Huawei ប្រកាសមហិច្ឆតាចង់បំបាក់ Samsung មួយទៀត បន្ទាប់ពីជំនួសកន្លែងរបស់ Apple រួចមក

ថ្មីៗនេះទិន្នន័យមួយចំនួនក្នុងតារាងនៃការលក់ស្មាតហ្វូន ហាក់ប្រួលប្រែខ្លាំងដោយសារតែវត្តមានរបស់អ្នកចំណូលថ្មី ទើបបង្ហាញខ្លួនឡើងតាមរយៈ ការវាយលុកទីផ្សារលើការលក់ស្មាតហ្វូន របស់ខ្លួនបានច្រើនជាងគេ ។

ជាមួយគ្នានេះ Huawei បានប្រកាសពីមហិច្ឆតារបស់ខ្លួនពីការបំបាក់ ​Apple កន្លងមកនេះ ដោយ Huawei បានឡើងទៅកាន់តំណែងលេខ ២ បន្ទាប់ Samsung ដែលជាអ្នកគ្រងតំណែងលេខ មួយ ច្រើនអាណិត្តរួចមក ។

ក្នុងនោះលោក Richard Yu ជាអ្នកចាត់ការទូទៅផ្នែកអតិថិជនរបស់ក្រុមហ៊ុន Huawei បានលើកឡើងថា ត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៩ ខាងមុខនេះ ក្រុមហ៊ុន Huawei គ្រោងឡើងទៅកាន់កំពូលតារាងក្នុងការលក់ស្មាតហ្វូនបានច្រើនជាងគេក្នុងលោក ។

ខណៈនេះដែរ Huawei បានបំពាក់ Apple រួចមកហើយ ដោយ Huawei អាចឡើងទៅកាន់តំណែងលេខ ២ ចំណែកឯ អេបផល វិញបានត្រឹម លេខ ៣ នឹង Samsung នៅលេខមួយដដែល ។

បើយោងតាម IDC Samsung របស់ក្រុមហ៊ុនកូរ៉េក៏បានប្រាប់ពីចំនួនស្មាតហ្វូនដែលក្រុមហ៊ុនបានលក់ផងដែរ ដោយ Samsung អាចលក់បាន ៧១,៥ លានគ្រឿង ចំណែកក្រុមហ៊ុន Huawei លក់បានចំនួន ៥៤,២ លាន​គ្រឿង ឈរលេខរៀងទី ២ រីឯ Apple អាចនាំចេញនៅស្មាតហ្វូនបានត្រឹម ៤១,៣ លាន​គ្រឿង ប៉ុណ្ណោះ ដែលអាចឈរត្រឹមតំណែងលេខ ៣ បន្ទាប់ពី Huawei

ជាមួយគ្នានេះដែរ ទីផ្សាររបស់ Apple នៅមានត្រឹម ១២,១ ភាគ​រយ​ ​បើធៀបនឹង Samsung មានរហូតដល់ ២០,៩ ភាគរយ​ ព្រមទាំង Huawei មានរហូតដល់ ១៥,៨ ភាគ​រយ​ នៃចំណែកទីផ្សារទាំងអស់ផងដែរ ។

សូមបញ្ជាក់ដែរថា ទោះបី Apple ធ្លាក់ដល់លេខរៀងទី ៣ នេះមិនមែនមកពីបច្ចេកទេសនោះទេ តែមកពី Apple មួយឆ្នាំចេញតែស្មាតហ្វូនមួយប៉ុណ្ណោះ ចំណែកឯ Samsung គឺចេញច្រើនម៉ូដ ច្រើនស៊េរី នឹង Huawei ទើបបញ្ចេញម៉ូដែលថ្មីៗ ជាមួយកម្មវិធីល្អទៀតនោះ ទើបធ្វើអោយវាអាចដណ្ដើមទីផ្សាររបស់ Apple បាន ៕