ពិភពលោកបានបន្តវិវដ្តឥតឈប់ឈរ ដោយក្នុងនោះចរន្តនៃការបំពុលបរិស្ថាន ក៏មានស្ថានភាពប្រែប្រួលដូចគ្នាដែរ។ប៉ុន្មានឆ្នាំមុននេះ ពិភពលោកកំពុងស្ថិតក្នុងយុគ្គសម័យឧស្សាហកម្ម ហេតុនេះដើម្បីឱ្យប្រទេសរបស់ខ្លួនរីកចម្រើនខ្លាំង បណ្តាប្រទេសឧស្សាហកម្មជាច្រើន បានខិតខំប្រឹងប្រែងច្នៃប្រឌិត និងទាញយកផលប្រយោជន៍ពីធម្មជាតិដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច និងការរស់នៅរបស់មនុស្ស។ ចរន្តនេះ ថ្វីត្បិតតែមើលទៅធ្វើឱ្យពិភពលោកប្រែប្រួលជាវិជ្ជមានផ្នែកការរស់នៅក្នុងសង្គមទំនើប តែវាក៏បានផ្តល់ផលប៉ះពាល់ជាច្រើនផងដែរដល់បរិស្ថាន។
ហេតុនេះហើយ ទើបមកដល់យុគ្គសម័យបច្ចេកវិទ្យានិងសម័យឌីជីថលនេះ មនុស្សចាប់ផ្តើមអភិវឌ្ឍការរស់នៅដោយបញ្ចូលនូវគំនិតច្នៃប្រឌិតជាច្រើន ដើម្បីជួយសង្គ្រោះឬកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថានឡើងវិញ។ ជាដំណោះស្រាយប្រទេសជាច្រើន បានចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់យានយន្ត ធ្វើការកែច្នៃឡើងវិញនូវរបស់របរនានា និងបង្កើនការសន្សំសំចៃសម្ភារៈប្រើប្រាស់ រួមទាំងអាហារផង ដើម្បីកុំឱ្យមានផលប៉ះពាល់ខ្លាំងពេកដល់បរិស្ថាន។
ជាដំណោះស្រាយថ្មីមួយ បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោក បានចាប់ផ្តើមបង្កើតរថយន្តប្រើប្រាស់ប្រេងសាំងពាក់កណ្តាល អគ្គិសនីពាក់កណ្តាល (Hybridge technology) ខណៈប្រទេសខ្លះ ក៏កំពុងឈានទៅដល់ផលិតរថយន្តដែលមិនប្រើប្រាស់ប្រេងសាំងទាំងស្រុង។ តាមរយៈចរន្តថ្មីនេះ យើងឃើញថាប្រទេសជាច្រើនជាពិសេសនៅអឺរ៉ុប បានលើកទឹកចិត្តឱ្យមនុស្សចាប់ផ្តើមងាកមកប្រើប្រាស់រថយន្តប្រភេទថ្មីនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដោយការបន្ថយពន្ធ និងចំណាយថវិការដ្ឋដើម្បីដើម្បីបន្ថយតម្លៃលក់រថយន្តប្រភេទថ្មីនេះជាដើម។
ជាចរន្តថ្មីមួយទៀត នៅពេលនេះ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Boris Johnson បានបញ្ជាក់ថា នៅឆ្នាំ 2030 ប្រទេសអង់គ្លេសនឹងឈប់លក់រថយន្តប្រើប្រាស់ឥន្ធនៈបន្តទៀត ហើយដើម្បីលើកទឹកចិត្តឱ្យប្រជាជនប្រើប្រាស់រថយន្តប្រើប្រាស់អគ្គិសនី។ ការធ្វើបែបនេះត្រូវបានគេជឿថា អាចជួយឱ្យប្រទេសរបស់លោកកាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុងកាត់បន្ថយចំណាយលើការប្រើប្រាស់ឥន្ធនៈ និងជំរុញឱ្យប្រជាជនសន្សំចំណាយបានកាន់តែច្រើន។
ចរន្តស្រដៀងគ្នានេះ ក៏ត្រូវបានគេមើលឃើញផងដែរនៅក្នុងប្រទេសនានា ដែលទំនងជាអាចនឹងអនុវត្តគំរូដូចគ្នានេះបើទោះបីជាត្រូវចំណាយច្រើនក្នុងដំណាក់កាលនៃការចាប់ផ្តើមក៏ដោយ៕