ពេលវេលាក្នុងការប្រើប្រាស់ការរស់នៅជារៀងរាល់ថ្ងៃ ពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែប្រសិនបើយើងចំណាយពេលវេលាជាមួយនិងរឿងឥតប្រយោជន៍ច្រើនពេក តើយើងអាចធ្វើឱ្យខ្លួនឯងក្លាយជាបុគ្គលមួយរូបដែរមានតម្លៃនៅសង្គមបានដែរឬទេ។ ក្នុងមួយជីវិតរបស់យើងនេះមិនគួរណាទៅចំណាយពេលជាមួយរឿងគ្មានប្រយោជន៍ ហើយថែមទាំងនាំទុក្ខឱ្យខ្លួនច្រើនពេកឡើយ។ ដូច្នេះហើយបើមិនចង់ឱ្យជីវិតរបស់អ្នកប្រែជាគ្មានតម្លៃទេ ចូរកុំចំណាយពេលជាមួយរឿងទាំងនេះ៖
១.យកខ្លួនប្រៀបជាមួយអ្នកដទៃ
ការដែរចូលចិត្តប្រើជីវិតបែបប្រៀបធៀបជាមួយគេវាមិនបានបង្ករផលចំណេញអ្វីត្រឡប់មកវិញនោះទេ ព្រោះថាគោលដៅ និងបញ្ហាដែរត្រូវប្រឈមក្នុងជីវិតរបស់មនុស្សម្នាក់ៗមានភាពខុសគ្នា បើយើងសម្លឹងទៅអ្នកណាម្នាក់ដែលក្នុងជីវិតគេកំពុងជោគជ័យ ហើយមានការងារល្អមួយស្របពេលដែរយើងមិនទាន់មានការងារមួយច្បាស់លាស់នៅឡើយ យើងប្រាកដជាធុញទ្រាន់នឹងជីវិតជាពុំខាន។ ត្រឡប់មកវិញអ្នកគួរយកពេលដែរឥតប្រយោជន៍នោះទៅធ្វើរឿងមានប្រយោជន៍ជាច្រើនកំពុងរងចាំអ្នកដូចជាការ ប្រឹងប្រែងស្វែងរកបទពិសោធន៍សម្រាប់ការងារ ឬក៏ចំណាយពេលស្វែងយល់ពីការឆ្ពោះទៅរកភាពជោគជ័យរបស់បុគ្គលល្បីៗជាដើម ដើម្បីក្លាយជាកម្លាំងជំរុញចិត្តរបស់អ្នកឱ្យចេះតស៊ូជាមួយនឹងបញ្ហានានា។
២.ខ្វល់ខ្វាយជាមួយស្នេហាជ្រុលហួសហេតុ
ថ្វីត្បិតតែការមានស្នេហាគឺជារឿងធម្មជាតិរបស់មនុស្សគ្រប់រូបក៏ពិតមែន ប៉ុន្តែការដែរបណ្ដោយឱ្យស្នេហាក្លាយជាមេទ័ពនៅក្នុងជីវិតហើយវាពិបាកនឹងមានភាពរីកចម្រើនណាស់ ព្រោះបច្ចុប្បន្នយុវវ័យមួយចំនួនតូចបានយកចិត្តទុកដាក់ជាមួយបញ្ហាស្នេហាជាងយកចិត្តទុកដាក់ជាមួយនិងការសិក្សារ ឬការងារ ជាកត្តាដែរជំរុញឱ្យគ្មានគំនិតលូតលាស់បាន។ គ្មាននណាម្នាក់អាចគេចផុតពីស្នេហាទេ ប៉ុន្ដែអ្នកដែរកំពុងមានស្នេហាក៏គួរតែមានភាពវ័យឆ្លាត ហើយធ្វើឱ្យស្នេហាជាកត្តាជំរុញចិត្តឱ្យខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍បានមួយកម្រិតទៀត ពីព្រោះដៃគូស្នេហាខ្លះមានការសហការណ៍គ្នាដើម្បីធ្វើឱ្យពួកគេជោគជ័យទាំងសងខាង។
៣.ការគិតអវិជ្ជមានចំពោះខ្លួនឯង
គ្មាននណាម្នាក់ដែរគិតពីអ្នកដទៃច្រើនជាងខ្លួនឯងទេ ប៉ុន្តែគួរជៀសវាងនៅការគិត ឬនិយាយមិនល្អពីខ្លួនឯងប្រាប់ទៅអ្នកដទៃ។ ជាពិសេសពេលដែរចាប់ផ្ដើមថ្ងៃថ្មីគឺពេលព្រឹកមិនត្រូវក្រោកឡើងជាមួយនិងគំនិតអវិជ្ជមានមកទេ ប្រសិនបើពេលល្ងាចអ្នកបានធ្វើរឿងមួយដែរទទួលបានលទ្ធផលមិនពេញចិត្តឬបរាជ័យជាដើម អ្នកគ្រាន់តែរំឮកខ្លួនឯងទៅបានហើយថាវាជាបទពិសោធន៍មួយសម្រាប់យើងទៅថ្ងៃខាងមុខកុំឱ្យមានការធ្វេសប្រហែសម្ដងទៀត។
សរុបមកការដែលយើងព្យាយាមចំណាយពេលជាមួយចំណុចទាំងបីខាងលើនេះច្រើនពេក អ្នកប្រាកដជាមិនចំណេញអ្វីឡើយ ហើយថែមទាំងត្រូវខាតពេលវេលាដ៏មានតម្លៃជាមួយនិងរឿងឥតប្រយោជន៍ទៀតផង។ ព្យាយាមអភិវឌ្ឍន៍ខ្លួនអោយក្លាយជាបុគ្គលមួយរូបដែរសង្គមត្រូវការទើបជារឿងល្អប្រសើរ៕