ជក់ សុភានិស្សិតអាហារូបករណ៍ អក្សរសាស្រ្តខ្មែរ នៅប្រទេសជប៉ុន៖ បរទេសកោតសរសើរ វប្បធម៌ខ្មែរ

បន្ទាប់ពីបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិយុវជន ជក់ សុភា បានសម្រេចចិត្តចូលសិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អក្សរសាស្រ្តខ្មែរ ជាមុខវិជ្ជាដែលមនុស្សមួយចំនួន ពុំសូវឲ្យតម្លៃច្រើន ដោយយល់ថាមុខវិជ្ជានេះពុំសូវសម្បូរទីផ្សារការងារ និង ជាមុខវិជ្ជា ដែលមនុស្សភាគច្រើនយល់ទៀតថាជាភាសាកំណើតរបស់ខ្លួន។

ការជម្នះរាល់ឧបសគ្គ និងការប្រឹងប្រែងតស៊ូ ក្នុងការសិក្សា បានផ្តល់ឲ្យនូវលទ្ធផលគួរជាទីពេញចិត្ត សម្រាប់សុភា។ ជាក់ស្តែង នៅឆ្នាំទី៣ សុភា បានជាប់អាហារូបករណ៍ ទៅផ្លាស់ប្តូរការសិក្សានៅប្រទេសមួយដែលមានការរីកចម្រើនគ្រប់វិស័យ និង ក៏ជាទីដែលនិស្សិតជាច្រើនប៉ងប្រាថ្នាទៅសិក្សា រយៈពេលមួយឆ្នាំ។

តើនិស្សិតអក្សរសាស្រ្តខ្មែរត្រូវធ្វើយ៉ាងណាខ្លះ ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនរយៈពេលមួយឆ្នាំនេះ?​

និស្សិតអាហារូបករណ៍មុខវិជ្ជាអក្សរសាស្រ្តខ្មែររូបនេះ បានរៀបរាប់ថា៖« ជាការពិតណាស់ មុននឹងឈានមកដល់ពេលនេះខ្ញុំត្រូវបានឆ្លងកាត់ការលំបាកជាច្រើន ណាមួយខ្ញុំត្រូវបានមនុស្សមួយចំនួន រិះគន់ពេបជ្រាយថា«រៀនអ្វីមិនរៀនមករៀនអក្សរសាស្ត្រខ្មែររៀន១២ឆ្នាំហើយមិនឆ្អែតទេអី... រៀនទៅចេះតែខ្មែរ គ្មានបានទៅណាទៅណីទេ...” ។

ពាក្យពេចន៍ទាំងនេះដែលកាន់តែធ្វើឲ្យសុភាខំស្រឡាញ់មុខវិជ្ជានេះទ្វេដង។ មិនត្រឹមតែប៉ុណ្ណោះ​ និស្សិតជាប់អាហារូបករណ៍ ទៅផ្លាស់ប្តូរការសិក្សានៅប្រទេសជប៉ុនរូបនេះបានទទួលការលើកទឹកចិត្តយ៉ាងពេញទំហឹងពីសំណាក់គ្រួសារ ជាពិសេស លោកក៏ទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។  

ក្រោយមករហូតដល់ឆ្នាំទី២លោកត្រូវបានសាកលវិទ្យាល័យ ដាក់ឈ្មោះឲ្យប្រឡងមកផ្លាស់ប្តូរការសិក្សា នៅជប៉ុន តាមរយៈការរើសយកអ្នកពិន្ទុខ្ពស់មកប្រឡងជាភាសាអង់គ្លេស។

លោក បញ្ជាក់ថា៖« វាដូចជាយល់សប្តិមួយទាំងថ្ងៃដែលខ្ញុំអាចមករៀននៅប្រទេសមួយ ដែលខ្ញុំមិនដែលនឹកស្មាន។ហើយជាប្រទេសដែលមនុស្សគ្រប់គ្នា ប៉ងប្រាថ្នាដើម្បីទៅបន្តការសិក្សាឬ រស់នៅ»។ លោក បានមកបន្តការផ្លាស់ប្តូរមកសិក្សាក្នុងសាកលវិទ្យាល័យតូក្យូ(Tokyo University Of foreign Studies) ជាមួយនឹងនិស្សិតបរទេសផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយបញ្ហាប្រឈមនានាតែងតែកើតមានឡើង សម្រាប់និស្សិតដែលបន្ត ការសិក្សានៅបរទេស។

យុវជន វ័យ ២០ ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា លោកមិនបានរៀនត្រៀម ភាសាជប៉ុនមុនទៅបន្តការសិក្សានៅ ប្រទេសជប៉ុននោះឡើយ ហើយប្រទេសជប៉ុននេះទៀតសោត ភាសាអង់គ្លេសត្រូវបានប្រើប្រាស់តិចតួចបំផុត ម៉្លោះហើយវាជារឿងមួយលំបាកសម្រាប់លោក ។

ម្យ៉ាងវិញទៀត ការមកដល់ដំបូងវាហាក់បីដូចជាប្លែកសម្រាប់រូបលោក ដែលក្នុងនោះរួមមាន  វប្បធម៌ សីលធម៌ សុជីវធម៌ មួយចំនួនដែលលោកមិនធ្លាប់ជួបសោះពីមុនមក។

តែយ៉ាងណាក៏ដោយ លោកអះអាងថា ការមករស់នៅទីនេះ ពុំសូវមានការលំបាកជាដុំកំភួននោះទេ ព្រោះខាងភាគីជប៉ុន គេបានរៀបចំឲ្យទាំងអស់សម្រាប់និស្សិតខ្មែរដែលបន្តការសិក្សានៅទីនោះ។

អ្វីដែលរូបលោកចាប់អារម្មណ៍បំផុតនោះគេ៖«គេថែយើងប្រៀបបានដូចជាកូនម្នាក់នៅក្នុងគ្រួសារដែលនៅក្នុងសាកល មានដេប៉ាតឺម៉ង់ ភាសាខ្មែរ ហើយអ្នកគ្រូ ដែលជាប្រធានដេប៉ាតឺម៉ង់នោះ គាត់មើលថែយើងបានយ៉ាងល្អ។ហើយក៏មិនមានភាពឯកានោះដែរ ព្រោះយើងមាន Tutorដែលជាជួយយើងគ្រប់ពេលវេលា ហើយពួកគេត្រូវបានរដ្ឋាភិបាល​ឧបត្ថម្ភ ។

លោក បន្តថាវាហាក់ដូចជាសំណាងរបស់លោក ដោយសារតែ ក្រុមគ្រួសារថ្មីមួយទៀតនៅប្រទេសជប៉ុន ដែលហៅថា​ Home stay or host Family ជាជនជាតិអាមេរិកាំង ហើយគាត់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យមួយ។

លោក ថា ជាទូទៅនៅពេលទំនេរ ក្រុមគ្រួសារនៅប្រទេសជប៉ុនរបស់លោក តែងជួយគ្នា ជជែកគ្នាផ្លាស់ប្តូរគំនិត វប្បធម៌ និងស្វែងយល់ពីគំនិតថ្មីៗ បែបលោកសេរី។ប្រទេសជប៉ុនជាកូននាគមួយនៅអាស៊ីប្រជាជនជប៉ុនយល់ដឹងខ្លាំងពីច្បាប់ និងសុជីវធម៌។

ស្របពេលជាមួយគ្នានេះ កាលពីខែវិច្ឆិកាកន្លងទៅនេះ លោក បានចូលរួមធ្វើជាTutor សម្រាប់សិស្សអនុវិទ្យាល័យដែលមកពីខ្មែរ ចូលរួមកម្មវិធី សិស្សអនុវិទ្យាល័យ មកពីបណ្តាលប្រទេសអាស៊ានទាំង១០ហើយចំណុចដែលលោកចែករំលែកពី បទពិសោធន៍ដែលរស់នៅប្រទេសជប៉ុន គឺ៣ចំណុច  ទីមួយគឺជប៉ុនជាបន្ទាត់ មានន័យថារាល់ពេលរាល់វេលាទោះជាអ្នកណាបើចង់ធ្វើអ្វីមួយ ត្រូវតម្រង់ជួរជាដាច់ខាត។ ទី២គឺ ជប៉ុនជានាឡិកាការណាត់ម៉ោងប៉ុន្មាន គឺម៉ោងប៉ុណ្ណោះ មិនអាចយឺតបានទេ។ ចំណុចចុងក្រោយគឺជប៉ុនជាភ្លើងស្តុបជនជាតិជប៉ុនគឺគោរពច្បាប់ណាស់ ជាក់ស្តែងច្បាប់ចរាចរណ៍ ការផ្តល់សិទ្ធអ្នកដើរមានសិទ្ធជាងអ្នកជិះកង់ជិះម៉ូតូ ជិះឡាន ពោលគឺគេឲ្យទៅមុនជានិច្ច។ មួយវិញទៀតបញ្ហាសន្តិសុខ ក៏ល្អណាស់ពុំមានចោរលួចប្លន់នោះទេ។

ការសិក្សានៅប្រទេសជប៉ុន

ការសិក្សាសម្រាប់ការផ្លាស់ប្តូរនេះត្រូវបានសិក្សាជាពីរភាសាគឺ ភាសាជប៉ុន និងអង់គ្លេស ដោយភាសាជប៉ុន ៥ថ្ងៃក្នុងមួយសប្តាហ៍និងភាសាអង់គ្លេស គឺនិស្សិតអាចសិក្សាតាមចំណង់ចំណូលចិត្ត។ ប៉ុន្តែ ចំណុចមួយដែលមានការខុសប្លែកពីខ្មែរត្រង់ការសិក្សាតាមប្រព័ន្ធក្រេឌីត គឺនិស្សិតអាចត្រូវយកមុខវិជ្ជា ដែលចូលចិត្តហើយមុខវិជ្ជានោះច្រើនម៉ោងជាងគេបន្តិចធ្វើយ៉ាងណាឲ្យតែបំពេញក្រេឌីត រីឯកម្ពុជាគឺសិក្សាតាមប្រព័ន្ធក្រេឌីតតែ មុខវិជ្ជារៀនត្រូវបានរៀបចំ។

នៅប្រទេសជប៉ុន លោក បានជ្រើសរើសមុខវិជ្ជា៣សម្រាប់ឆមាសទី១គឺ ទេវកថាជប៉ុន ទេវកថាក្រិច ភាសាវិទ្យា និងការបង្កើតភាពយន្តវប្បធម៌ និង ការទំនាក់ទំនង របស់ឥណ្ឌា។

លោកបាននិយាយថា៖«ម្យ៉ាងវិញទៀត ការសិក្សាភាសាជប៉ុន មានការលំបាកបន្តិច ពោលគឺទម្រង់វេយ្យាករណ៍ខុសពីខ្មែរប្រធាន កម្មបទ កិរិយា វាដូចនឹងភាសាបាលី និងសំស្ក្រឹតទៅវិញ ដូច្នេះត្រង់ចំណុចនេះ ពិបាកណាស់ព្រោះខួរក្បាលរត់មិនទាន់។ សរុបមកប្រទេសជប៉ុន ជាប្រទេសមួយសម្រាប់លោកសិក្សាគ្រប់ពេលវេលាតាំងពីវប្បធម៌ ការគោរពអធ្យាស្រ័យគ្នា​ សីលធម៌ក្នុងការរស់នៅ តាំងពីការគេង ការហូបការដើរ ... វាមានច្រើន ហើយវាជារឿងថ្មីមួយសម្រាប់ខួរក្បាល។ ស្ទើតែគ្មានការបារម្ភពីអ្នកផ្ទះព្រោះនៅទីនេះគេថែរក្សាបានល្អ ទាំងសុខភាព និងការហូបចុកទៀតសោត។ បច្ចេកទេសក្នុងការបង្រៀនសម្ភារៈឧបទេស ធ្វើឲ្យសិស្សគ្រប់គ្នាកាន់តែចង់រៀន ហើយជាចំណុចមួយដ៏៏សំខាន់សម្រាប់ខ្ញុំសម្រាប់ជាបទពិសោធន៍ និងចែករំលែកវាទៅកាន់ លោកគ្រូអ្នកគ្រូនឹងមិត្តភក្តិខ្ញុំទៀតផង»។

ការផ្សព្វផ្សាយប្រពៃណីវប្បធម៌ខ្មែរ

មកដល់ប្រទេសជប៉ុន មានរឿងមួយដែលគួរឲ្យសោកស្តាយពោលគឺមានជនជាតិជប៉ុនមួយចំនួន មិនស្គាល់ខ្មែរ កម្ពុជា ពេលខ្លះគេនិយាយថៃមកនិស្សិតកម្ពុជា ដោយគិតថាជនជាតិថៃ។

ប៉ុន្តែ លោក ចាត់ទុកថាវាជារឿងតូចចិត្តមួយសម្រាប់លោក តែជារឿងបណ្តុះចិត្តខ្ញុំ ឲ្យខំប្រឹងបង្ហាញអ្វីដែលវប្បធម៌ខ្មែរជាក់ស្តែង លោក បានរៀប់រាប់ពីពីសារៈប្រយោជន៍ នៃក្រមាខ្មែរ ទៅកាន់ប្រជាជនជប៉ុនទាំងនោះហើយពួកគាត់ស្ងប់ស្ញែងកម្ពុជាយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ លោកបានបង្ហាញនូវចំណេះដឹង វប្បធម៌ដ៏តិចតួចរបស់ខ្លួន ចំនួនពីរដងមកហើយ កាលពីពេលថ្មីនេះៗ នៅកម្មវិធីមួយMIA ដែលនិស្សិតបរទេស មួយចំនួនចូលមកបង្ហាញសិល្បៈរបស់ប្រទេសគេ មាន ថៃ ចិន វៀតណាម ឥណ្ឌ និងប្រទេសជាច្រើនទៀត ក្នុងនោះគេឲ្យ បង្ហាញរបាំប្រជាប្រិយប្រទេសនីមួយៗតែសម្រាប់កម្ពុជា លោក បានសុំថែមមួយទៀតគឺបង្ហាញពី ឧបករណ៍ឯកតន្ត្រី ឬ សាដៀវនិងរបាំប្រជាប្រិយគឺ ឡាំលាវ ។

ជារឿងមោទនៈមួយ ជាលើកដំបូងសម្រាប់កម្មវិធីនេះដែលមានខ្មែរមកបង្ហាញ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយទស្សនិកជន បាននិយាយថា”របាំខ្មែរទន់ភ្លន់ ពិបាកជាងថៃ...ដែលនេះជារឿងដ៏សប្បាយរីករាយមួយ។

ក្រៅពីនេះ បន្ទាប់មកទៀតមានកម្មវិធីបុណ្យសាលាលោកបានជួយសម្តែងជា តួនាម្មឺន និងស្មូត ក្នុងរឿងទុំទាវនេះ។ សំណាងល្អណាស់ ដែលខ្ញុំបានយកក្បិនមកពីខ្មែរហើយកម្ពុជាបានបង្ហាញពីវប្បធម៌យើង ទៅកាន់គេដទៃ នេះក៏ជារឿងចូលរួមចំណែកមួយ សម្រាប់ជួយជាតិហើយលោកតែងតែនិយាយថា «ស្លាប់ទៅឲ្យមានមុខជួបដូនតាព្រោះយើងបានជួយជាតិ»។ 

ជាមួយគ្នានេះដែរ យុវជនជក់ សុភា បានសំណូមពរ ឲ្យរដ្ឋាភិបាលជប៉ុន ជួយបន្តការផ្តល់អាហារូបករណ៍ ដល់កម្ពុជាគ្រប់រូបភាព ដើម្បីជាការបន្ថែមនូវ ចំណេះដឹងមួយថ្មីទៀតងាកមកជួយអភិវឌ្ឍប្រទេសកម្ពុជា ឲ្យជឿនលឿដូចជប៉ុន ក៏ដូចជា សិស្សនិស្សិតមករៀនបន្តគប្បី ស្វែងយល់ពីវប្បធម៌ ការរស់នៅ ច្បាប់ ភាសាគេ និងភាសាអង់គ្លេសជាមុន ឲ្យខ្លាំង។មិនត្រឹមតែប៉ុណ្ណោះ យុវជន ក៏ត្រូវស្វែងយល់ពី វប្បធម៌សិល្បៈខ្លួនផងព្រោះសង្គមជាតិមួយ ត្រូវការការចូលរួមពីសំណាក់យុវជន ក្នុងការផ្សព្វផ្សាយបន្ត។ ត្រង់នេះក៏សូមសំណូមពរទៅកាន់សិស្សទាំងអស់ដែលបន្តមកសិស្សនៅបរទេស គប្បីយល់ពីវប្បធម៌ សិល្បៈរបស់ខ្លួននិងត្រូវចេះពីសិល្បៈរបស់ខ្លួនខ្លះ កុំឲ្យមកខ្លួនទទេ មិនចេះ មិនយល់ពីសិល្បៈខ្មាសជាតិដទៃ។

សម្រាប់គោលបំណងទៅថ្ងៃអនាគតនិស្សិត ជក់ សុភា ចង់ក្លាយជាគ្រូកម្រិតឧត្តម ឬ បម្រើការងារនៅតាមបណ្តាស្ថានីយ៍ ជាការងារដែលលោក គិតថា នឹងអាចប្រើប្រាស់ចំណេះដឹងដែលលោកមានពីការសិក្សាមុខវិជ្ជាអក្សរសាស្រ្តខ្មែរ ដើម្បីទៅ បម្រើឲ្យការអភិវឌ្ឍសង្គមជាតិ។ 

អត្ថបទដោយ សរ ពិសី