​ញ៉ាំ​​ទឹក​ត្រជាក់​រាល់ថ្ងៃ ឱ្យ​ផល​លើ​សុខភាព​​ ដូច​ម្តេច​ខ្លះ

យើង​សឹង​គ្រប់​គ្នា ដឹង​រួច​មក​ហើយ​អំពី​អត្ថប្រយោជន៍​​នៃ​ការ​ញ៉ាំ​ទឹក​ជា​ប្រចាំ​ថ្ងៃ ដែល​ការ​ទទួល​បាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ គឺ​បាន​ជួយ​សារពាង្គ​កាយ​យើង​មាន​សុខភាព​ប្រសើរមិន​ងាយ​ឈឺ​។ តែ​យ៉ាង​ណា​មិញ យើង​សង្កេត​ឃើញ​ថា ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ភាគ​ច្រើនគ្នា​យើង ក្រោយ​​នឿយ​ហត់​ពី​ធ្វើ​ការពិសេស​រដូវ​ក្តៅតែង​ជ្រើស​យក​ទឹក​ត្រជាក់​ថែម​ទឹកកក​ ដើម្បី​បំបាត់​ការ​ស្រេកនិង​ភាព​​ហត់​អស់​កម្លាំង។ យើង​អាច​ចាប់​អារម្មណ៍​ចំណុច​ខ្លះ នៃ​សីតណ្ហភាព​ទឹក ដែល​យើង​ញ៉ាំ​តើ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​​លើ​សុខភាព​? ដោយ​ហេតុ​ចំណុច​នេះត្រូវ​បាន​អ្នក​ជំនាញ​​សុខភាព​​នៅ​ប្រទេស​ឥណ្ឌា លើក​ឡើង​​​ដូច​ខាង​ក្រោម​៖

.ទឹក​ត្រជាក់​​មាន​ឥទ្ធិពល​​លើ​​ប្រព័ន្ធ​រំលាយ​អាហារ​យើង

ទឹក​ត្រជាក់​ក៏​ដូច​ជា​ភេសជ្ជៈ​​ត្រជាក់​ៗ​មួយ​ចំនួន​ នឹង​​​​មាន​ឥទ្ធិពល​ច្រើន​លើ​​សរសៃ​ឈាម ក៏​ដូច​ជា​​រាំង​ទប់​នូវ​ដំណើរ​រំលាយ​អាហារ​តាម​ធម្មជាតិ​ក្នុង​រាង​កាយ​មនុស្ស​។ ហេតុ​ផល​ ក៏​ដោយ​សារនៅ​ពេល​ញ៉ាំ​ទឹក​ត្រជាក់ធ្វើ​ឱ្យ​រាង​កាយ​យើង ជម្រុញ​ចលនា​​ប្រតិកម្ម​រាង​កាយឱ្យ​រក្សា​សីតណ្ហភាព​​ក្នុង​ខ្លួនធ្វើ​ឱ្យ​​បង្អាក់​ដំណើរ​​រាង​កាយ​ស្រូប​យក​ជីវជាតិ​​ចិញ្ចឹម​ក្នុង​ពេល​រំលាយ​អាហារ​របស់​យើង។ ដូច​​នេះ ពេល​យើង​ញ៉ាំ​ទឹក​ត្រជាក់​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច នឹង​ធ្វើ​ឱ្យ​រាង​កាយ​យើង​ប្រើ​ថាម​ពល​ច្រើន​ក្នុង​ពេល​តែ​មួយ​។

.បន្ថយ​អត្រា​​ចង្វាក់​បេះ​ដូង

តាម​ការ​សិក្សា​​ជា​ច្រើនបង្ហាញ​ចំណុច​មួយ​​​គួរ​កត់​សម្គាល់ ​​គឺសីតណ្ហភាព​ត្រជាក់​នៃ​ទឹកជ្រាប​ចូល​រាង​កាយ​នឹង​ធ្វើ​ឱ្យ​សរសៃ​ប្រសាទ​តូច​ៗ (Vagus Nerve) ដែល​មាន​តួ​នាទី​សំខាន់​ពាក់​ព័ន្ធ​ស្ទើរ​គ្រប់​ផ្នែក​នៃ​រាង​កាយរង​​ឥទ្ធិពល​ ធ្វើ​ឱ្យ​ដំណើរ​ការ​ពួក​វា​ខ្សោយ ហើយ​ថែម​ទាំង​​​បន្ថយ​នូវ​អត្រា​ចង្វាក់​​បេះ​ដូង​ក្នុង​រាង​កាយ​ផង​ដែរ។​

.រាង​កាយ​ពិបាក​ទទួល

ញ៉ាំ​ទឹក​ត្រជាក់​ភ្លាម​ៗក្រោយ​ពេល​​​នឿយ​ហត់​អស់​កម្លាំង​ខ្លាំងគួរ​តែ​ចៀស​វាង ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​​ផ្នែក​រាង​កាយ ​និង​គ្រូ​បង្ហាត់​កីឡា​នៃ​ប្រទេស​ឥណ្ឌា។ ការ​ណែ​នាំគឺ​គួរ​ញ៉ាំ​ទឹក​​សាប​សីតណ្ហភាព​​ធម្មតា(ឧណ្ហ​ៗ)។ នេះ​ក៏​ព្រោះ​ថារាង​កាយ​​ឡើង​កម្តៅ​សីតណ្ហភាព​ខ្លាំង​​ក្រោយ​​បំពេញ​ការងារ ឬ​ហាត់​កីឡា ហើយ​ការ​ទទួល​ទាន​ទឹក​ត្រជាក់ នឹង​ធ្វើ​ឱ្យ​​ក្រពះ ពោះ​វៀន​និង​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​ពិបាក​ទទួល​យក​ភ្លាម​ៗ ហើយ​អាច​​ធ្វើ​ឱ្យ​សេរីរាង្គ​​ក្នុង​ខ្លួន​​ឈឺ​នៅ​ថ្ងៃ​ក្រោយ​ទៀត​ផង​។

​​.ទាក់​ទង​នឹង​ជំងឺ​ទល់​លាមក

ការ​ញ៉ាំ​ទឹក​ក្នុង​សីតណ្ហភាព​ធម្មតា គឺ​មាន​សារសំខាន់ ​សម្រាប់​ដំណើរ​ប្រព័ន្ធ​រំលាយ​អាហារ។ តែ​យ៉ាង​ណា​ សីតណ្ហភាព​នៃ​ទឹក​ត្រជាក់ត្រូវ​​គេ​រក​ឃើញ​ថា ជា​ហេតុ​ផល​ដែល​​ប៉ះ​ពាល់​ដំណើរ​ធម្មជាតិ​នោះ។ នេះ​ក៏​ដោយ​សារ​ទឹក​ត្រជាក់ នឹង​បង្ក​ឱ្យ​អាហារ​ដែល​យើង​ទទួល​បានក្លាយ​ជា​ល្បាយ​ខាប់ពិបាក​​​រលាយ ​នៅ​ពេល​​ឆ្លង​កាត់​​ប្រព័ន្ធ​រំលាយ​អាហារ​ ពិសេស​នៅ​ត្រង់​ចំណុច​ពោះ​វៀន​តូច​ដែល​ហានិភ័យ​នៃ​ជំងឺ​ទល់​លាមក​អាច​ នឹង​កើត​មាន​ផង​ដែរ៕