សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
នាពេលបច្ចុប្បន្នកាហ្វេជាប្រភេទភេសជ្ជៈពេញនិយមមួយប្រភេទ មិនថាតែមនុស្សចាស់ទេដែលមាន ចំណង់ចំណូលចិត្តជាមួយភេសជ្ជៈនេះ ប៉ុន្តែយុវវ័យមួយចំនួនធំក៏ចូលចិត្តចំពោះរសជាតិរបស់កាហ្វេផងដែរ។ ដោយអ្នកខ្លះទទួលទានកាហ្វេព្រោះតែរសជាតិរបស់វា ហើយអ្នកខ្លះទៀតដោយសារតែត្រូវជួបពិភាក្សាគ្នា ឬដើម្បីធ្វើស្វ័យសិក្សាលក្ខណៈក្រុមជាដើម។ នៅក្នុងនោះផងដែរ យើងធ្លាប់តែបានឮគេនិយាយតគ្នាពីផលប៉ះពាល់ក្នុងការញ៉ាំកាហ្វេ ប៉ុន្ដែតើយើងមានធ្លាប់ដឹងទេ ថាការញ៉ាំកាហ្វេក៏បានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើនដល់សារពាង្គកាយរបស់លោកអ្នក?
តាមការពិតទៅការផឹកកាហ្វេគឺពិតជាមានផលប្រយោជន៍ចំពោះសុខភាព ខាងក្រោមនេះនឹងធ្វើឱ្យអ្នកបានដឹង ពីអត្ថប្រយោជន៍ក្នុងការទទួលទានកាហ្វេ៖
១.កាត់បន្ថយហានិភ័យនៃជម្ងឺទឹកនោមផ្អែមកម្រិតទី២
ជម្ងឺនេះជាប្រភេទជម្ងឺដ៏កាចសាហាវមួយ ដែលមនុស្សមួយចំនួននៅទូទាំងពិភពលោកបានផ្ទុក។ ផ្អែកទៅតាមការសិក្សាបានបង្ហាញឱ្យដឹងថា អ្នកដែលបានផឹកកាហ្វេ១កែវ/ថ្ងៃ អាចកាត់បន្ថយហានិភ័យក្នុងការប្រឈម ជាមួយនឹងការកើតនៅជម្ងឺនេះបានចំនួន៧%-៩%។
២.ជំនួយដល់ការងាររបស់លោកអ្នក
ដូចដែលយើងបានដឹងហើយថា នៅក្នុងកាហ្វេមានសារជាតិកាហ្វេអ៊ីនដែលធ្វើឱ្យយើងមានថាមពលស្វាហាប់ជាងមុន។ ជាពិសេសសម្រាប់អ្នកដែលគាត់ងប់ងល់ជាមួយការងារ ភាគច្រើនចូលចិត្តផឹកកាហ្វេដើម្បីឱ្យការបំពេញការងាររបស់គាត់បានលឿន មិនងងុយគេង មិនអស់កម្លាំងក្នុងការបំពេញភារកិច្ច។
៣.កាហ្វេអាចធ្វើឱ្យអ្នកស្រកគីឡូបាន
កាហ្វេជាជម្រើសល្អមួយសម្រាប់អ្នកដែលមានបំណងចង់បន្ថយទម្ងន់។ ក្នុងនោះផងដែរពេលដែលយើងទទួលទានកាហ្វេវាត្រូវការ ការប្រើប្រាស់ខ្លាញ់ពីក្នុងខ្លួនយើងច្រើនដែលធ្វើយើងឱ្យស្រកគីឡូបាន។
៤.កាហ្វេអាចជួយស្មារតីការចងចាំបានល្អជាងមុន
អ្នកផឹកកាហ្វេជាប្រចាំថ្ងៃបានធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយជម្ងឺធ្លាក់ទឹកចិត្ត តានតឹងនៅក្នុងចិត្តជាដើម។ ដូច្នេះហើយ ទើបអ្នកដែលមានការងារត្រូវពិភាក្សាគ្នាជ្រើសយកហាងកាហ្វេដើម្បីមានភាពងាយស្រួលសម្រាប់ការងារផង នឹងអាចឱ្យការពិភាក្សាគ្នាបានរលូន។
៥.ជួយដាស់អារម្មណ៍និងរាងកាយទាំងមូល
ប្រសិនបើអ្នកទទួលទានកាហ្វេមួយម៉ោងមុនហាត់ប្រាណ ឬធ្វើការអាចជួយឱ្យអ្នកសម្រេចកិច្ចការបានលឿនជាងមុន ដល់ទៅ១១%-១២%។ ដោយសារតែការទទួលទានកាហ្វេជួយដាស់សតិរបស់លោកអ្នកឱ្យធ្វើការបានឆាប់រហ័សជាងមុន។
សរុបរួមមកវិញការទទួលទានកាហ្វេពិតជាមានផលប្រយោជន៍ ប្រសិនបើយើងផឹកក្នុងកម្រិតសមល្មម ដែលអាចឱ្យសារពាង្គកាយគ្រប់គ្រងបានជាប្រយោជន៍។ យ៉ាងណាមិញអ្នកក៏មិនគួរឱ្យការទទួលទានកាហ្វេក្លាយជាទម្លាប់មួយដែលប៉ះពាល់ដល់ការគេងរបស់លោកអ្នកឡើយ ព្រោះការទទួលទានកាហ្វេនៅពេលយប់ មានហានីភ័យខ្ពស់ដល់ដំណេករបស់អ្នក ដែលធ្វើឱ្យរាងកាយសម្រាកមិនបានគ្រប់គ្រាន់៕