សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
សម្រាប់សិស្សថ្នាក់ទី១២ ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលហៅថា (បាក់ឌុប) ជិតមកដល់នៅពេលឆាប់ៗខាងមុខ។ យោងទៅតាមសេចក្តីប្រកាសក្រសួងអប់រំ យុវជននិងកីឡា បានរៀបចំនៅពាក់កណ្ដាល ខែមករា ឆ្នាំ២០២១។ ដូច្នេះខាងក្រោមនេះជាអ្វីដែលប្អូន គួរតែមានបម្រុងប្រយ័ត្នក្នុងរដូវកាលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យកូវីត ១៩នេះ៖
១.ការរំលឹកមេរៀននឹងធ្វើលំហាត់ចាស់ៗឡើងវិញ
ពីព្រោះដល់ពេលនេះហើយវាជាពេលដែលត្រូវចាប់ផ្ដើមរំលឹកមេរៀនសារឡើងវិញម្ដងទៀតនឹងធ្វើលំហាត់ចាស់ៗដែលបានរៀនកន្លងមកព្រមទាំងអនុវត្តជាថ្មី ឬក៏ត្រូវទន្ទេញសំនួរចម្លើយ សារឡើងវិញ ដូច្នោះត្រូវមានទម្លាប់ខ្លះៗសម្រាប់ការសសេរឬមួយដោះស្រាយគន្លឹះឲ្យបាន ស្ទាត់ជំនាញ ទើបយើងមានទំនុកចិត្តខ្ពស់ក៏ដូចជាមានសង្ឃឹមច្រើនឡើងមិនសូវភ័យ។
២.បញ្ហាសុខភាព
សុខភាពសំខាន់ណាស់ចំពោះសិស្សានុសិស្ស ត្រូវចេះមើលថែរក្សាសុខភាពខ្លួនឯងល្អ និងត្រូវអនាម័យខ្លួនជាប្រចាំដូចជាការលាងដៃជាមួយទឹកអាល់កុល ឬ Gel ដើម្បីសម្លាប់មេរោគដែលឆ្លងតាមរយៈដៃជាដើម។ ម្យ៉ាងវិញទៀតអ្នកទាំងអស់គ្នាត្រូវចេះជ្រើសរើសប្រភេទអាហារទាំងឡាយណាដែលធ្វើឲ្យសុខភាព ឆ្អឹងនិងខួរក្បាលរបស់អ្នកមានការចងចាំបានល្អ។
៣.គេងឲ្យបានគ្រប់គ្រាន់
ការគេងឲ្យបានគ្រប់គ្រាន់ ក៏ជាកត្តាមួយដ៏សំខាន់ក្នុងការថែរក្សាសុខភាពរបស់សិស្សានុសិស្សមុនពេលចេញទៅប្រឡងនាពេលឆាប់ៗខាងមុខនេះ។ ផ្ទុយទៅវិញប្រសិនបើសុខភាពរបស់អ្នកបានធ្លាក់ចុះខ្សោយ វានឹងធ្វើឲ្យយើងងាយនឹងវិលមុខ ពិបាកផ្ចង់អារម្មណ៍និងឈឺក្បាលជាដើម។ ដូច្នេះយើងម្នាក់ៗត្រូវចេះប្រុងប្រយ័ត្នខ្លួនឲ្យបានល្អ។
៤.រៀបចំខ្លួនឲ្យហើយមុនពេលប្រឡង
អ្នកទាំងអស់ត្រូវពិនិត្យមើលឡើងវិញអំពីវិន័យផ្សេងៗសម្រាប់ការប្រឡង ដែលមានដូចជា ឯកសណ្ឋាន នាឡិកាសម្រាប់ផ្ទៀងម៉ោង កាតឈ្មោះប្រឡង ម៉ាស ទឹកអាល់កុល ឬ Gelលាងដែជានិច្ច រួមទាំងសម្ភារ:ចាំបាច់មួយចំនួនទៀតដែលគិតថាចាំបាច់។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺត្រូវចេះកំណត់ម៉ោងសម្រាប់ក្រោកពីព្រលឹមជៀសវាងធ្វើឲ្យមានការយឺតយ៉ាវ។
៥.ការតាំងសមាធិ
បើនិយាយអំពីការប្រឡងមិនថា អ្នកជាសិស្សពូកែយ៉ាងណានោះទេ អ្នកសុទ្ធសឹងតែមានអារម្មណ៍ភាពភ័យខ្លាច និងព្រួយបារម្ភទុកជាមុនជានិច្ច ហើយនេះគឺជាអាការៈធម្មតានោះទេ ដែលមនុស្សយើងមានបញ្ហាកង្វល់ចិត្តច្រើននៅពេលជិតជួបប្រទះនូវស្ថានការណ៍គួរឲ្យភ័យរន្ធត់។ ដូច្នេះដើម្បីកាត់បន្ថយអាការៈភ័យខ្លាចនិងព្រួយបារម្ភ ទាំងនោះ អ្នកអាចព្យាយាមធ្វើសមាធិមុន ពេលចូលគេងឲ្យបានទៀងទាត់ដើម្បីគ្រប់គ្រងអារម្មណ៍ និងស្មារតីរបស់ខ្លួនឲ្យនឹងនរ។
សរុបរួមមកវិញខាងលើនេះសុទ្ធសឹងតែជាចំណុចល្អៗដែលសិស្សានុសិស្សជិតប្រឡងថ្នាក់ទី១២ ក្នុងរដូវកាលកូវីត ១៩ គួរតែធ្វើការសិក្សាស្វែងយល់និងអនុវត្តតាមឲ្យបានត្រឹមត្រូវ៕