រាជធានីភ្នំពេញ៖ ជាការឆ្លើយតបទៅនឹង ការសម្ដែងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋានថា កម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពជើងទឹក នៅមូលដ្ឋានកងទ័ពជើងទឹករាម។
ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលបានធ្វើឡើងតាមប្រពន្ធវីដេអូ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម រ៉ូបឺតអូប្រាយអិន ជាទីប្រឹក្សាសន្ដិសុខជាតិអាមេរិក បានសម្ដែងការព្រួយបារម្ភ ដូចខាងក្រោម៖
"សហរដ្ឋអាមេរិក ក៏មានការព្រួយបារម្ភផងដែរ អំពីផែនការរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ សំរាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់គេនៅឯមូលដ្ឋានកងទ័ពជើងទឹករាម នៅឈូងសមុទ្រថៃ។ វត្តមានកងទ័ពជើងទឹកបរទេសនៅកម្ពុជានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការដោះស្រាវិវាទដោយសន្ដិវិធីការលើកកំពស់សុវត្តិភាពនាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរនៅក្នុងតំបន់។"
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថបានចូលរួមក្នុងកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៥ និងបានឆ្លើយតបទៅនឹងការព្រួយបារម្ភដែលគ្មានមូលដ្ឋានរបស់សហរដ្ឋអាមេរិកដូចខាងក្រោម៖
"ខ្ញុំសូមឆ្លើយតបទៅនឹងការព្រួយបារម្ភដែលបានលើកឡើងថា ប្រទេសកម្ពុជា មានផែនការឲ្យដាក់បរិក្ខារ និងកម្លាំងយោធាចិន នៅមូលដ្ឋានទ័ពជើងទឹករាម។ខ្ញុំចាំបាច់ត្រូវតែឆ្លើយតប ពីព្រោះការចោទប្រកាន់ម្ដងហើយម្ដងទៀត និងការផ្សព្វផ្សាយរឿងដែលគ្មានមូលដ្ឋានបែបនេះអាចធ្វើឲ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងបង្កអរិយភាព រវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។
ដូចដែលខ្ញុំបានបញ្ជាក់រួចមកហើយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ហើយនាយករដ្ឋមន្រ្តីរបស់ខ្ញុំក៏បានធ្វើការបញ្ជាក់ដូចគ្នានេះម្ដងហើយម្ដងទៀតថាកម្ពុជាគ្មានហើយថ្ងៃមុខក៏នឹងពុំមានដែរនូវមូលដ្ឋាននយោបាយបរទេសណាមួយនៅលើកទឹកដីរបស់ខ្លួន។ខ្ញុំសូមបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់ យ៉ាងម៉ឹងម៉ាត់ នូវគោលការណ៍ឯករាជ្យនិងអព្យាក្រឹត តាមសេចក្ដីចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យនិងឯករាជ្យ មានបូរណភាពទឹកដីពេញលេញ ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលស្របច្បាប់និងមានសិទ្ធិស្មើគ្នាដូចប្រជាជាតិដទៃទៀត ក្នុងតំបន់ក៏ដូចជានៅជុំវិញពិភពលោកប្រទេសកម្ពុជាមានសិទ្ធិពេញលេញនិងមិនអាចកាត់ផ្ដាច់បាន ក្នុងការកែលម្អមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធនាវាចរណ៍របស់ខ្លួន ដើម្បីបំពេញសេចក្ដីត្រូវការក្នុងពេលបច្ចុប្បន្នស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។
គឺដោយហេតុផលនេះហើយ ដែលមជ្ឈមណ្ឌលសមុទ្ររបស់យើងនៅឯមូលដ្ឋានទ័ពជើងទឹករាមត្រូវបានផ្លាស់ប្ដូរទីតាំងថ្មី ប៉ុន្ដែក៏នៅតែស្ថិតក្នុងតំបន់គម្រោងជាមួយគ្នា។ ផ្ទុយស្រឡះពីការចោទប្រកាន់ដែលថាមជ្ឈមណ្ឌលនេះត្រូវបិទចោល នាយករដ្ឋមន្រ្តីរបស់ខ្ញុំបានអញ្ជើញមិត្តភក្ដិបរទេស ដែលចាប់អារម្មណ៍ទាំងអស់ឲ្យចូលរួមហិរញ្ញប្បទានទ្រទ្រង់ដល់មជ្ឈមណ្ឌលនេះ។ យើងស្វាគមន៍ចំពោះការផ្ដល់ជំនួយនិងការបន្តជំនួយពីសហរដ្ឋអាមេរិក អូស្រ្ដាលី កូរ៉េខាងត្បូង ជប៉ុន ចិន និងប្រទេសដទៃទៀតដរាបណាជំនួយនេះ មិនរារំាងយើង ក្នងការអនុវត្តសិទ្ធិអធិបតេយ្យរបស់ខ្លួន។"