ជាការពិតណាស់ ការធ្វើជាបុគ្គលិកហាត់ការគឺពិតជាមានសារៈសំខាន់ណាស់ ដែលអ្នកគួរតែបានធ្វើវាយ៉ាងហោចណាស់ឱ្យបានពីរ ទៅបីដងក្នុងពេលដែលអ្នកនៅមហាវិទ្យាល័យ។ ក្រុមហ៊ុនទូទៅ ស្ថាប័នអង្គការនានាឬអង្គការមិនមែនរដ្ឋាភិបាលជាច្រើនគឺមាននៅប្រទេសកម្ពុជា ដែលអ្នកអាចដាក់ពាក្យស្នើរចូលបាន។ បើទោះបីជាអ្នកមិនទទួលបានប្រាក់ខែមែន ប៉ុន្តែចំណេះដឹងដែលអ្នកទទួលបានពីការធ្វើជាបុគ្គលិកហាត់ការ គឺមានច្រើនលើសលប់ច្រើនជាងអ្វីដែលអ្នកបានរៀននៅឯសាលាទៅទៀត។
ដូច្នេះតើអត្ថប្រយោជន៍អ្វីខ្លះ ដែលអ្នកនឹងទទួលបានពីការហាត់ការ?
១) ទទួលបានបទពិសោធន៍
ការបំពេញខ្លួនជាបុគ្គលិកហាត់ការមួយរូប គឺទទួលបានបទពិសោធន៍ច្រើនណាស់ហើយវាតម្លៃមិនអាចកាត់ថ្លៃបាន ហើយចំណេះទាំងនោះ ក៏មិនមានបង្រៀនឬបង្ហាត់នៅក្នុងថ្នាក់រៀនបានដែរ។ ការចុះអនុវត្តន៍ផ្ទាល់ ការហ្វឹកហាត់ជារៀងរាល់ថ្ងៃ គឺបានបង្រៀនអ្នកឱ្យកាន់តែស្ទាត់ជំនាញទៅលើមុខវិជ្ជាដែលអ្នកសិក្សានៅឯសាលា។ ដូច្នេះបទពិសោធន៍ទាំងអស់នោះ នឹងជួយអ្នកឱ្យកាន់តែមានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ខ្លួនតទៅមុខទៀត។
២) ទទួលបានអាទិភាពការងារ
ច្បាស់ណាស់ នៅពេលអ្នកបញ្ចប់បរិញ្ញាបត្របួនឆ្នាំ ហើយដាក់ពាក្យសុំចូលធ្វើការនៅក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយ គេប្រាកដជាសួរអ្នកថា តើអ្នកមានបទពិសោធន៍ដែរឬទេ ហើយតើអ្នកធ្លាប់បានធ្វើជាបុគ្គលិកហាត់នៅស្ថាប័នឬក្រុមហ៊ុនណាខ្លះ។ ត្រង់ចំណុចនេះ គឺមានមនុស្សជាច្រើនត្រូវបានក្រុមហ៊ុនបដិសេធន៍ពីការងារ ដោយសារតែពួកគេមិនមានបទពិសោធន៍នេះឯង។ ផ្ទុយទៅវិញប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍ហាត់ការនៅស្ថាប័នណាមួយ នោះគេនឹងផ្តល់អាទិភាពជ្រើសរើសយកអ្នកធ្វើជាបុគ្គលិកជាមិនខាន។
៣) អាចទទួលបានទំនុកចិត្តនិងប្រាក់ខែខ្ពស់
គ្រប់ស្ថាប័ន ឬក្រុមហ៊ុនទាំងអស់រមែងចង់បានបុគ្គលិកដែលមានចំណេះដឹង ប្រកបដោយភាពច្បាស់លាស់ និងមានជំនាញពិតប្រាកដ ដែលមានបទពិសោធន៍ធ្វើការពីមុនមក។ ដូច្នេះអ្នកនឹងទទួលបានការជឿទុកចិត្តពីក្រុមហ៊ុនដែលអ្នកធ្វើការ ហើយថែមទាំងមានឪកាសទទួលបានប្រាក់ខែខ្ពស់ជាងបុគ្គលិកធម្មតាថែមទៀតផង។
៤) បង្កើតទំនាក់ទំនងល្អក្នុងសង្គម
ធ្វើជាបុគ្គលិកហាត់ការមួយរូប គឺមានន័យថាអ្នកបានចូលរួមកិច្ចការជួយសង្គម ឬជួយអភិវឌ្ឍន៍ស្ថាប័នណាមួយបាត់ទៅហើយ ពីព្រោះថាអ្នកមិនបានទទួលប្រាក់ខែឡើយ។ ដូច្នេះ អ្នកប្រាកដជាទទួលបាននូវការពេញចិត្តការគោរពស្រឡាញ់ និងមានស្នាដៃផ្សេងៗដែលអ្នកបានសាងឡើងក្នុងកំឡុងពេលហាត់ការ។ វានឹងធ្វើឱ្យអ្នកកាន់តែមានទំនាក់ទំនងល្អក្នុងសង្គមដែលអ្នករស់នៅ៕