សមាគម​​ហិរញ្ញ​វត្ថុ​ធំ​ៗ​នៅ​កម្ពុជា លើក​ទឹក​ចិត្ត​ពលរដ្ឋ ទូទាត់​​ប្រាក់​តាម​​អេឡិច​ត្រូ​និក ​រួម​គ្នា​​​​​​​ទប់​ស្កាត់​​​កូវីដ​

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ សមាគម​​​ហិរញ្ញវត្ថុ​​​​៣​ធំ​ៗ ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែ​ងការ​ណ៍​រួម​គ្នាក្រោយ​​ពេល​​​មាន​សេចក្តី​ជូន​ដំណឹង​របស់​​ក្រសួង​សុខាភិបាល​​ ស្តី​ពី​លទ្ធភាព​នៃ​ការ​ឆ្លង​​ជំងឺ​កូវីដ​​១៩ តាម​រយៈ​ការ​ប្រើ​ប្រាស់​​ក្រដាស​ប្រាក់​ និង​ជា​ទិស​ដៅ​រួម​ចំណែក​​​ជា​មួយ​​រាជ​រដ្ឋាភិបាល​​​ក្នុង​ការ​ខិត​ខំ​ទប់​ស្កាត់​​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​។

នៅ​ក្នុង​ខ្លឹម​សារ​​សេចក្តី​ថ្លែង​ការ​ណ៍​រួម​ដែល​ចេញ​ដោយ​សមាគម​​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​កម្ពុជាបាន​​លើក​ទឹក​ចិត្ត​ទៅ​ដល់​សាធារណជន អតិថិជន និង​អាជីវករ​ទាំង​អស់​ឱ្យ​ធ្វើ​ការ​ទូ​ទាត់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិកដែល​ផ្តល់​​ដោយ​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ពិសេស​នៅ​ក្នុង​ពេល​វេលា​​លំបាក​ដោយ​សារ​​បញ្ហា​កូវីដ​១៩​នេះ​។

គួរ​រំលឹក​ដែរ​ថាតាម​សេចក្តី​ជូន​ដំណឹង​ពី​ក្រសួង​សុខាភិបាល លោក​ជំទាវ វេជ្ជបណ្ឌិត​ ឱ វណ្ណ​ឌីន រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​​ក្រសួង​សុខាភិបាលបាន​​ឱ្យ​ដឹង​ថា បើ​​មាន​បុគ្គល​មាន​វីរុស​កូវីដ​១៩ យក​ដៃ​​ជូត​ទឹក​រំអិល​ផ្លូវ​ដង្ហើម ​ហើយ​មិន​បាន​លាង​ដៃ​សម្លាប់​មេរោគ​ភ្លាម​ៗ​ និង​យក​ដៃ​មក​កាន់​​ក្រដាស​ប្រាក់គឺ​វីរុស​កូវីដ​១៩ នឹង​"តោង​លើ​ក្រដាស​ប្រាក់​"។

នៅ​ពេល​បុគ្គល​បន្ទាប់​ចាប់​កាន់​ក្រដាស​ប្រាក់​នោះវីរុស​កូវីដ​១៩ នឹង​តោង​មក​ដៃ​បុគ្គល​នោះ​បន្តហើយ​ពេល​បុគ្គល​នោះ​យក​ដៃ​​កាន់​ក្រដាស​ប្រាក់​មាន​វីរុស​នេះមក​ប៉ះ​ច្រមុះ មាត់​ ភ្នែកជា​ដើម​ វា​នឹង​ធ្វើ​ឱ្យ​មាន​"ការ​ចម្លង​បាន​លឿន​ជា​ទី​បំផុត​"៕