៣ច្រកដើម្បីចេញឆ្ងាយពីភាពក្រីក្រ ឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុ

ក្រៅពីសុខភាព និងសេចក្តីស្លាប់ អ្វីដែលមនុស្សខ្លាចបំផុត គឺភាពក្រីក្រដែលរស់នៅខ្វះមុខខ្វះក្រោយ គ្មានថ្ងៃទទួលបានសេចក្តីសុខសុវត្ថិភាពជាមួយហរិញ្ញវត្ថុពោល គឺមនុស្សរស់នៅដើម្បីតែធ្វើការឲ្យគេពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះខាងក្រោមគឺជាយុទ្ធសាស្រ្ត ៣យ៉ាងដែលធ្វើឲ្យអ្នកអាចចាកចេញពីភាពក្រីក្រ ឆ្ពោះទៅរក សេរីភាពហិរញ្ញវត្ថុយ៉ាងពេញលេញ។

១. កុំទិញរបស់មិនចាំបាច់ច្រើនពេក

តើអ្នកធ្លាប់កត់សម្គាល់ខ្លួនឯងនោះទេថា ជារៀងរាល់ថ្ងៃអ្នកបានទិញរបស់របរអ្វីខ្លះ ដែលមិនចាំបាច់សម្រាប់ជីវិតហើយយកវាមកប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួន? ប្រសិនបើក្រោយពេលអ្នកចំណាយពេលវេលា សង្កេតមើលពីសកម្មភាពចាយវាយរបស់ខ្លួនហើយឃើញថា ខ្លួនបានចាយវាយលុយកាក់ច្រើនជាងការស្វែងរកប្រាក់ឲ្យបានច្រើន។ ដូច្នេះអ្នក គួរចាប់ផ្តើមកាត់បន្ថយការចាយវាយ ជាមួយរបស់របរមិនចាំបាច់ទាំងអស់នោះភ្លាម។

២. ស្វែងរកប្រភពចំណូលបន្ថែមទៀតក្រៅពីប្រាក់ខែ

មិនខ្វល់ថា ប្រាក់ខែរបស់អ្នកច្រើនប៉ុណ្ណានោះទេ អ្នកក៏គួរតែមានប្រាក់បន្ថែមទៀត ដើម្បីពង្រីកប្រភពចំណូលរបស់ខ្លួនឲ្យកាន់តែច្រើនឡើងពោលគឺមានប្រាក់ចំណូលជា រៀងរាល់ថ្ងៃមិនមែនរង់ចាំតែប្រាក់ខែមួយមុខឡើយ។ ដូច្នេះអ្នកអាចស្វែងរកការងារក្រៅម៉ោងពេលយប់ ឬចុងសប្តាហ៍ ឬអ្នកអាចចាប់ផ្តើមមុខរបរអាជីវកម្មតូចៗណាមួយផ្សេងទៀតក៏បានដែរ។

៣. ពង្រីកចំណេះដឹងពីហរិញ្ញវត្ថុ

ពេលខ្លះ អ្នកអាចនឹងមានលំហូរប្រាក់ចំណូលច្រើនគួរសមមកហើយ ប៉ុន្តែអ្នកអាចនឹងមានកម្សោយពាក់ព័ន្ធជាមួយការគ្រប់គ្រងប្រាក់របស់ខ្លួនឲ្យបានល្អប្រសើរដូចជា មិនដឹងថាគួរយកទៅវិនិយោគនៅណាល្អ មិនដឹងថាគួរចាប់ផ្តើមមុខរបរអាជីវកម្មថ្មីដោយបែបណាជាដើម៕