សិង្ហបុរី បរិច្ចាគ៥លានដុល្លារ ក្នុងយន្តការCOVAX ផ្ដល់ដល់៩២ប្រទេស ឲ្យទទួលបានវ៉ាក់សាំងកូវីដ

សិង្ហបុរី៖ ប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រ ទី៤ធ្នូ បាននេះបើតាមសេចក្ដីថ្លែងការណ៍មួយ ប្រកាសការសម្រេចចិត្តរបស់ខ្លួន ក្នុងការបរិច្ចាគទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់បណ្តាប្រទេស ដែលមានប្រាក់ចំណូលទាបនិងមធ្យមកម្រិតទាប អាចទទួលបានវ៉ាក់សាំងកូវីដ១៩ តាមយន្តការ COVAX។ សិង្ហបុរីជាប្រទេសមួយ ក្នុងចំណោមប្រទេស៧៩ទៀត ដែលបានបរិច្ចាគធនធាន ដើម្បីចូលរួមក្នុងយន្តការនេះ។ 

សេចក្ដីថ្លែងការខាងលើ បានបន្តលើកឡើងថា៖ ដើម្បីជាផ្នែកមួយ នៃការគាំទ្ររបស់យើង នៅលើគោលការណ៍វ៉ាក់សាំងពហុភាគីនិយម និងការទទួលបាន ព្រមទាំងការបែងចែកវ៉ាក់សាំងនេះដោយស្មើភាព ប្រទេសសិង្ហបុរី នឹងរួមចំណែកវិភាគទានចំនួន ៥លានដុល្លារអាមេរិក ទៅក្នុងយន្តការទទួលបានមុន នៃកម្មវិធីទទួលបានវ៉ាក់សាំងសាកល (COVAX) ដែលនឹងជួយដល់ប្រទេសចំនួន ៩២ ដែលមានចំណូលទាប និងចំណូលមធ្យមកម្រិតទាប ឱ្យទទួលបាននូវវ៉ាក់សាំងតាមរយៈយន្តការ COVAX នេះ។ 

ប្រទេសដែលមានសិទ្ធិទទួលបានវ៉ាក់សាំងក្នុងយន្តការនេះ រួមមានប្រទេសអាស៊ានមួយចំនួន និងរដ្ឋតូចៗទូទាំងពិភពលោក។ COVAX គឺជាយន្តការចែករំលែកហានិភ័យជាសកល ដែលស្វែងរកលទ្ធកម្មបែងចែកនិងចែកចាយវ៉ាក់សាំងកូវីដ១៩ ចំនួន ២០០០លានដូស នៅដំណាច់ឆ្នាំ ២០២១៕