អ៊ឹង ឈួន អ្នកជំនួញវ័យក្មេង៖ «ខ្ញុំចង់ឃើញឪពុកម្តាយខ្ញុំរស់នៅស្រួល ទើបខ្ញុំសំរេចចិត្តរកស៊ី»

ជា​​កូន​​ច្បង​​នៅ​​ក្នុង​​ចំណោម​​បង​​ប្អូន​​ទាំង​​៣​នាក់​​ដែល​​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​​យុវជន​ អ៊ឹង​ ឈួន​ អាយុ​ ២២​ឆ្នាំ​ គឺ​ជា​អ្នក​ជំនួញ​មាន​ប្រជាប្រិយ​​ម្នាក់នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​ ខណៈ​ពេល​ដែល​រូប​លោក​កំពុ​ង​សិក្សា​ក្នុងសាកលវិទ្យាល័យ​ចំនួន​ពីរ​នៅ​ក្រុង​ភ្នំពេញ​។

លោក ឈួន ជា​ម្ចាស់​អាជីវកម្ម​លក់​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​មួយ​ឈ្មោះ​THE FASHION ដែល​​ទើប​តែបង្កើត​បាន​ជាង​១ឆ្នាំ​តែ​បាន​ទទួល​អ្នក​កុម្ម៉ង់​ទិញ​ មិន​តិច​ជាង៥​០នាក់​ក្នុង​១ថ្ងៃ​នោះ​ទេ​ និងបាន​ផ្ដល់​ការងារ​ដល់​បុគ្គលិក​ចំនួន​១៥​នាក់​ដែលអាជីវកម្មនេះ អាចអោយលោកទទួលបានចំណូលមិនក្រោម១ពាន់ដុល្លារនោះទេក្នុងមួយខែ។

សហគ្រិនវ័យក្មេងរូបនេះមានប្រភពពីគ្រួសារក្រីក្រមួយដែលមានឪពុកជាអ្នករត់ម៉ូតូឌុប និង ម្តាយជា​អ្នកលក់គ្រឿងទេសនៅផ្ទះបន្តិចបន្តួច។ដោយសារតែគ្រួសាររបស់លោកមិនសូវមានជីវភាពធូរធារដូចគេ ទើបជម្រុញឱ្យលោកព្យាយាមរកស៊ីនិងធ្វើការដើម្បីផ្គត់ផ្គង់ការសិក្សា និងជួយទ្រទ្រង់ជីវភាពគ្រួសារផងដែរ។

ឈួន បានរៀបរាប់ទាំងអួលដើមកថា៖«អ្វីដែលជំរុញទឹកចិត្តខ្ញុំខ្លាំងបំផុតនោះគឺឪពុកម្តាយរបស់ខ្ញុំ ពោលគឺខ្ញុំចង់ឃើញពួកគាត់រស់នៅសុខស្រួលដូចគេដទៃទៀត»។

ជាកូនខ្មែរដែលជាប់ខ្សែស្រឡាយចិន យុវជន អ៊ឹង ឈួន បានបញ្ចប់ការសិក្សាភាសាចិនថ្នាក់ទី១១នៅឆ្នាំ២០១២តាមរយៈ

ការផ្គត់ផ្គង់ពីលោកយាយបង្កើតរបស់លោកព្រោះឪពុកម្តាយរបស់ឈួនមិនមានលទ្ធភាពផ្គត់ផ្គង់ឲ្យឈួនរៀនចប់នោះទេ តែដោយសង្កេតឃើញថាឈួនរៀនពូកែ ទើបលោកយាយរបស់ឈួនបានជួយអោយឈួនរៀនរហូតដល់ចប់។​

ចប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៣ ឈួន បានបន្តរៀននៅសកលវិទ្យាល័យមេគង្គកម្ពុជាផ្នែកគ្រប់គ្រងអាជីវកម្ម និង សហគ្រាស និងបានជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០១៤។

ឈួន បាននិយាយទាំងញញឹមថា៖ « ដោយសារតែខ្ញុំមិនមានលទ្ធភាពអាចចូលរៀននៅសាលាដែលបង់ប្រាក់បាន ទើបខ្ញុំចូលរៀនសាលាដែលមានអាហារូករណ៍ដូចជាសាកលវិទ្យាល័យមេគង្គកម្ពុជា។សំរាប់ដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍វិញ គឺជាជំនាញដែលខ្ញុំស្រលាញ់ហើយចូលចិត្តតាំងពីតូច»។

ប្រវត្តិនៃការប្រកបអាជីវកម្មក្នុងកុមារភាព

បើនិយាយពីប្រវត្តិការងាររបស់ឈួន វិញគឺមិនតិចជាង១០ឆ្នាំទេ ពោលគឺ​ ឈួនចេះរកស៊ីតាំងពីនៅថ្នាក់បឋម។ នៅបឋមសិក្សាឈួន​ តែងតែស្វែងរករបស់ថ្មីយកមកច្នៃប្រឌិតដើម្បីលក់ឲ្យមិត្តរួមថ្នាក់របស់គេ ប្ដូរយកកម្រៃមកផ្គត់ផ្គង់ការសិក្សា។

ពេលដែលរៀនថ្នាក់ទី២កុមារា អ៊ឹង ឈួន គាត់បានដើរទិញរូបតារា F4 ដែលពេញនិយមនៅជំនាន់នោះ យកមកអ៊ុតហើយលក់អោយមិត្តរួមថ្នាក់ដើម្បីបានប្រាក់ចំណេញបន្តិចបន្តួចយកមកទិញរបស់ដែលខ្លួនចង់បាន។ លោក ឈួនបាននិយាយខ្សោយៗថា៖ «  ដោយសារតែខ្ញុំចង់មានលុយគ្រប់គ្រាន់សំរាប់ញុំាអាហារឆ្ងាញ់ដូចគេព្រោះកាលនោះម្តាយខ្ញុំអោយលុយខ្ញុំទៅរៀនតែ៣០០៛ប៉ុណ្ណោះ ទើបខ្ញុំមានគំនិតរកស៊ីនេះដោយខ្លួនឯង»។

នៅវិទ្យាល័យ ឈួនបានប្តូរគំនិតពីការរកស៊ីទៅធ្វើការវិញ ដោយធ្វើជាគ្រូបង្រៀនកុំព្យូទ័រ ដែលធ្វើអោយឈួនអាចរកប្រាក់កម្រៃបានមួយចំនួនដែរ។

ក្រោយពីការប្រលងបឋមភូមិចប់ឈួនបានប្រកបរបរថ្មី គឺអ្នកបញ្ចូលកម្មវិធី ហ្គេម សំរាប់ទូរស័ព្ទទំនើប និងឆ្លៀតបង្រៀនសិស្សដែលមកពីតាមខេត្តព្រោះនៅពេលនោះមិនសូវជាមានអ្នកចេះបញ្ចូលហ្គេមនិងកម្មវិធីទាំងអស់នោះទេ។ចូលរៀនសកលវិទ្យាល័យមិនបានប៉ុន្មានផង ឈួន ក៏បានទៅបង្រៀនភាសាចិនបានរយៈពេលជាង១ឆ្នាំហើយក៏ឈប់ទៅវិញព្រោះតែគ្មានពេលវេលាគ្រប់គ្រាន់។

អាជីវកម្មលក់ទំនិញតាមបណ្ដាញសង្គមហ្វេសបុក

នៅចុងឆ្នាំ២០១៤ លោក អ៊ឹង ឈួន បាន ចាប់ផ្តើមបើកហាងនៅលើប្រព័ន្ធហ្វេសបុក ដែលមានឈ្មោះថា THE FASHION។ ជំនួញនៅលើប្រព័ន្ធ​អ៊ីនធឺណែតមួយនេះមានបំរើសេវាកម្មទទួលទិញឥវ៉ាន់ពីក្រៅប្រទេស(Tabao, Amazon) ​និងលក់សំលៀកបំពាក់ជាច្រើនមុខ។

ចាប់ផ្តើមដំបូងមានតែសមាជិកពីរនាក់ឈួននិងសមាជិកម្នាក់ទៀតព្យាយាមស្វែងរកគំនិតអ្វីដែលខុសពីគេ ព្រោះនៅពេលនោះមានអ្នករកស៊ីតាមប្រព័ន្ឋហ្វេសបុកជាច្រើនមកហើយ ដូចច្នេះដើម្បីអាចប្រជែងជាមួយគេបានឈួន បានប្រាប់ពីគន្លឹះថា៖ «ដោយសារតែខ្ញុំនិងមិត្តរួមក្រុមខ្ញុំម្នាក់ទៀតជំនាញខាងកាត់តរូបភាពទើបរូបដែលយើងបង្ហោះនៅលើគេហទំព័រTHE FASHION​ មានភាពទាក់ទាញនិងច្បាស់ហើយមួយទៀតគឺពួកយើងតែងតែមានទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន ពោលគីយើងតែងតែទទួលនូររាល់ឥវ៉ាន់ដែលអតិថិជនមិនពេញចិត្តមកវិញទាំងអស់»។

ដោយរវល់ជាមួយការសិក្សានិងត្រូវគ្រប់គ្រងជំនួញផ្ទាស់ខ្លួនផង ឈួន សឹងតែចំណាយពេលមួយថ្ងៃពេញដែលធ្វើអោយគេសឹងតែគ្មានពេលសម្រាក។ឈួនក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ការសិក្សារបស់ខ្លួនមានការធ្លាក់ចុះប៉ុន្តែគេនៅតែអាចពុះពារបញ្ហាទាំងនោះអោយបាន។

ជាមួយនឹងការចេះគ្រប់គ្រងពេលវេលានិងការព្យាយាម ឈួន អាចដោះស្រាយបញ្ហាប្រឈមបានពីមួយគ្រាទៅមួយគ្រា ហើយអាជីវកម្មរបស់យុវជនរូបនេះក៏ចេះតែរីកចម្រើនជាលំដាប់រហូតហ៊ានរំពឹងទុកថាចំនួនបញ្ជាទិញនឹងកើនឡើងដល់១០០នាក់ក្នុងមួយថ្ងៃត្រឹមពាក់កណ្ដាលឆ្នាំនេះ។

ចុងក្រោយ លោកអ៊ឹង ឈួន បានផ្តល់ជាយោបល់ថា៖  «បើចង់បើកជំនួញអ្វីមួយគឺត្រូវធ្វើអ្វីដែលខ្លួនស្រឡាញ់ និងត្រូវមានគំរោងអោយច្បាស់លាស់ហើយព្យាយាមសុំយោបល់ពីអ្នកជុំវិញខ្លួន ជាពិសេសយើងត្រូវស្វែងយល់ពីអតិថិជនអោយបានច្បាស់»។

ឈួនបានផ្តាំផ្ញើទៅយុវជនដែលចង់ចូលក្នុងវិស័យជំនួញ ថា៖ «កុំចាំតែស្តាប់គេនិយាយ យើងត្រូវតែហ៊ានធ្វើអ្វីដែលយើងចង់ធ្វើ»៕