អ៊ុំ ស្រីណាន នាយិកា អង្គការឡាវ៉ាឡា៖ ថ្វីត្បិតតែខ្ញុំពិការ ប៉ុន្តែខ្ញុំមិនដែលអស់សង្ឃឹម នៅក្នុងជីវិតនោះទេ

ស្ថិតនៅចម្ងាយមិនឆ្ងាយប៉ុន្មានពីទីក្រុងតាខ្មៅខេត្តកណ្តាល មានអង្គការមួយដែលទទួលបង្រៀនជនពិការ ដោយពុំគិតថ្លៃ។ បុគ្គលិក និងគ្រូបង្រៀន នៅក្នុងអង្គការជនពិការមួយនេះ គឺសុទ្ធសឹងតែជាជនពិការទាំងអស់។

ដើរចុះឡើង អមដោយកាយវិការបង្រៀនសិស្សជាជនពិការនៅក្នុងថ្នាក់រៀនមួយ ដែលបានរៀបចំតុបតែងយ៉ាងស្អាត បានស្តែងឲ្យឃើញថាទោះបីជនពិការក៏នៅតែទទួលបាន ឱកាសក្នុងការធ្វើការបម្រើសង្គមជាតិ បានដូចជាមនុស្សទូទៅ។

ស្ថិតក្នុងវ័យ ៣៩ ឆ្នាំ និងជាជនពិការម្នាក់ផងនោះអ្នកស្រី អ៊ុំ ស្រីណាន ដែលជាគ្រូបង្រៀន និង ជានាយិកាអង្គការសាមគ្គីធម៌ម៉ារីស្ទកម្ពុជាឬ អង្គការឡាវ៉ាឡា បានរៀបរាប់ថា ការបង្រៀនជនពិការ គឺស្តែងចេញពីឆន្ទៈរបស់អ្នកស្រីផ្ទាល់ព្រោះអ្នកស្រី យល់ថា អ្នកស្រី អាចយល់ពីទឹកចិត្តរបស់សិស្ស ដែលជាជនពិការ ដែលរួមមានទាំងជនពិការផ្នែកសតិបញ្ញា និងកាយសម្បទាមិនគ្រប់គ្រាន់ ជាដើម។​

អ្នកស្រីបានសង្កត់ធ្ងន់ថា៖« ខ្ញុំនឹងបន្តបង្រៀនជនពិការទាំងនោះ ឲ្យអស់ពីកម្លាំងកាយចិត្តដោយមិនមានការធុញទ្រាន់នោះទេ»។

ការតស៊ូ ក្នុងជីវិតពិការភាព

ក្រឡេកទៅអតីតកាល ដែលបានធ្វើឲ្យអ្នកស្រីបានធ្លាក់ខ្លួនទៅជាជនពិការជើងស្តាំ អ្នកស្រី បានរៀបរាប់ដោយទឹកមុខស្រងូតស្រងាត់ថាកាលពីអ្នកស្រីនៅកុមារភាព វ័យ ​៥ ឆ្នាំ អ្នកស្រី បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រ៉ឺម៉ក។ ក្រោយមកទៀត ដោយសារតែ គ្រួសារអ្នកស្រី មានជីវភាពក្រីក្រ អ្នកស្រី មិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះទេដោយគ្រាន់តែយកបង់មករុំជើងតែប៉ុណ្ណោះ​ រហូតធ្វើឲ្យជើងរបស់អ្នកស្រី​រលួយហើយ​ក្លាយទៅជាពិការ អស់មួយជីវិតយ៉ាងដូច្នេះ។

ទោះបីជាយ៉ាងណាក៏ដោយនាយិការអង្គការឡាវ៉ាឡា រូបនេះ​ បានរៀបរាប់ដោយទឹកមុខញញឹមថា៖«ថ្វីត្បិតតែខ្ញុំពិការប៉ុន្តែខ្ញុំមិនដែលអស់សង្ឃឹមនៅក្នុងជីវិតនោះទេ។ ផ្ទុយមកវិញ ខ្ញុំយល់ថា​ ដើម្បីធ្វើឲ្យជីវិតចាកឆ្ងាយពីភាពក្រីក្រ និង ការមាក់ងាយពីអ្នកដទៃគឹមានតែការខិតខំរៀនសូត្រប៉ុណ្ណោះ»។

ទោះបីជាស្ថិតនៅស្ថានភាពគ្រួសារក្រីក្រប៉ុន្តែ អ្នកស្រីតស៊ូរហូតអាចរៀនចប់មធ្យមសិក្សាទុតិយភូមិ ពីវិទ្យាល័យវត្តកោះ និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រពី សាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ។

អ្នកស្រីបានមានប្រសាសន៍ថា កាលពីដំបូង អ្នកស្រី បានប្រឈមនឹងការលំបាកយ៉ាងខ្លាំង  ដោយសារតែមានការធ្វើត្រាប់តាម នូវដំណើរជើងខ្វេររបស់អ្នកស្រីព្រមជាមួយ នឹងការនិយាយតិះទៀន របស់អ្នកដទៃថា អ្នកស្រី ពិការហើយចាំបាច់ប្រឹងរៀនសូត្រធ្វើអ្វីទៀត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី ក៏បានប្រឈមការលំបាក ក្នុងការស្វែរកការងារព្រោះថា ការងារភាគច្រើននៅពេលនោះ ទាមទារឲ្យបុគ្គលិកមានកាយសម្បទាគ្រប់គ្រាន់។

ការបដិសេធពីស្ថាប័នមួយដែលអ្នកស្រី បានដាក់ពាក្យនោះ មិនបានបញ្ឈប់ មហិច្ឆតារបស់អ្នកស្រី នោះទេ​​ ប៉ុន្តែវាបានក្លាយទៅជាកម្លាំងចលករ មួយឲ្យអ្នកស្រីខិតខំប្រឹងប្រែងបន្ថែមទៀត រហូតអ្នកស្រីបានក្លាយទៅជាគ្រូបង្រៀន នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា(ឡាវ៉ា)។

ក្រោយមកទៀតដោយសារតែខិតខំប្រឹងប្រែង និង យកចិត្តទុកដាក់ក្នុងការបំពេញការងារ អ្នកស្រីក៏ត្រូវបានបោះឆ្នោត ក្លាយជានាយិកា នៃអង្គការជនពិការមួយនេះ ​នៅក្នុងឆ្នាំ ២០១៤។

តើហេតុអ្វី ដែលធ្វើឲ្យលោកស្រីមានភាពរឹងមាំ និង មិនព្រមចុះចាញ់នឹងពិការភាពយ៉ាងដូច្នេះ?

រៀបរាប់ដោយទឹកមុខញញឹម អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «ជនពិការភាគច្រើន អស់សង្ឃឹមក្នុងជីវិត ដោយសារតែពួកគេមិនទាន់ទទួលស្គាល់នូវចំណុចខ្សោយនិង ទទួលស្គាល់ពីពិការភាពរបស់ខ្លួន។ សម្រាប់ខ្ញុំខ្ញុំទទួលស្គាល់ថាខ្លួនពិការ និង ការហ៊ានប្រឈមមុខនឹង ការរិះគន់ ការធ្វើត្រាប់តាម របស់អ្នកដទៃ។ចឹងអ្វីដែលត្រូវធ្វើ គឺត្រូវខិតខំរៀនសូត្រ និងធ្វើឲ្យជីវិតមានតម្លៃ»។

អ្នកស្រី អ៊ុំ ស្រីណានមានសុទិដ្ឋនិយមថា៖« ពិការភាពមិនមែនជាទីបញ្ចប់នៃជីវិតនោះទេ។ ចឹងហើយបើបានចាប់កំណើតជាមនុស្ស ត្រូវតែកែខៃជីវិត ឲ្យមានន័យ និង ចូលរួមនៅក្នុងការអភិវឌ្ឍន៍សង្គមទោះតិចឬច្រើនក្តី»។

ជាចុងក្រោយ អ្នកស្រីបានលើកទឹកចិត្តឲ្យជនពិការគ្រប់រូប កុំឲ្យបោះបង់ក្តីសង្ឃឹមនឹងជីវិតព្រោះកើតមកជនពិការ មិនមែនជាកំហុសនោះទេ និង ត្រូវជឿជាក់ថា ដរាបណាមានកិច្ចខិតខំប្រឹងប្រែង នោះជីវិត នឹងជោគជ័យ នៅថ្ងៃណាមួយ៕ 

អត្ថបទដោយ សរ​ ពិសី