១. បង្កើតទម្លាប់ ដាក់វិន័យខ្លួនឯង
ក្នុងន័យនេះចង់ឱ្យអ្នកក្លាយជាមនុស្សស្វាហាប់។ ហេតុផលគឺរាល់ពេលដែលអ្នកក្រោកពីដំណេក អ្នកមិនគួរពត់ពែន អែនអនយូរពេកនោះទេ។ ចូររៀបចំថ្ងៃថ្មីរបស់អ្នកឱ្យភ្លឺស្វាង កុំអង្គុយលើសាឡុង ឬដេកលើគ្រែពេញមួយថ្ងៃដោយមិនបានធ្វើអ្វីសោះ។ អ្នកមានដឹងទេថាការដែលអ្នកនៅស្ងៀមមួយកន្លែងពេញមួយថ្ងៃ វានឹងអាចធ្វើឱ្យអ្នកឆាប់អស់កម្លាំង និងស្មុគស្មាញពេញមួយថ្ងៃ។
២. ការធ្វើលំហាត់ប្រាណ
លំហាត់ប្រាណគឺជាឱសថដ៏អស្ចារ្យសម្រាប់សុខភាពរបស់អ្នក ហើយអ្នកអាចធ្វើវាបានគ្រប់ពេល គ្រប់កន្លែងដោយមិនបាច់ចំណាយប្រាក់សូម្បីតែមួយរៀល។ អ្វីដែលអ្នកត្រូវចំណាយគឺពេលវេលានិងថាមពល។ មានវិធីធ្វើលំហាត់ប្រាណច្រើនបែបច្រើនយ៉ាងដែលអ្នកអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត។ អ្វីដែលសំខាន់នោះគឺថាតើអ្នកព្រមចាប់ផ្ដើមធ្វើដែរឬទេ។ អ្នកត្រូវចាំថាសុខភាពល្អនៅក្នុងខ្លួនគឺជាថាមពល រីឯភាពរឹងមាំផ្នែកខាងក្រៅគឺជាខែលការពារដ៏ប្រសើរ។
៣. ទទួលទានដោយប្រុងប្រយ័ត្ន
ការទទួលទានគឺសំខាន់និងចាំបាច់បំផុតដែលអ្នកមិនអាចខ្វះបានក្នុងអំឡុងពេលដាក់ខ្លួនឱ្យនៅដាច់ដោយឡែក។ អាហារបីពេលដែលអ្នកបានទទួលទានត្រូវតែជាអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីទ្រទ្រង់រាងកាយអ្នកឱ្យបានល្អ។ សូមទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើនតាមដែលអាចធ្វើបាន ជៀសវាងការទទួលទានសាច់ខ្លាញ់ច្រើនហួសកម្រិត បើសិនជាអាច សូមបញ្ឈប់ការទទួលទានអាហារដែលគេចម្អិនស្រាប់ៗ ឬប្រភេទអាហារកំប៉ុង។ មិនចាំបាច់ទទួលទានអាហារថ្លៃៗនោះទេ គ្រាន់តែចម្អិនអាហារសាមញ្ញៗ តែល្អសម្រាប់សុខភាព ព្រោះពេលវេលានេះជាពេលសម្រាប់ការសន្សំសំចៃ។
៤. ប្រើពេលវេលាប្រកបដោយប្រសិទ្ធភាព
សូមប្រើប្រាស់ពេលវាលាក្នុងមួយថ្ងៃរបស់អ្នកដោយប្រសិទ្ធភាព។ ២៤ម៉ោងដែលអ្នកមាន គឺគ្រប់គ្រាន់សម្រាប់ការបែងចែកតាមកាលវិភាគ។ រៀបចំផែនការទុកជាមុន បង្កើតតារាងកាលវិភាគធ្វើយ៉ាងណាឱ្យគ្រប់សេរីរាង្គរបស់អ្នកបានធ្វើការ។ ការអានសៀវភៅគឺជាអ្វីដែលអ្នកមិនគួរមើលរំលងស្ដាប់តន្រី ធ្វើសមាធិ ទាក់ទងទៅគ្រួសារ មិត្តភ័ក្រ្ត ហាត់ប្រាណការសិក្សាបន្ថែមតាមអនឡាញ ជាដើម ។ល។
៥. គេងឱ្យបានស្កប់ស្កល់
អ្នកមិនគួរមើលស្រាលអានុភាពនៃការគេងនោះទេ ជាពិសេសនៅពេលមនុស្សម្នាក់តានតឹងឬព្រួយបារម្ភ។ មនុស្សពេញវ័យគេងប្រហែលជា ៦ ទៅ ៧ ម៉ោងក្នុងមួយយប់ការគេងគ្រប់គា្រន់ធ្វើឱ្យខួរក្បាលស្រស់ថ្លា ថាមពលរាងកាយទទួលបានគ្រប់គ្រាន់ ដូច្នេះសូមធ្វើការគេងឱ្យបានយ៉ាងហោចណាស់ប្រាំបីឬប្រាំបួនក្នុងកំឡុងពេលដែលអ្នកនៅដាច់ដោយឡែកពីគេ៕