សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភ្នំពេញ ៖ គ្រប់អ្នកដែលចូលមកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ មិនថាចំពោះតែក្រុមអ្នកវិនិយោគ ឬអ្នកអភិវឌ្ឍន៍នោះទេ គឺមានគោលដៅតែមួយគត់ដូចគ្នា គឺការទទួលបានភាពជោគជ័យ និងចំណេញ។ ដូច្នេះសំណួរសួរថា តើអ្នកដែលទទួលបានភាពជោគជ័យទាំងអស់នោះអនុវត្ត និងប្រកាន់គោលការបែបណាទើបអាចសម្រេចក្ដីប្រាថ្នាបាន?
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងមានសកម្មភាពយ៉ាងសកម្មនៅក្នុងវិស័យមួយនេះ ទាំងការវិនិយោគ ទាំងការអភិវឌ្ឍ លោក វិន ឈុនហ៊ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate បានប្រសាសន៍ថា មិនថាចំពោះតែការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យនោះទេ ទោះជានៅក្នុងវិស័យផ្សេងទៀតក៏ត្រូវតែមាន ផែនការអាជីវកម្ម និងទុនបម្រុងច្បាស់លាស់ គឺជារឿងចាំបាច់បំផុត។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្វីដែលត្រូវធ្វើ គឺទី១ រៀបចំផែនការឱ្យបានច្បាស់លាស់ ព្រោះការរៀបចំផែនការច្បាស់លាស់នឹងជួយឱ្យមើលឃើញពីទិដ្ឋភាពក្នុងការវិនិយោគគ្រប់ជ្រុងជ្រោយ ដោយនៅក្នុងផែនការ រួមមានការចេះប៉ាន់ប្រមាណនូវចំនួនសាច់ប្រាក់ក្នុងការវិនិយោគ លំហូរសាច់ប្រាក់បានមកពីការលក់ ឬជួលតាមដំណាក់កាល កត្តាបម្រែបម្រួលកំណើនប្រជាសាស្ត្រ រួមជាមួយនឹងកត្តាផ្សេងៗទៀតដែលអាចកើតមាន នៅក្នុងកំឡុងពេលកំពុងដំណើរការវិនិយោគ”។
លោកបានបន្តថា “ទី២ គឺចំណេះដឹងទីផ្សារ ព្រោះថា អ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យដែលទទួលបានភាពជោគជ័យ គឺតែងតែមានភាពឆ្លាតវៃនៅក្នុងការចេះសម្លឹងមើលពីស្ថានភាពទីផ្សារដែលពួកគេបានសម្រេចចិត្តជ្រើសរើស បន្ថែមពីនេះពួកគេតែងតែស្វែងយល់ពីនិន្នាការនានាជាក់ស្ដែង រួមទាំងបម្រែបម្រួលទម្លាប់នៃការចំណាយរបស់អតិថិជនគោលដៅ រួមមានទាំងការស្វែងយល់ពីអត្រាការប្រាក់នៃកម្ចី ជាពិសេសអត្រានៃចំនួនអ្នកបាត់បង់ការងារធ្វើជាដើម ដើម្បីមានភាពងាយស្រួលក្នុងការរៀបចំ និងផ្លាស់ប្ដូរផែនការអាជីវកម្មសារជាថ្មី ដើម្បីជៀសផុតពីហានិភ័យផ្សេងៗដែលអាចកើតមាន”។
លោក វិន ឈុនហ៊ាត បានមានប្រសាសន៍បន្តទៀតថា “ទី៣ គឺភាពស្មោះត្រង់ និងសុច្ចរិតភាព ទាំងអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ដែលទទួលបានភាពជោគជ័យទៅលើគម្រោងរបស់ពួកគេ គឺតែងមានភាពស្មោះត្រង់ និងក្រមសីលធម៌ខ្ពស់។ ភាពស្មោះត្រង់ រួមផ្សំនឹងក្រមសីលធម៌ គឺជាចំណុចសំខាន់បំផុតក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់ពួកគេនៅក្នុងសង្គម និងទីផ្សារអ្នកជំនួញ ដែលក្រៅពីបង្កើនជំនឿចិត្តជាមួយអតិថិជន ថែមទាំងអាចទាក់ទាញអ្នកដែលស្ថិតនៅក្នុងវិស័យពាក់ព័ន្ធមកសហការធ្វើជាដៃគូថែមទៀតផង”។
លោកបានបន្តថា នៅមានចំណុចរួមផ្សំមួយចំនួនទៀតដែលជាធាតុផ្សំធ្វើឱ្យអ្នកជំនួញនៅក្នុងវិស័យមួយនេះទទួលបានភាពជោគជ័យ ដូចជា រក្សានូវភាពថ្លៃថ្នូ មានអាកប្បកិរិយាល្អចំពោះអតិថិជន ចេះឱ្យតម្លៃដៃគូសហការ បន្តស្វែងយល់ពីចំណេះដឹងបន្ថែមដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែមុតស្រួចទាំងចំណេះដឹងពាក់ព័ន្ធទៅនឹងច្បាប់តែស្ថិតនៅក្នុងវិស័យ ក៏ដូចជាបទបញ្ញត្តិផ្សេងៗទៀតដែលត្រូវបានកំណត់នៅក្នុងដំណើរវិនិយោគក្នុងវិស័យអចលនទ្រព្យជាដើម ដើម្បីអាចសម្របខ្លួនទៅតាមស្ថានការ និងបរិបថនានា។
ទាំងអស់នេះគ្រាន់តែជាការលើកឡើង និងជាការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ក៏ដូចជាការស្វែងយល់របស់លោកខ្លះៗក្នុងនាមជាប្រតិបត្តិករដែលកំពុងមានសកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ន៕