ភ្នំពេញ ៖ អ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យ ដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំ និងទទួលបានភាពជោគជ័យនៅក្នុងវិស័យមួយនេះ បានលើកឡើងថា មិនថាជាការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ឬវិស័យដទៃទៀតនោះទេ អ្វីដែលជាចំណុចសំខាន់ និងចាំបាច់បំផុតត្រូវតែមាន គឺចំណេះផ្នែកហិរញ្ញវត្ថុ ត្បិតចំណេះដឹងមួយនេះ អាចធ្វើមានឥទ្ធិពលទាំងល្អ និងអាក្រក់មកលើដំណើរការនៃមុខជំនួញបាន។
នាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អុិន ណាង ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន បានធ្វើការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកថា គ្រប់ការប្រកបមុខជំនួញណាមួយក៏ដោយ ក្រៅពីមានផែនការអាជីវកម្ម គោលដៅដែលត្រូវធ្វើដំណើរឆ្ពោះទៅ យុទ្ធសាស្ត្រទីផ្សារ រួមជាមួយនឹងថវិកាដែលជាដើមទុនដំបូងនោះ គឺចាំបាច់ត្រូវតែមាននូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
លោក អុិន ណាង បានមានប្រសាសន៍យ៉ាងដូច្នេះថា “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺមានសារសំខាន់បំផុតនៅក្នុងការធ្វើអាជីវកម្មផ្សេងៗ បើគ្មានចំណេះដឹងហិរញ្ញវត្ថុនោះទេ មុខជំនួញអាចនឹងជួបហានិភ័យខ្ពស់ ដែលប្រឈមទៅនឹងការខាតបង់យ៉ាងប្រាកដ”។
លោកបានបញ្ជាក់ថា “នៅក្នុងការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យ មិនថាចំពោះការវិនិយោគ ឬជាការបណ្តាក់ទុនអភិវឌ្ឍន៍គម្រោងណាមួយនោះឡើយ គឺត្រូវតែមាននូវចំណេះដឹងហិរញ្ញវត្ថុឱ្យបានរឹងមាំជាចាំបាច់ ដើម្បីជៀសវាងបង្កើតនូវហានិភ័យទៅថ្ងៃក្រោយ។ ការមាននូវចំណេះដឹងហិរញ្ញវត្ថុច្បាស់លាស់ គឺជាកត្តាមួយយ៉ាងសំខាន់សម្រាប់ធ្វើជាដើមទុនក្នុងរយៈពេលយូរអង្វែង ទៅលើការវិភាគ បែងចែកទៅលើចំណូលចំណាយនៃដំណើរប្រត្តិការ”។
លោកបានលើកជាឧទារហ៍ថា ប្រសិនអ្នកទិញដីសម្រាប់វិនិយោគដោយរំពឹងថា អាចទទួលបានចំណេញត្រឡប់មកវិញក្រោយពេលលក់ចេញក្នុងរយៈពេលមួយ ទាំងដែលខ្លួនអ្នកមិនមានលុយគ្រប់គ្រាន់ ហើយប្រើប្រាក់កម្ចីពីធនាគារបង្គ្រប់ លុះពេលស្ថានការណ៍ប្រែប្រួល មិនអាចលក់ដីចេញវិញ ដែលក្រៅពីមិនបានទទួលប្រាក់ចំណេញដូចការគិត ថែមទាំងប្រឈមនឹងការខាតបង់ទៅលើការប្រាក់ធនាគារទៀត។ ទាំងនេះគឺបណ្តាលមកពីកង្វះខាតចំណេះដឹងហិរញ្ញវត្ថុ។
មួយវិញទៀត ឧទាហរណ៍ថា អ្នកទិញដីសម្រាប់អភិវឌ្ឍន៍ជាលំនៅដ្ឋានសម្រាប់លក់ ដោយរំពឹងថា នឹងទទួលបានចំណេញខ្ពស់ត្រឡប់មកវិញ ទាំងដែលខ្លួនមិនមានដើមទុនតម្កល់ទុកអភិវឌ្ឍន៍គ្រប់គ្រាន់ ហើយរំពឹងកម្ចីធនាគារសម្រាប់បន្តដំណើរការសាងសង់ ដោយសង្ឃឹមថាអាចនឹងយកចំណូលពីអតិថិជនដែលបានទិញគម្រោងបង់រំលោះប្រចាំខែសង់ត្រឡប់ទៅធនាគារវិញ ប៉ុន្តែចៃដន្យស្ថានការណ៍ទីផ្សារ ឬតម្រូវការទីផ្សារប្រែប្រួល ឬអតិថិជនដែលបានទិញគម្រោងជួបវិបត្តិហិរញ្ញណាមួយមិនមានលទ្ធភាពបង់ នោះអ្នកនឹងជួបហានិភ័យបន្តពីអតិថិជន ដែលទាំងអស់នេះក៏បណ្តាលមកពីកង្វះខាតនៃចំណេះដឹងហិរញ្ញវត្ថុ ខ្វះការពិចារណា ខ្វះការបែងចែងពីរចន្តសាច់ប្រាក់សម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍គម្រោង។
និយាយជារួម គ្រប់ការប្រកបអាជីវកម្មទាំងអស់ រាប់ទាំងវិស័យអចលនទ្រព្យ មុនពេលសម្រេចចិត្តចូលប្រឡូក ចាំបាច់គឺត្រូវតែមានចំណេះដឹងហិរញ្ញវត្ថុឱ្យបានរឹងម៉ាំបំផុត ដើម្បីគេចចេញពីហានិភ័យនៃអាជីវកម្ម៕