អ្នកជំនាញ ៖ តម្រូវការទីផ្សារខុនដូនៅចុងត្រីមាសទី៤ ឆ្នាំ២០២០ មានការធ្លាក់ចុះយ៉ាងកំហុក

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ ស្ថិតនៅចុងត្រីមាសទី៤ ឆ្នាំ២០២០នេះ តម្រូវការទីផ្សារខុនដូមានការធ្លាក់ចុះយ៉ាងគំហុក ពោលគឺទាំងការលក់ ក៏ដូចជាការជួលផងដែរ ខណៈដែលមនុស្សភាគច្រើនកំពុងរអារនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៃជំងឺកូវីដ១៩ កំពុងរាតត្បាតគួរឱ្យព្រួយបារម្ភ។ 

ស្ថិតនៅក្នុងស្ថានភាពនៃអំឡុងដែលកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល រួមជាមួយនឹងការចេញនូវវិធានការនានាជាច្រើនដើម្បីកាត់បន្ថយការជួបជុំ និងទប់ស្កាត់ការឆ្លងកាន់តែខ្លាំងនៅក្នុងសហគមន៍នោះ សម្រាប់តែទីផ្សារខុដូនៅចុងត្រីមាសទី៤ឆ្នាំ២០២០នេះគឺមានការធ្លាក់ចុះយ៉ាងខ្លាំង។

លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ទីផ្សារខុនដូនៅក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២០នេះ បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឬទី៣ គឺមានការធ្លាក់ចុះច្រើនមិនធ្លាប់មានពីមុនមកនោះទេ។ 

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា “ទីផ្សារខុនដូចាប់ផ្តើមធ្លាក់ខ្លាំងគឺទើបតែនៅក្នុងត្រីមាសទី៤នេះតែប៉ុណ្ណោះ ខណៈដែលកាលពីអំឡុងត្រូមាសទី២ និងទី៣ សកម្មភាពទិញលក់នៅតែមានជាធម្មតា”។ 

លោកស្រីបន្តថា “មួយរយៈចុងក្រោយនេះ ប្រជាជនខ្មែរមួយចំនួនចាប់ផ្តើមមានការស្វែងយល់ពីវិស័យខុនដូ ហើយពួកគាត់មួយចំនួនតូចក៏បានចាប់ផ្តើមចំណាយលុយទិញខុនដូទៅតាមលទ្ធភាពរបស់ខ្លួនក្នុងគោលបំណងផ្សេងគ្នា ដោយខ្លះទិញសម្រាប់រស់នៅ ហើយអ្នកខ្លះទៀតទិញសម្រាប់ទុនវិនិយោគ ឬជួលយកចំណូលប្រចាំខែ ប្រចាំឆ្នាំជាដើម”។ 

លោកស្រី អាន សុធីតា បានមានប្រសាសន៍បន្តទៀតថា “អ្វីដែលសំខាន់នៅក្នុងដំណាក់កាលនេះ ទាំងតម្រូវការទិញលក់ ទាំងតម្រូវការជួលខុនដូ គឺមានការធ្លាក់ចុះខ្លាំង ដោយសារតែកម្ពុជាកំពុងប្រឈមទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅចុងឆ្នាំនេះធ្វើឱ្យមនុស្សភាគច្រើនមិនហ៊ានចេញដើរ ឬមើលពីគម្រោងអភិវឌ្ឍន៍នោះទេ ហើយមួយចំណែកទៀតគឺទីផ្សារជនបរទេសមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងស្នាក់នៅក្នុងខុនដូ បានសម្រេចចិត្តចេញទៅជួលផ្ទះនៅជាយក្រុងបើទោះជាកិច្ចសន្យានៃការជួលខុនដូមិនទាន់បញ្ចប់ក៏ដោយ ព្រោះពួកគេមានភាពភ័យខ្លាចក្នុងការប្រើប្រាស់អគាររួមគ្នា ប្រើជណ្តើរយន្តរួមគ្នាដែលបញ្ហាប្រឈម ខណៈដែលភ្ញៀវបរទេសដែលបានចាកចេញពីកម្ពុជាកាលពីដើមឆ្នាំ២០២០ ក៏មិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលមកវិញដែរ។ ដូច្នេះហើយបានជាទាំងការទិញលក់ ទាំងការជួលខុនដូមានការធ្លាក់ចុះខ្លាំង”។ 

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់ថា សម្រាប់ការទិញលក់ខុនដូមានការធ្លាក់ចុះ តែមិនធ្ងន់ធ្ងរខ្លាំងដូចការបាត់បង់តម្រូវការជួលនោះទេ ពោលគឺធ្លាក់ចុះប្រមាណ៣០-៥០ភាគរយ ខណៈដែលតម្រូវការជួលមានការធ្លាក់ចុះរហូតដល់ប្រមាណ៨០ភាគរយបើធៀបទៅនឹងចុងឆ្នាំ២០១៩ដែលទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានភាពរីកចម្រើនខ្លាំងនោះទេ៕