សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ឈានដល់ការដើរលើវិថីជាគូជីវិត ឬនិយាយក្នុងភាសាសាមញ្ញថា"រៀបការ"គឺជាការសម្រេចចិត្តដ៏ធំមួយសម្រាប់មនុស្សពីរនាក់ មិនថាអ្នកទាំងពីរចាប់ផ្តើមពីគូសង្សារ ឬមួយឪពុកម្តាយផ្សំផ្គុំឱ្យនោះទេ ព្រោះថាអ្នកត្រូវទទួលយកការផ្លាស់ប្តូរថ្មី ដោយពុំមែនរស់នៅតែខ្លួនមួយដូចពីមុនឡើយ។ យ៉ាងណាមិញ ការសម្រេចចិត្តច្បាស់លាស់ ប្រាកដប្រជា ប្រកបដោយការត្រៀមខ្លួនទទួលខុសត្រូវនោះជារឿងសំខាន់ ព្រោះថាអ្នកជាមនុស្សទទួលខុសត្រូវលើការសម្រេចចិត្តនេះផ្ទាល់ ហើយការសម្រេចចិត្តនេះជាការកំណត់នូវសុភមង្គលជីវិតរបស់អ្នកនៅពេលអនាគត ដែលត្រូវជួបចៀសមិនផុត។ តាមរយៈសំណួរខ្លះៗពីអ្នកមានបទពិសោធជោគជ័យនៃជីវិតគូមុនៗ ក៏បានបង្ហាញដូចៗគ្នាសម្រាប់យើងជាអ្នកដែលត្រូវត្រៀមជួបជីវិតគូពេលខាងមុខ អាចពិចារណាជាទុនមុនការសម្រេចចិត្ត ដូចខាងក្រោមនេះ៖
១.តើអ្នកចេះអត់ធ្មត់ និងបានស្វែងយល់ពីអត្តចរិតដៃគូបានក្រមិតណា?
ជាគូជីវិតទៅមុខ មានន័យថាអ្នកបានស្វែងយល់ច្បាស់ពីបុគ្គលិកលក្ខណៈរឿងរ៉ាវ និងគោលដៅអនាគតរបស់ដៃគូនិងខ្លួនអ្នកបានច្រើនរួចមកហើយ។ នេះមានន័យថាអ្នកត្រូវប្រាកដខ្លួនឯងថានឹងអាចទទួលយកចំណុចខ្វះខាតណាមួយដែលដៃគូមាន ហើយចេះទទួលយកវាដោយការអភ័យទោសឱ្យ និងការអត់ធ្មត់របស់អ្នកសម្រាប់ឈ្មោះជាជីវិតប្តីប្រពន្ធ បន្ថែមពីនោះការស្វែងយល់បានច្បាស់ពីគោលដៅរួមគ្នារបស់អ្នក និងដៃគូគឺរួមចំណែកដល់អនាគតជីវិតគ្រួសារអ្នកកាន់តែរលូន និងសុភមង្គល។
២.ត្រៀមទទួលសម្ព័ន្ធភាពញាតិនិងគ្រួសារទាំងសងខាងបានឬទេ?
ដៃគូជីវិតក៏មានន័យថា អ្នកនឹងត្រូវចេះគោរពឱ្យតម្លៃក្រុមគ្រួសារ និងសាច់ញាតិ ទាំងសងខាងទៅវិញទៅមក ហើយទន្ទឹមនឹងនោះអ្នកក៏នឹងត្រូវត្រៀមចិត្តទទួលសម្ពាធ ឬបញ្ហាខ្លះៗពីសមាជិក ឬសាច់ញាតិគ្រួសារណាម្នាក់ដែលអាចកើតមានពេលណាមួយ។ ឧទាហរណ៍ សមាជិកក្នុងគ្រួសារណាមួយមិនពេញចិត្តនឹងរូបអ្នក ឬមានបញ្ហាល្អក់កករណាមួយនៃសមាជិកគ្រួសារសងខាង ដូចនេះសមត្ថភាពហាត់ចិត្តអត់ធ្មត់នឹងបញ្ហានេះក៏តម្រូវឱ្យយើងមាន ដើម្បីដោះស្រាយរួមគ្នាក្នុងជីវិតជាគ្រួសារដែលនឹងកើតមាន ពុំអាចចៀសរួចដូចពាក្យចាស់លោកពោល"ចានក្នុងរាវ គង់តែរណ្តំនឹងគ្នា"។
៣.ត្រៀមខ្លួនលះបង់ពេលវេលាខ្លះសម្រាប់គ្រួសារបាន ឬនៅ?
នេះមានន័យថាអ្នកបានត្រៀមខ្លួនទទួលនូវបម្លាស់ប្តូរមួយផ្នែកធំពីជីវិតនៅលីវរួចរាល់ហើយ ឬនៅ? ដោយហេតុថា ជីវិតគ្រួសារនឹងត្រូវជួបបញ្ហាដោះស្រាយបន្ទាន់ខ្លះ ដែលចាំបាច់ត្រូវមានវត្តមានអ្នកដូចនេះសិទិ្ធសេរីភាពនិងពេលវេលាខ្លះៗនឹងត្រូវចែករំលែកជាអាទិភាពសម្រាប់គ្រួសារដោយខានមិនបាន។
៤.មានប្រភពចំណូលមួយច្បាស់លាស់អាចទ្រទ្រង់គួ្រសារបាន ឬនៅ?
សំណួរនេះអ្នកអាចសួរខ្លួនឯង ហើយជាការកាន់តែល្អអាចពិភាក្សាជាមួយដៃគូអនាគតអំពីរឿងនេះ ថាតើអាចទាញរកនូវខ្ទង់ចំណូលច្បាស់លាស់មួយសម្រាប់អនាគតអ្នកទាំងពីរបានទេ។ នេះជាចំណុចសំខាន់ព្រោះថា ក្រោយរៀបការបញ្ហាជីវភាពនិងបញ្ហាបន្ទាប់បន្សំមួយចំនួនដែលកើតមានឡើងក្នុងជីវិតជាគ្រួសារថ្មីថ្មោង នឹងត្រូវការប្រភពថវិកាច្បាស់លាស់ដើម្បីដោះស្រាយ។ ហេតុដូចនេះ ផែនការហិរញ្ញវត្ថុច្បាស់ចំណូលរឹងមាំអាចទុកចិត្តបានជារឿងសំខាន់មួយដែលយើងគួរពិចារណាទាំងពីរនាក់។
៥.ត្រៀមខ្លួនផ្តល់ក្តីស្រលាញ់ដោយសុទ្ធចិត្តហើយ ឬនៅ?
ពាក្យថាដៃគូជីវិតមានន័យថា ជាមនុស្សជាទីស្រលាញ់របស់អ្នកជាមនុស្សច្បាស់លាស់ និងរស់នៅជាមួយអ្នកតទៅមុខមិនមែនក្នុងនាមជាសង្សារដូចមុនឡើយ។ ដូចនេះ ក្តីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់មានន័យថា ធ្វើឡើងដោយចិត្តស្អាតបរិសុទ្ធ ដែលសម្តៅទៅលើការលះបង់សម្រាប់ដៃគូ។ ជាឧទាហរណ៍តូចមួយអ្នកលះបង់ពេលវេលាផ្ទាល់ខ្លួនអ្នក ដើម្បីមើលថែដៃគូអ្នកដែលកំពុងឈឺដែលនេះជាក្តីស្រលាញ់មួយ ដែលយើងអាចឃើញក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ បន្ថែមពីនោះទៀតអ្នកក៏អាចសួរសំណួរបន្ថែមនៅពេលមួយដែលអ្នកមានកូន ក្លាយជាប៉ាម៉ាក់គេ តើអ្នកត្រៀមខ្លួនត្រូវប្រឈមនឹងការថមថយសម្រស់ និងត្រូវរវល់ជាមួយកូនតូចៗហើយ ឬនៅ? ហើយអ្នកអាចមានលទ្ធភាពចិញ្ចឹមកូនអ្នកឱ្យបានល្អឬទេ? ដែលនេះសុទ្ធជាការឱ្យចេះទទួលខុសត្រូវ និងផ្តល់ក្តីស្រលាញ់ឱ្យពួកគេដោយសុទ្ធចិត្ត៕