ក្នុងដំណាក់កាលកូវីដ១៩ អាណាព្យាបាលគួរលើកទឹកចិត្តកូនៗ ឱ្យខិតខំរៀន ជាជាងការស្ដីបន្ទោស

ស្ថិតក្នុងរយៈពេលដែលការអប់រំនៅកម្ពុជា ទទួលរងផលប៉ះពាល់​ដោយសារតែការរីករាលដាល នៃជំងឺ Covid-19នេះ សិស្សានុសិស្សជាច្រើនលាននាក់ ហាក់កំពុងប្រឈមនឹង​ចំណោទជាច្រើន ដែលធ្វើឱ្យពួកគេ​បាក់ទឹកចិត្តឬ​ប៉ះពាល់ដល់សមត្ថភាពនៃការសិក្សាជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គីម ដារ៉ា ស្ថាបនិក​គ្រឹះស្ថានអប់រំ​ Start Up Cambodia បានលើកឡើងថា​ ទោះបីជាស្ថិតក្នុងពេល Covid-19 កំពុងលុកលុយក៏ដោយ យើងមិនអាច​ទម្លាក់ដៃពីកិច្ចការអប់រំឡើយ។ យើងចាំបាច់ត្រូវតែបត់បែនតាមសភាពការណ៍ជាក់ស្តែង ដើម្បីឱ្យសិស្សនៅតែចង់ខិតខំរៀន និងផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពឱ្យសិស្សចេះ។

លោក គីម ដារ៉ា បានបញ្ជាក់ថា៖ «​កំឡុងពេលនេះ ការលើកទឹកចិត្ត​គឺជាកិច្ចការងារមួយដែលចាំបាច់ ព្រោះសិស្សជាច្រើនបានប៉ះពាល់អារម្មណ៍យ៉ាងខ្លាំង ក្រោយការផ្លាស់ប្តូររបៀបរស់នៅ ពិសេសគឺទម្លាប់ក្នុងការសិក្សា»។

អ្នកអប់រំខាងលើបានបញ្ជាក់ផងដែរថា អ្នកអប់រំ​និងអាណាព្យាបាលគួរកុំស្តីបន្ទោស ​តែបែរមកជួយលើកទឹកចិត្តឱ្យ​ពួកគេខិតខំប្រឹងប្រែងបន្ថែមទៀត។ ចំណែកឯសិស្សខ្លួនឯងវិញ ក៏ត្រូវដឹងផងដែរពីកាតព្វកិច្ច​របស់ខ្លួនព្រោះការសិក្សារៀនសូត្រគឺជាកាតព្វកិច្ចរបស់សិស្ស។ ហេតុនេះក្នុងកាលៈទេសៈណាក៏ដោយ សិស្សចាំបាច់ត្រូវតែខិតខំរៀនសូត្រហើយការសិក្សារៀនសូត្រនេះ មិនមែនជាការបំពេញកតព្វកិច្ចសម្រាប់តែខ្លួនឯងម្នាក់ប៉ុណ្ណោះទេ តែ​វាជាកាតព្វកិច្ចក្នុងការជួយសង្គមផងដែរ ព្រោះយើងជា​ធនធានមនុស្សដែលសង្គមត្រូវការនៅថ្ងៃអនាគត។

ងាកមកក្រសួងអប់រំវិញ លោកយល់ឃើញថាក្រសួងបច្ចុប្បន្នក៏កំពុង​ប្រឹងប្រែងយ៉ាងខ្លាំង ដោយក្នុងនោះសូម្បីតែឯកឧត្តមរដ្ឋមន្ត្រីក៏បង្រៀន​ដោយផ្ទាល់ដែរ ដើម្បីលើកទឹកចិត្ត​ដល់សិស្សានុសិស្ស។ ហេតុនេះ​មិនថាកាលៈទេសៈណានោះទេ ការអភិវឌ្ឍធនធានមនុស្សគឺត្រូវការគ្រប់ភាគីចូលរួម៕