សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
បច្ចុប្បន្ននេះដោយសារតែការរីកចម្រើនខ្លាំងពេកនៃបច្ចេកវិទ្យា បានធ្វើឱ្យការងារជាច្រើនរបស់មនុស្សត្រូវបានជំនួសដោយម៉ាស៊ីនស្វ័យប្រវត្តិ និងធ្វើឱ្យពួកគេបាត់បង់ការងារចាស់របស់ខ្លួនហើយត្រូវអភិវឌ្ឍសមត្ថភាពដើម្បីចាប់យកឱកាសការងារថ្មីមកវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះសារព័ត៌មាន CNN កាលពីពេលថ្មីៗនេះបានចេញផ្សាយពីការប្រើប្រាស់តាក់ស៊ីដែលបើកបរដោយស្វ័យប្រវត្តិ១០០ភាគរយ បានចាប់ផ្តើមត្រូវបានគេប្រើប្រាស់ហើយលើពិភពលោក។ វាត្រូវបានដាក់ឱ្យដំណើរការចំនួន២៥គ្រឿងដំបូងគេដោយក្រុមហ៊ុន AutoX សម្រាប់ចរាចរណ៍ក្នុងទីក្រុង Shenzhen និងទៅកាន់ទិសដៅជាច្រើនផ្សេងទៀតក្នុងតំបន់។
តាក់ស៊ីដែលត្រូវបានគាំទ្រដោយក្រុមហ៊ុន Alibaba នេះត្រូវបានគេមើលឃើញថា នឹងអាចមានសមត្ថភាពដំណើរការបានកាន់តែច្រើននៅក្នុងប្រទេសចិន និងត្រូវបានគេអនុវត្តនៅគ្រប់តំបន់លើពិភពលោកនាពេលឆាប់ៗនេះ។ ហេតុនេះការងារជាអ្នកបើកបរតាក់ស៊ី នឹងត្រូវបញ្ចប់ក្នុងពេលខាងមុខព្រោះម៉ាស៊ីនស្វ័យប្រវត្តិ (robot) អាចមានសមត្ថភាពដំណើរការបើកបរបានដោយខ្លួនឯងបាន ដោយមិនចាំបាច់ត្រូវការមនុស្សច្រើនបន្តទៀតនោះទេ។
បន្ថែមពីលើនេះ ការងារមួយចំនួនផ្សេងទៀតក៏នឹងចាប់ផ្តើមបាត់បង់ផងដែរ ជាពិសេសការងារក្នុងផ្នែកភស្តុភាកម្ម (logistic) ដោយសារតែវាវត្តមានរបស់គ្រឿងយន្តស្វ័យប្រវត្តិ នឹងចូលមកជំនួសកម្លាំងពលកម្មដែលយើងមានស្រាប់។ ជាក់ស្តែងនៅក្នុងរបត់នៃឧស្សាហកម្ម ៤.០នេះ ការងារលើកដាក់លីសែងមួយចំនួន នឹងត្រូវលុបបំបាត់ហើយជំនួសមកវិញនូវគ្រឿងចក្រ ដែលគេបានកំណត់មុខងាររបស់វាជាស្រេចក្នុងចង្វាក់ផលិតកម្មនានាលើពិភពលោក។
ម៉ាស៊ីនទាំងអស់នោះ ត្រូវបានគេមើលឃើញថាវាមានសមត្ថភាពធ្វើការងារពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និងរាល់ថ្ងៃឥតឈប់ឈរ។ វាក៏អាចធ្វើឱ្យម្ចាស់អាជីវកម្មចំណេញថវិកាច្រើនផងដែរ ក្នុងការអនុវត្តនូវចង្វាក់ផលិតកម្មរបស់ខ្លួន បើទោះបីជាគ្រឿងយន្តទាំងអស់នោះប៉ះពាល់ខ្លះដល់ការងាររបស់មនុស្សក៏ដោយ។ ជុំវិញបញ្ហានេះអ្នកជំនាញផ្នែកគ្រឿងយន្ត និងការងារជាច្រើនបានលើកឡើងស្រដៀងគ្នាថា វាអាចប៉ះពាល់ដល់ការងារទាំងឡាយណាដែលមិនសូវមានជំនាញឬធ្វើដដែលៗ តែវានឹងមិនប៉ះពាល់នោះទេ ឬពិភពលោកកាន់តែត្រូវការជំនាញដែលមានលក្ខណៈច្នៃប្រឌិតការបង្កើតថ្មី និងការងារទាំងឡាយណាដែលអាចដោះស្រាយបញ្ហាផ្ទាល់ជាមួយមនុស្ស៕