គុណប្រយោជន៍ ៨ យ៉ាងនៃការហែលទឹក

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការហែលទឹកត្រូវបានអ្នកជំនាញផ្នែកកីឡាទទួលស្គាល់ថា ជាការធ្វើលំហាត់ប្រាណដ៏ល្អឥតខ្ចោះក្នុងចំណោមកីឡាជាច្រើន។ ទន្ទឹមនឹងភាពសប្បាយរីករាយដែលបានមកពីការហែលទឹក អ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺលើសឈាម និងទឹកនោមផ្អែមទៀតផង។ លើសពីនេះទៀត ការហែលទឹកផ្តល់នូវផលល្អសម្រាប់សុខភាពផ្លូវចិត្តនិងសុខភាពរាងកាយរបស់អ្នក។ ការហែលទឹកគឺជាលំហាត់សម្រាប់មនុស្សគ្រប់វ័យ ការហែលទឹកជួយមនុស្សឱ្យមានរាងស្អាតវាផ្តល់ឱ្យរាងកាយនូវការហាត់ប្រាណដ៏ហ្មត់ចត់ និងមានគុណភាព។ នៅមានអត្ថប្រយោជន៍មួយចំនួនទៀតដែលអ្នកគួរដឹង៖

១. ផ្ដល់ការហាត់ប្រាណពេញរាងកាយ

រាល់ពេលដែលអ្នកហែលទឹក សាច់ដុំទាំងអស់នៅក្នុងរាងកាយរបស់អ្នកនឹងត្រូវធ្វើការដូចៗគ្នា។ លើសពីនេះទៅទៀត ការធ្វើលំហាត់ប្រាណក្នុងទឹកធ្វើឱ្យរាងកាយរបស់អ្នកធ្វើការកាន់តែខ្លាំង ដូច្នេះបើអ្នកចំណាយពេល៣០នាទីហែលទឹក វាស្មើនឹង៤៥នាទីនៃសកម្មភាពដូចគ្នា ពេលអ្នកហាត់ប្រាណនៅលើគោក។


២. ល្អសម្រាប់សុខភាពទូទៅ

ការហែលទឹកត្រឹមតែ ៣០ នាទី ៣ដងក្នុងមួយសប្តាហ៍រួមជាមួយរបបអាហារដែលមានតុល្យភាពត្រឹមត្រូវ និងរបៀបរស់នៅដែលមានអនាម័យគឺជាវិធីមួយក្នុងចំណោមវិធីល្អបំផុតដើម្បីថែរក្សាខ្លួនឱ្យមានសុខភាពល្អ និងរក្សាបាននូវទស្សនៈផ្លូវចិត្តវិជ្ជមាន។

៣. បំបាត់ភាពតានតឹង និងបន្ធូរអារម្មណ៍

ការហែលទឹកទៀងទាត់អាចបន្ថយកម្រិតស្ត្រេស កាត់បន្ថយការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត និងធ្វើឱ្យទម្រង់គេងរបស់អ្នកប្រសើរឡើង ជួយឱ្យដំណើរការឈាមនៅក្នុងខ្លួនមានដំណើរការដោយរលូន និងអាចទៅដល់គ្រប់កន្លែងនៃរាងកាយ។

៤. ដុតកាឡូរីបានច្រើន

ការហែលទឹកគឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការដុតបំផ្លាញកាឡូរី។ ការហែលទឹកគឺទន់ភ្លន់ ងាយៗ តែអាចដុតបំផ្លាញកាឡូរីបានជាង ២០០កាឡូរីក្នុងរយៈពេលតែកន្លះម៉ោងដែលច្រើនជាងការដើរទ្វេដង។ ហើយសម្រាប់ការហែលទឹកលឿនៗខ្លាំងៗ នឹងមានប្រសិទ្ធភាពលឿនជាងប្រសិនបើអ្នករត់ ឬជិះកង់។

៥. កាត់បន្ថយហានិភ័យនៃជំងឺ

ក៏ដូចជាការធ្វើលំហាត់ប្រាណផ្សេងទៀតដែរ ការហែលទឹកត្រឹមតែ៣០ នាទីក្នុងមួយសប្តាហ៍អាចជួយការពារអ្នកពីជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។

៦. ជួយសម្រួលដល់សន្លាក់ និងសរសៃ

ទឹកគាំទ្រដល់ ៩០ ភាគរយនៃទំងន់រាងកាយ។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាសន្លាក់ ឈឺតាមគន្លាក់ ឬចុករោយស្រពន់តាមសសៃដៃសសៃជើង សូមជ្រើសរើសយកការហែលទឹក វាគឺជាវិធីដ៏អស្ចារ្យមួយដើម្បីជួយសម្រួលឥរិយាបទរបស់អ្នកឱ្យប្រព្រឹត្តទៅតាមសភាពដើម។

៧. បង្កើនកម្រិតថាមពលរបស់អ្នក

ភាពអសកម្ម និងភាពខ្ជិលច្រអូស ច្រើនតែធ្វើឱ្យរាងកាយអ្នកទ្រុឌទ្រោម ធ្វើឱ្យកង្វះថាមពល ព្រោះជាធម្មតាបើមិនមានការចំណាយថាមពលទេ ក៏គ្មានការផលិតថ្មីដែរ។ គ្រាន់តែហែលទឹក ៣០ នាទី ៣ ដងក្នុងមួយសប្តាហ៍អាចជួយបង្កើនកម្រិតថាមពលរបស់អ្នកតាមរយៈអត្រាមេតាប៉ូលីសកើនឡើង។

៨. ជាការលំហាត់ប្រាណដោយគ្មានញើស

ប្រសិនបើការបែកញើសធ្វើឱ្យអ្នកធុញថប់ ស្អុះស្អាប់ ចង់ឈប់ធ្វើលំហាត់ប្រាណផ្សេងទៀត សូមកុំបារម្ភអី ចាប់ផ្ដើមហែលទឹក អ្នកនឹងមិនមានអារម្មណ៍ថាបែកញើស មិនថាអ្នកខំប្រឹងយ៉ាងណាក៏ដោយ ព្រោះទឹកនៅជុំវិញអ្នកធ្វើឱ្យអ្នកត្រជាក់ជានិច្ច៕