ទង្វើ៥យ៉ាងដែលមនុស្សយើងធ្វើហើយ មកអង្គុយសោកស្ដាយនៅពេលក្រោយ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

១.មិនគិតគូរសុខភាពខ្លួនឯងឱ្យបានគ្រប់គ្រាន់

ទោះដឹងថាសុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមិនអាចជំនួសបាន ប៉ុន្តែមានមនុស្សតិចណាស់ដែលបានចំណាយពេលថែរក្សាសុខភាពខ្លួនឱ្យរឹងមាំ។ មនុស្សយើងភាគច្រើននៅពេលមានកម្លាំង មិនសូវបានគិតយកពេលទៅឆែកសុខភាព ឬញ៉ាំអាហារល្អៗឡើយ តែច្រើនផ្ដោតលើទង្វើផ្សេងៗដែលប៉ះពាល់សុខភាពដូចជាការចូលគេងយប់ជ្រៅ ការញ៉ាំអាហារអាំង ឬចៀនញឹកញាប់ ការផឹកភេសជ្ជៈផ្អែមច្រើន ឬមិនសូវបានហាត់ប្រាណជាដើម។ ជាលទ្ធផល នៅពេលអាយុកាន់តែច្រើនរាងកាយក៏ថមថយទើបដឹងថា ស្ដាយក្រោយដោយមិនបានថែរក្សាសុខភាពឱ្យបានដិតដល់នោះឯង។

២.ចំណាយពេលព្រួយបារម្ភរឿងអត់ប្រយោជន៍ច្រើន

ជីវិតកាន់តែវិវត្តទៅមុខជាលំដាប់អាយុក៏កាន់តែចាស់ៗទៅ មនុស្សក៏បានជួបរឿងរ៉ាវជាច្រើនរាប់មិនអស់។ កត្តានេះហើយដែលនាំឱ្យខួរក្បាលមនុស្សយើង ត្រូវបន្តគិតមិនឈប់ឈររហូតបង្កើតអារម្មណ៍តានតឹង ការព្រួយបារម្ភលើរឿងគ្រប់យ៉ាង សូម្បីតែរឿងតូចតាច។ ការគិតព្រួយបារម្ភបែបនេះមិនបានផ្ដល់ផលល្អសម្រាប់ខ្លួនឯងឡើយ។ ផ្ទុយទៅវិញ មានតែការបំភ័យខ្លួនឯងហើយមិនអាចផ្ដោតអារម្មណ៍ធ្វើអ្វីឱ្យបានសម្រេចល្អឡើយ។ ពេលខ្លះទម្រាំដឹងខ្លួនអ្វីៗក៏ហួសពេលអស់ក៏មាន។

៣. មិនបានចំណាយពេលជាមួយមនុស្សល្អៗដែលនៅក្បែរខ្លួន

មានមនុស្សច្រើនណាស់ដែលតែងមើលរំលងមនុស្សល្អៗ ហើយងាកទៅចំណាយពេលច្រើនជាមួយមនុស្សខុស។ តួយ៉ាងដូចជាសមាជិកគ្រួសារ និងឪពុកម្ដាយ ដែលកូនៗភាគច្រើនមិនសូវឱ្យតម្លៃឬនៅក្បែរឱ្យបានច្រើនដូចមនុស្សនៅខាងក្រៅផ្ទះ។​ ដូច្នេះដើម្បីកុំឱ្យមានវិប្បដិសារីទៅថ្ងៃក្រោយចូរប្ដូរមកបង្កើតពេលវេលាល្អៗជាមួយគ្រួសារ ជាពិសេសឪពុកម្ដាយឱ្យបានកាន់តែច្រើន ព្រោះជីវិតមនុស្សមិនអាចរស់នៅអមតៈឡើយជៀសវាងសោកស្ដាយពេលបាត់បង់លោកអ្នកទាំងពីរ។

៤. មិនបានមើលឱ្យល្អិតល្អន់ពេលសេពគប់មិត្តភ័ក្ដិ

មិនមែនមនុស្សគ្រប់គ្នាដែលចូលមកក្នុងជីវិតយើង សុទ្ធតែជាអំណោយសម្រាប់អ្នកនោះទេ។ ដូច្នេះហើយទើបពេលខ្លះយើងត្រូវខូចចិត្តព្រោះតែការសេពគប់ជាមួយមនុស្សមួយចំនួនទាំងនោះ។ បើក្នុងករណីតិចតួច យើងបានត្រឹមមិនសប្បាយចិត្ត ឬខកចិត្តបន្តិចបន្តួចពេលម្នាក់នោះធ្វើអ្វីដាក់យើង តែបើដល់ករណីធ្ងន់ធ្ងរ វាក៏អាចប៉ះពាល់ដល់កិត្តិយសឬជីវិតអ្នកក៏មាន។ ហេតុនេះ មុននឹងសម្រេចចិត្តជ្រើសយកអ្នកណាម្នាក់ជាចំណែកក្នុងជីវិតរបស់អ្នកសូមមើលឱ្យបានល្អិតល្អន់ ហើយមិនគួរដាក់ចិត្តទុកចិត្តអ្នកណាម្នាក់ក្រៅពីខ្លួនឯងពេកឡើយ។

៥. មិនបង្កើតក្ដីសុខឱ្យខ្លួនឯង

ធ្លាប់ទេ? ពេលខ្លះប្រឹងធ្វើការពេក​រហូតមិនហ៊ានដាច់ចិត្តចាយលុយដែលខ្លួនរកបាន ព្រោះតែគិតថាចង់បង្កើនទ្រព្យសម្បត្តិឱ្យមានបានដូចគេ។ តែការពិត ការតាំងចិត្តបែបនេះមិនបានផ្ដល់ក្ដីសុខដល់ខ្លួនឯងឡើយ វាប្រៀបដូចជាខ្លួនអ្នកកំពុង​ក្លាយជាទាសកររបស់លុយដូច្នោះដែរ។ មនុស្សខ្លះខំប្រឹងរកលុយ តែចុងក្រោយមិនបានចាយលុយទាំងនោះទេ ឬទោះជាចាយក៏មិនបានចាយឱ្យសប្បាយចិត្តដែរ ឧទាហរណ៍ចាយលុយលើថ្លៃពេទ្យជាដើម៕