យុវតីខ្មែរពីររូប ដែលច្រៀងជាមួយ តារាអន្តរជាតិJessie J មានគម្រោងសរសេរ និងបង្កើតបទចំរៀងផ្ទាល់ខ្លួន

ក្នុងវ័យ២០និង១៩ ឆ្នាំកញ្ញា លីសុច្ចរា និងកញ្ញា កន សិរីសុភ័គ គឺជាយុវតីខ្មែរពីររូប ដែលមានទេពកោសល្យខាងច្រៀងចំរៀង លំនាំបរទេស រហូតមានឱកាសច្រៀងជាមួយ តារាចំរៀងអន្តរជាតិ Jessie J បានទទួលប្រជាប្រិយយ៉ាងខ្លាំងតាមរយ:ប្រព័ន្ធអ៊ីនធឺណេត។

“ខ្ញុំមានអារម្មណ៍ វាពិតថាអស្ចារ្យ! វាពិតជាមិនគួររំពឹងទុកនិង​មិនគួរឱ្យជឿ​ ពីព្រោះខ្ញុំ​មិនត្រឹមតែបានច្រៀងជាមួយសិល្បៈករដែលខ្ញុំស្រលាញ់ទេ ប៉ុន្តែខ្ញុំបានច្រៀងជាមួយនឹងមិត្តសំឡាញ់ខ្ញុំ នៅពេលតែមួយទៀត។ វាជាបទពិសោធន៍យ៉ាងពិសេសមួយដែលខ្ញុំមិនអាចភ្លេចបាន។’’ សុភ័គបានប្រាប់ក្រមាប៉ុស្ដិ៍

ការចាប់ផ្តើមក្នុងវិស័យតន្ត្រី

សុច្ចរានិងសុភ័គ ជាមិត្តភក្តិ ជិតស្និតនឹងគ្នាតាំងពីពូកគេ រៀនជាមួយគ្នានៅថ្នាក់ទី១០ នៃសាលា អន្តរជាតិ អាយ​​​​​​ ស៊ី អេស។ ដោយចិត្តស្រលាញ់តន្ត្រី ​​​ក្រៅពីការសិក្សា​​​ ពួកគេតែងតែច្រៀងកំ​​​សាន្តលេង នៅក្នុង​​​ថ្នា​​​ក់ជាមួយគ្នា ដែលភាគច្រើនមានសុច្ចរាជា អ្នកលេងឧបករណ៍ភ្លេង។​​​ សុភ័គបាននិយាយយ៉ាងញញឹមអំពីអារម្មណ៍ដំបូងថា “​​ពួកយើងគ្រាន់តែ លេងកំសាន្តលេង មិនដែលគិតថាអាចធ្វើ​​​វាបានល្អយ៉ាងនេះទេ”។

មិនយូរប៉ុន្មាន ពួកគេក៏បានសំរេចចិត្តបង្ហោះវីដេអូចំរៀង ដែលពួកគេច្រៀងលើបណ្តាញសង្គម Facebook និងYoutube។ លី សុច្ចរា បានប្រាប់ថា ពួកគេគ្រាន់តែមាន ពេលវេលាសប្បាយរីករាយពេលបានច្រៀងហើយចង់ចែករំលែកភាពសប្បាយរីករាយរបស់គេ និងបង្ហាញពីការស្រលាញ់វិស័យតន្ត្រីទៅកាន់មិត្តភក្តិដ៏ទៃ។ 

និយាយពីបទចំរៀងដែលពួកគេច្រៀងវិញ ភាគច្រើនជាបទបរទេសហើយបទជាភាសាអង់គ្លេសបែបចង្វាក់ប៉ុបនិងយឺត។ គិតរហូតមកដល់ពេលនេះ សុច្ចរានិងសុភ័គ បានបង្ហោះវីដីអូលើប្រព័ន្ធអ៊ីនធឺណេតប្រហែលចំនួន១០បទ ដែលក្នុងនោះមានមួយបទចំណងជើងថា Domino យកលំនាំតាមតារាចម្រៀង Jessie J ។​​  ពួកគេក៏ធ្លាប់ឈ្នះការប្រកួតចម្រៀងក្នុងកម្មវិធី UmTeenUnited និង ជាប់ជាអ្នកចំរៀងពិរោះ​​ជាងគេ ក្នុ​ងកម្មវិធីប្រលងចំរៀងរបស់តារា​​​អន្តរជាតិ​​​​​​ Jessie J រហូតបានច្រៀងជាមូយ​​​កញ្ញា Jessie Jផ្ទាល់។ ​​​​​​ 

បន្ថែមពីលើនេះ យុវតីស្រស់សោភីពីររូបនេះបានរៀបរាប់ថា ពួកគេមានគំរោងអភិវឌ្ឍ ទេពកោសល្យសិល្បៈ អោយល្អជាងមុន តាមរយៈការសរសេរ និងបង្កើតបទចំរៀងផ្ទាល់ខ្លួន។សុភ័គបាននិយាយទៀតថា​''ការគាំទ្ររបស់សាធារណ:ជន កាន់តែធ្វើអោយពូកគាត់​​​ មានភាពជឿជាក់ក្នុងការច្រៀង​ និងកាន់តែស្រលាញ់សិល្ប:តន្ត្រីជាងមុនទៀត’’។ 

អត្ថបទដោយ សុខ សុភ័ក្ត្របញ្ញា