កម្មវិធីមួយនេះបានធ្វើឡើងតាំងពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣១ខែ មករាឆ្នាំ ២០១៦នៅទីក្រុង ឆាងវុននៃសាធារណរដ្ឋកូរ៉េ ដែលមានបេក្ខជន ៩២នាក់មកពីប្រទេសដែលជាសមាជិក អាស៊ានបូក៣ក្នុងនោះដែរមានបេក្ខជន៦នាក់គឺ ជាជនជាតិខ្មែរ ដែល៣នាក់មកពីសាលា ប៊ែលធីហើយ៣នាក់ទៀតមកពីសាលា ហ្ស៊ាម៉ាន់។
ជាកូនច្បងនៅក្នុងចំណោមបងប្អូនទាំងពីរនាក់ហើយមានអាយុទើបតែ ១៥ឆ្នាំ លោកសកល បាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ ដែលបាននាំយកមកនូវកិត្តិយសមកជូនជាតិ គ្រួសារនិង ខ្លួនខ្ញុំផ្ទាល់»។
សកល បានបញ្ជាក់ថាដើម្បីបានចូលរួមនៅក្នុងកម្មវិធីមួយនេះ យើងត្រូវតែជាសិស្សពូកែដែលសិក្សាថ្នាក់ភាសាអង់គ្លេស និងខ្មែរ នៅសាលា ប៊ែលធីអន្តរជាតិ ហើយត្រូវឆ្លងកាត់ការប្រលងជាមួយបេក្ខជនដទៃទៀតដែលមកពីសាខាផ្សេងទៀតនៃសាលា ប៊ែលធីអន្តរជាតិ ដើម្បីយកបេក្ខជនឆ្នើម៣នាក់ អោយទៅប្រកួតប្រជែងនៅកម្មវិធីនោះ។
នៅក្នុងការប្រកួតនោះ សកលត្រូវតម្រូវអោយចូលរួមធ្វើបទបង្ហាញជាក្រុមដែលមានសមាជិក៩នាក់ មកពីប្រទេសផ្សេងគ្នា ហើយត្រូវប្រកួតជាមួយក្រុមទាំង៧ផ្សេងទៀត។ ជាលទ្ធផលក្រុមរបស់ សកលបានក្លាយជាម្ចាស់ជ័យលេភីមេដាយមាស។ សកលបាននិយាយទាំងមានភាពជឿជាក់ថា សាម្គីភាពពិតជាសំខាន់ណាស់ ដើម្បីទទួលបានភាពជោគជ័យ។
នេះមិនមែនជាលើកទីមួយទេដែល សកលចូលរួមនូវកម្មវិធីធ្វើបទបង្ហាញជាសាធារណៈ ពោលគឺគេធ្លាប់ចូលរួមធ្វើបទបង្ហាញបែបនេះពីរលើករួចមកហើយ។
សកល ក៏បានចែករំលែកពីវិធីសាស្ត្រមួយចំនួនដើម្បីអោយការធ្វើបទបង្ហាញមានប្រសិទ្ធិភាពផងដែរ ពោលគឺដំបូងយើងត្រូវមានការរៀបចំអោយបានរៀបរយដូចជា ការស្វែងយល់អំពីប្រធានរបស់ខ្លួនបានច្បាស់លាស់និង ត្រូវរៀបចំសម្ភារៈដែលយើងចង់បង្ហាញទៅទស្សនិកជនអោយបានគ្រប់គ្រាន់។រីឯពេលនៅលើឆាកវិញ យើងត្រូវតែបង្ហាញទស្សនិកជនថា ខ្លួនមានភាពជឿជាក់ ពោលគឺ យើងគួរព្យាយាមគិតថាទស្សនិកជននៅខាងមុខយើងគឺគ្រាន់តែជាអ្នកមកស្តាប់យើងតែប៉ុណ្ណោះ ហើយអ្នកធ្វើបទបង្ហាញត្រូវតែព្យាយាមមើលនិងបញ្ចេញកាយវិការទៅទស្សនិកជនរឺ គណៈកម្មការ អោយបានកាន់តែច្រើនកាន់តែល្អ។ ចុងក្រោយនោះគឺ អ្នកធ្វើបទបង្ហាញគួរតែចេះលើកដាក់សំលេងរបស់ខ្លួនអោយបានល្អផងដែរ។
សកលបានប្រាប់ថា ភាសាអង់គ្លេសរបស់ខ្លួនរីកចម្រើន គឺដោយសារតែគេចូលចិត្តមើលវីដេអូដែលនិយាយភាសាអង់គ្លេសហើយគេអាចរៀនស្តាប់ និងនិយាយតាមរយៈវីដេអូទាំងនោះផងដែរ។
ស្ថិតនៅក្នុងគ្រួសារមួយដែលមានលទ្ធភាពអាចអោយសកល ទៅសិក្សានៅសាលាល្អក៏ដោយ ប៉ុន្តែ គេនៅតែមានឧបសគ្គដែលមករាំងស្ទះការសិក្សាគេផងដែរពោលគឺ សកល មានជំងឺរលាគសន្លាក់ ដែលតម្រូវអោយគេត្រូវទៅព្យាបាលនៅប្រទេសថៃពី ៣ទៅ៦ខែម្តង។ទោះបីជាយ៉ាងណាក៏ដោយ សកល នៅតែអាចព្យាយាមពុះពាររាល់ឧបសគ្គ ដើម្បីអាចឈានមកដល់លទ្ធផលមួយដែលល្អប្រសើរនៅថ្ញៃខាងមុខ។
ចុងក្រោយសកល បានផ្តាំផ្ញើទៅយុវវ័យដូចជារូបគេ អោយចេះស្តាប់ឪពុកម្តាយ និង លោកគ្រូអ្នកគ្រូ ហើយត្រួវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន៕
អត្ថបទ ដោយ ជាតេញ