ទម្លាប់ទាំង៦ក្រោយពេលភ្ញាក់ពីគេង ដែលអាចផ្លាស់ប្តូរជីវិតអ្នកទាំងស្រុង

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

តើអ្នកធ្លាប់គិតទេថា ហេតុអ្វីពីមួយថ្ងៃទៅមួយថ្ងៃក្នុងជីវិតអ្នកកាន់តែធុញទៅៗ ភ្ញាក់ពីគេងទាំងអារម្មណ៍មិនល្អ អស់កម្លាំង និងងងុយគេងមិនចង់ចុះពីគ្រែសោះ? នៅពេលសម្លេងនាឡិការោរិ៍អ្នកតែងតែមានអារម្មណ៍ថា ខ្លួនគេងមិនទាន់គ្រប់គ្រាន់  និងឈឺក្បាល​ ហើយមិនព្រមងើបចុះពីគ្រែឡើយ សុខចិត្តយកដៃចុចបិទសម្លេងនាឡិកា ហើយគេងបន្ត។តើវាបណ្តាលមកពីអ្វី?

បញ្ហាទាំងនេះគឺដោយសារតែអ្នកមិនបានយកចិត្តទុកដាក់ និងគិតទៅលើសកម្មភាពក្រោយពេលភ្ញាក់ពីគេងជារៀងរាល់ព្រឹករបស់អ្នក។ 

ពេលព្រឹកគឺជាវេលាមួយនៃជីវិតក្នុងការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ហើយក៏ជាពេលមួយដែលអ្នកគួតែធ្វើនូវសកម្មភាពណាដែលអាចនាំអ្នកឲរីករាយនិងស្រស់ស្រាយផងដែរ។ បុគ្គលជោគជ័យល្បីៗជាច្រើនរូបតែងតែធ្វើទម្លាប់ពេលព្រឹករបស់ពួកគេជារៀងរាល់ព្រឹកដោយប្រុងប្រយ័ត្ន ក្នុងការកំណត់សកម្មភាព ប្រចាំថ្ងៃរបស់ពួកគេឲមានភាពស្រស់បំព្រងនិងមានសេចក្តីសុខក្នុងពេលវេលា ដែលនៅសេសសល់ពេញមួយថ្ងៃ។ ដូច្នេះអ្នកគួតែមានទម្លាប់ល្អនាពេលព្រឹក ក្រោយពេលភ្ញាក់ពីគេង។

ខាងក្រោមនេះគឺជាទម្លាប់ដែលបុគ្គលជោគជ័យគ្រប់រូប តែងតែអនុវត្តន៍ក្រោយពេលភ្ញាក់ពីគេងនៅពេលព្រឹក:

១) ធ្វើការកំណត់នូវអ្វីដែលអ្នកត្រូវធ្វើឱ្យហើយមុនពេលចូលគេង

យើងអាចនិយាយថា វាមិនមែនជាទម្លាប់ពេលព្រឹកទេ ប៉ុន្តែវាជាទម្លាប់មួយដែលអ្នកគួតែធ្វើនៅមុនពេលចូលគេង ដោយរៀបចំផែនការសម្រាប់ថ្ងៃស្អែកប្រកបដោយភាពជឿជាក់ និងមានក្តីសង្ឃឹមថានឹងធ្វើវាឲកើតឡើង។ នៅពេលដែលអ្នកបានកំណត់វារួចរាល់ អ្នកនឹងមានគោលដៅច្បាស់លាស់សម្រាប់ថ្ងៃស្អែក ​អ្នកនឹងចូលគេងប្រកបដោយភាពរីករាយ និងរងចាំថ្ងៃថ្មីមកដល់ឆាប់ៗដើម្បីធ្វើវា។ ដូច្នេះនៅពេលដែលនាឡិកាចាប់ផ្តើមរោរិ៍អ្នកនឹងភ្ញាក់ស្វាគមន៍ថ្ងៃថ្មីប្រកបដោយភាពរីករាយនិងស្រស់ស្រាយជាក់ជាមិនខាន។

២) ការធ្វើសម្មាធិ

ការធ្វើសម្មាធិស្តាប់ទៅអាចជារឿងធម្មតា ប៉ុន្តែវាពិតជាមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់អ្នក។ ការធ្វើសម្មាធិគឺអាចជួយសម្អាតចិត្តរបស់អ្នកឱ្យស្ងប់ និងជម្រះនូវការគិតបែបអវិជ្ជមានទាំងឡាយជាពិសែសនោះ គឺធ្វើអោយអ្នកស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់។ អ្នកគួតែធ្វើសម្មាធិនៅពេលព្រឹកយ៉ាងហោចណាស់ ២០ទៅ៣០នាទីជារៀងរាល់ព្រឹក ស្វែងរកកន្លែងស្ងាត់ល្អនិងផ្តោតអារម្មណ៍ទៅលើការដកដង្ហើមចេញចូលរបស់អ្នក។​ ដំបូងវាអាចរាងពិបាកបន្តិច​ ប៉ុន្តែយូរៗទៅអ្នកនឹងទទួលបានលលទ្ធផលល្អ។

៣) ការធ្វើលំហាត់ប្រាណ

ការហាត់ប្រាណនៅពេលព្រឹក គឺជាទម្លាប់ដ៏ល្អមួយដែលអ្នកគួតែធ្វើជារៀងរាល់ព្រឹក។ អ្នកគួណាស់តែធ្វើលំហាត់ប្រាណឲបានយ៉ាងហោចណាស់ ១៥ ទៅ ៣០នាទីនៅពេលព្រឹក​ ដូចជាការរត់ឬការពត់ខ្លួនជាដើម។ វាជួយបណ្តេញជាតិពុលក្នុងខ្លួនតាមរយៈការបែកញើស ដែលធ្វើឲអ្នកមានអារម្មណ៍ស្រស់ស្រាយស្វាហាប់ នឹងបំបាត់ភាពខ្ជិលក្នុងខ្លួនអ្នក។ ដូច្នេះថ្ងៃថ្មីរបស់អ្នកប្រាកដជាស្រស់បំព្រងជាមិនខាន។

៤) ការអាន

តាមការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថាការអាន គឺជាចំណីអាហារដ៏សំខាន់ដែលខួរក្បាលត្រូវការជាចាំបាច់។ អ្នកអាចធ្វើការអានសៀវភៅបានគ្រប់ពេលវេលាដែលអ្នកទំនេរ ប៉ុន្តែពេលព្រឹកក្រោយភ្ញាក់ពីគេង គឺជាពេលដែលគួតែអានជាប្រចាំ។ វាធ្វើឱ្យអ្នកមានអារម្មណ៏ល្អទទួលចំណេះដឹងថ្មីៗ និងមានកម្លាំងបន្តសកម្មភាពក្នុងថ្ងៃថ្មីរបស់អ្នកដោយក្តីរករាយ។

៥) ធ្វើការគិតទៅលើក្តីស្រម៉ៃរបស់អ្នក

ក្តីស្រម៉ៃគឺជាកម្លាំងចិត្តដ៏ខ្លាំងខ្លាមួយ ដែលជម្រុញអ្នកឱ្យមានក្តីសង្ឃឹមនិងតស៊ូទៅមុខទៀត។ អ្នកត្រូវគិតថា​ អ្នកកំពុងតែបំពេញគោលដៅរបស់ខ្លួន មានអារម្មណ៍ថាវាកំពុងតែកើតឡើង ហើយនិងមិនយូរទៀតទេ អ្នកនឹងសម្រេចវា។  វាជាទម្លាប់មួយ ដែលដាស់តឿនអ្នកកុំឱ្យខ្ចិល និងបាក់ទឹកចិត្តក្នុងការសម្រេចក្តីស្រម៉ៃ។

៦)ចៀសវាងការកាន់ទូរស័ព្ទក្រោយពេលដែលអ្នកភ្ញាក់ពីគេង

 ភ្ញាក់ពីគេងភ្លាមកាន់ទូរស័ព្ទភ្លាម វាគឺពិតជាទម្លាប់ដ៏អាក្រក់មួយដែលអ្នកគួរតែជៀសវៀង។ តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ទម្លាប់បែបនេះនឹងធ្វើឲអ្នកកាន់តែងប់ងល់នឹងទូរស័ព្ទ គ្រឿងឧបករណ៍អេឡិចត្រូនិច ហើយខ្ចិលមិនចង់ធ្វើអ្វីទាំងអស់។ អ្នកត្រូវលៃលកពេលវេលាឱ្យសមស្រប ក្នុងការប្រើប្រាស់វាយ៉ាងហោចណាស់ក៏ត្រូវធ្វើទម្លាប់ខាងលើឱ្យបានមុនដែរ។ 

ទម្លាប់ទាំង៦ខាងលើនេះនឹងជួយកែ្រប្រែជីវិតអ្នកឱ្យល្អប្រសើរ ប្រសិនបើអ្នកអនុវត្តន៍វានាពេលព្រឹកជាប្រចាំ៕