សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
អ្នកអានភាគច្រើនច្បាស់ជាធ្លាប់អាននិងធ្លាប់ឮអំពីវីធីសាស្ត្រថែរក្សាសម្រស់តាមបែបធម្មជាតិ ដោយមិនបាច់ប្រើគ្រឿងសម្អាងឬសារធាតុគីមី។ ប៉ុន្តែមិនមែនគ្រប់វិធីសាស្ត្រដែលបានរៀបរាប់ទាំងនោះសុទ្ធតែអាចផ្ដល់ផលល្អសម្រាប់ស្បែកជាពិសេស្បែកមុខនោះទេ។ ដូច្នេះបើមិនចង់ស្ដាយក្រោយ សូមកុំចេះតែហ៊ានប្រថុយសាកល្បងយកគ្រឿងផ្សំខាងក្រោមនេះមកលាបលើមុខផ្ទាល់។
១. ក្រូចឆ្មារ
ក្រូចឆ្មារមានជាតិអាស៊ីតពីធម្មជាតិហើយអាចធ្វើឱ្យស្បែកឡើងរលាកបាន។ ដូច្នេះបើជៀសមិនបាន អ្នកគួរច្របាច់យកទឹកវា ហើយពង្រាវជាមួយទឹករួចប្រើក្នុងបរិមាណបំផុត។ មួយវិញទៀត កុំភ្លេចធ្វើតេស្តសាកល្បងក្នុងកម្រិតតិចតួចសិនមុនយកមកលាបលើស្បែកមុខ។
២. ថ្នាំដុសធ្មេញ
ថ្នាំដុសធ្មេញក៏ជាវត្ថុធាតុដ៏ពេញនិយមក្នុងការយកមកប្រើជាវិធីថែសម្ផស្សតាមបែបធម្មជាតិដែរជាពិសេសបំបាត់មុន។ ទោះបីជាវិធីនេះអាចជួយធ្វើឱ្យមុនរួមតូចបន្តិចម្ដងៗក៏ពិតមែន ប៉ុន្តែការប្រើលើស្បែកមុខផ្ទាល់ វាអាចធ្វើឱ្យស្បែកឡើងរមាស់ ឬរោលបាន។
៣. ម្សៅ Baking Soda
មិនខុសពីក្រូចឆ្មារដែរ ម្សៅ Baking Soda មិនគួរត្រូវបានយកមកលាបលើស្បែកមុខផ្ទាល់ឡើយ។ ហេតុផលគឺថាវាអាចធ្វើឱ្យស្បែកទៅជាក្រហាយ និងរលាក ជាពិសេសសម្រាប់ស្បែកដែលឆាប់រងប្រតិកម្ម។ មិនតែប៉ុណ្ណោះ ដោយសារម្សៅដែលប្រើសម្រាប់ដុតនំនេះមានសារធាតុអាល់កាឡាញ (ជាតិក្បុង)ពីធម្មជាតិ វានឹងបង្កផលប៉ះពាល់ច្រើនសម្រាប់ស្បែក។
៤. ខ្ទឹមស
ដូចគ្នាដែរខ្ទឹមសអាចជួយពង្រួមស្នាមមុន ឱ្យឡើងក្រៀម ប៉ុន្តែសារធាតុកាត់ដែលចេញពីក្នុងគ្រឿងផ្សំប្រភេទនេះនឹងធ្វើឱ្យស្បែកឡើងរលាកឬក្រហាយបាន។ មួយវិញទៀត ប្រសិនបើអ្នកលាបខ្ទឹមសនៅលើមុខយូរពេក វានឹងបណ្ដាលឱ្យរោលស្បែកនិងរលាក ហើយឡើងជាសម្លាកទៀតផង។ ចូរប្រើដោយការប្រយ័ត្នប្រយែងឬពិគ្រោះជាមួយអ្នកជំនាញជាមុនទើបជាការល្អ៕