូវីត១៩កំពុងរាតត្បាតនេះជាពិសេសគឺទទួលបានអត្ថប្រយោជន៍ជាច្រើនដល់អ្នកផ្ទាល់ថែមទៀតផង ទាំងសុខភាព ចំណេះដឹងនិងគំនិតច្នៃប្រឌិត៕