សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ក្នុងនាមជាអ្នកធ្វើការឲ្យគេ ឬជាបុគ្គលិកមួយរូប អ្នកប្រហែលជាអាចនឹងតែងតែឆ្ងល់ជាមួយនឹងខ្លួនឯងថា ហេតុអ្វីបានជាអ្នកធ្វើការរយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅតែមិន ទាន់ឡើងប្រាក់ខែច្រើនដូចជាគេឯងដូច្នេះ ក៏ព្រោះតែមូលហេតុអ្វី?ដូច្នេះខាងក្រោម គឺជាកត្តាចម្បងមួយចំនួនដែលនាំឲ្យអ្នកមិនអាចឡើងប្រាក់ខែបាន:
១. ភាពខ្ចិល
ពេលខ្លះអ្នកបានចំណាយពេលវេលាយូរ រហូតដល់ច្រើនឆ្នាំ ក្នុងការបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អប៉ុន្តែលទ្ធផលត្រឡប់មកវិញអ្នកនៅតែមិនទាន់ឡើងប្រាក់ខែបាន។ ព្រោះថា ថ្នាក់លើរបស់អ្នកត្រូវការសង្កេតមើលពីការតាំងចិត្តនិងការខិតខំប្រឹងប្រែងធ្វើការរបស់អ្នក អំឡុងពេលបំពេញកិច្ចការងារឲ្យបានល្អជាងពេលនេះ។
២. ទម្លាប់ចូលចិត្តបង្ហាញអារម្មណ៍ តាមបណ្តេញសង្គម
បច្ចុប្បន្ន មនុស្សភាគច្រើននិយមចូលចិត្តបង្ហាញអារម្មណ៍ការមិនពេញចិត្ត និងភាពសប្បាយរីករាយតាមរយៈបណ្តេញសង្គមរវាងគ្នានឹងគ្នាទៅវិញទៅមក។ ហើយក្នុងនោះផងដែរ ក៏មានបុគ្គលិកមួយចំនួនតូចដែលមានទម្លាប់ចូលចិត្តបង្ហាញអារម្មណ៍របស់ខ្លួនតាមរយៈបណ្តេញសង្គម ពីការខឹងសម្បារទៅមកកាន់ការងាររបស់ខ្លួនដូចជា ថៅកែមិនល្អ មិត្តរួមការងារយ៉ាប់ៗ និងកន្លែងធ្វើការឆ្ងាយជាដើម។
៣. ទំនាក់ទំនងខ្សោយ
មិនថាការបំពេញកិច្ចការងារ និងអត្តចរិតរបស់អ្នកល្អប៉ុណ្ណានោះទេ ប៉ុន្តែប្រសិនបើអ្នកជាប្រភេទមនុស្សដែលមិនសូវចូលចិត្តមាត់កច្រើនមិនសូវចេះនិយាយរកជាមួយ នរណាក្នុងកន្លែងការងារ នោះកម្រិតនៃការឡើងតំណែងក្នុងកន្លែងការងាររបស់អ្នកក៏កាន់តែមានតិចតាមនោះដែរ។
៤. កម្រិតភាសាបរទេស
ប្រសិនបើកម្រិតនៃភាសាបរទេសរបស់អ្នក នៅមានកម្រិតនៅឡើយនោះទេ វាក៏ជាផ្នែកមួយដែលនាំឲ្យអ្នកមិនអាចឡើងប្រាក់ខែទៅតាមការចង់បានរបស់ខ្លួនដែរ។ ព្រោះថារាល់បុគ្គលិកដែលមានសមត្ថភាពទាំងជំនាញ និងភាសាបរទេសតែងតែទទួល បានការឡើងប្រាក់ខែឆាប់រហ័សជាងអ្នកធម្មតា។ដូច្នេះអ្នកក៏គួរតែព្យាយាមអភិវឌ្ឍភាសាបរទេសរបស់ខ្លួន ឲ្យកាន់តែល្អនិងរីកចម្រើនជាងនេះបន្តិចសិនណាមុនពេលចង់ឲ្យ ថ្នាក់លើតំឡើងប្រាក់ខែ និងតំណែងដល់អ្នក៕