កញ្ញា ពៅ សោភ័ណណារី បានសម្រេចបំណងប្រាថ្នារបស់ខ្លួនដោយកញ្ញាទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនរយៈពេលមួយឆ្នាំពេញនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងតូក្យូដែលមានឈ្មោះថា« សាកលវិទ្យាល័យស៊ូកាក់ (SOKA University)»សិក្សាលើផ្នែកអក្សរសាស្ត្រជប៉ុនហើយនោះគឺជាក្តីប្រាថ្នាដែលកញ្ញាបានប៉ងតាំងពីតូចមកម្ល៉េះ។ គួរបញ្ញាក់ផងដែរថាកញ្ញាទទួលបានអាហារូបករណ៍តាមរយៈដេប៉ាតឺម៉ង់ជប៉ុនក្នុងវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ដោយសើចបន្តិច កញ្ញាបានលើកឡើងថាការដែលទទួលបានអាហារូបករណ៍គឺដោយសារតែលទ្ធផលចុងឆ្នាំនៃការសិក្សារបស់កញ្ញាបានល្អ ដោយគិតចាប់តាំងពីឆ្នាំទីមួយរហូតមកដល់ឆ្នាំទីបីព្រមទាំងការខិតខំតស៊ូរៀនភាសាជប៉ុនរបស់កញ្ញា ទោះបីជាមានការលំបាកខ្លះក៏ដោយ ប៉ុន្តែការតស៊ូទាំងនោះគឺមិនធ្វើឲ្យកញ្ញាអស់សង្ឃឹមឡើយ។
ប្រវត្តិនៃការសិក្សា
កញ្ញា ពៅសោភ័ណណារីគឺជាអតីតសិស្សនៃវិទ្យាល័យឥន្រ្ទទេវី ក្រោយពីបញ្ចប់វិទ្យាល័យនៅក្នុងឆ្នាំ២០១២មកដោយហេតុតែស្រឡាញ់និងចង់រៀនភាសាជប៉ុនតាំងពីតូចទើបកញ្ញាសម្រេចចិត្តរៀនអក្សសាស្រ្តជប៉ុន(អាហារូបករណ៍) នៅវិទ្យស្ថានភាសាបរទេសក្នុងដេប៉ាតឺម៉ង់ភាសាជប៉ុន។
កញ្ញាបានបញ្ជាក់ថា មូលហេតុដែលកញ្ញាចូលចិត្តរៀនភាសាជប៉ុនដោយសារតែកញ្ញាមានពូ ដែលធ្វើការជាមួយជនជាតិជប៉ុន ហេតុនេះជនជាតិជប៉ុនឧស្សាហ៍មកលេងផ្ទះហើយតែងតែបង្ហាញពីវប្បធម៌កន្លែងដើរកំសាន្តនានាក្នុងប្រទេសជប៉ុន ដែលបានធ្វើឲ្យកញ្ញាចាប់ចិត្តស្រឡាញ់ប្រទេសជប៉ុនតាំងពីពេលនោះមក។បន្ថែមលើនោះទៀត កញ្ញាបានប្តេជ្ញាចិត្តថាថ្ងៃណាមួយកញ្ញានឹងទៅលេងនៅប្រទេសជប៉ុនអោយបាន។
និយាយដោយជឿជាក់ថា៖«ខ្ញុំចាប់អារម្មណ៍លើភាសា និងប្រទេសជប៉ុន ចឹងខ្ញុំគិតក្នុងចិត្តថាខ្ញុំនឹងខំរៀនភាសាជប៉ុនដើម្បីអោយបានទៅរៀននៅប្រទេសជប៉ុនដោយខ្លួនឯងដោយមិនពឹងលើលុយអ្នកផ្ទះ»។កញ្ញាចាប់ផ្តើមរៀនភាសាជប៉ុនតាំងពីកញ្ញារៀនវិទ្យាល័យ ប៉ុន្តែរៀនមិនបានជាប់លាប់ទេព្រោះមិនសូវមានសាលាបើកបង្រៀន តែដោយសារតែចិត្តចង់រៀនទើបកញ្ញាហាត់រៀនដោយខ្លួនឯងហើយពេលដែលរៀនចប់វិទ្យាល័យទើបកញ្ញាសម្រេចចិត្តប្រឡងចូលរៀនភាសាជប៉ុនតែម្តង។
ភាពលំបាកនៃការៀនភាសាជប៉ុននិង ភាពជម្នះ
សោភ័ណណារី បានលើកឡើងថារៀនភាសាជប៉ុនសម្រាប់ខ្លួនគឺមានភាពលំបាកជាងរៀនភាសាអង់គ្លេសដោយសារតែភាសាជប៉ុនមានស្រៈមួយចំនួនដូចនឹងស្រៈរបស់ភាសាចិនហើយនឹងពិបាកចាំទៀត។ហើយអ្វីដែលយកឈ្នះវាបានគឺការព្យាយាម ដោយខំប្រឹងមើល ខំប្រឹងទន្ទេញ និងព្យាយាមប្រើវាជាប្រចាំ ឬក៏ព្យាយាមអានសៀវភៅដែលមានអក្សរនោះអោយបានច្រើន។
ជីវិតនិងការសិក្សានៅប្រទេសជប៉ុន
ចំពោះការសិក្សាកញ្ញាបានប្រាប់ថាគឺមិនមានអ្វីជាការលំបាកទេ ព្រោះតែនៅពេលដែលកញ្ញាទៅដល់ទីនោះគឺត្រូវចូលតាមសមត្ថភាពរបស់ខ្លួនដោយធ្វើការប្រឡងចូលតាមកម្រិត។ ដោយនៅទីនោះកម្រិតមានចាប់ពី E0 ទៅ E5 ដែល E0សម្រាប់អ្នកដែលមិនទាន់ចេះ ទៅអ្នកដែលចេះខ្លាំង E5 ដោយឡែកកញ្ញាប្រឡងបានកម្រិត E4។ ហើយក្នុងការសិក្សានោះគឺមានការរៀនអំពីភាសាទំនៀមទំលាប់នៃការរស់នៅរបស់ជនជាតិជប៉ុនជាដើម។
សម្រាប់ការរស់នៅកញ្ញាបានប្រាប់ថាគឺកញ្ញាមានភាពលំបាកសម្រាប់ការបរិភោគម្ហូបអាហារព្រោះថាវាមានរសជាតិខុសគ្នាពីខ្មែរ ប៉ុន្តែពេលនៅយូរៗទៅគឺមានភាពប្រសើរជាងមុន។កញ្ញាក៏សង្កត់ធ្ងង់ថា សម្រាប់ការរស់គឺមានភាពកក់ក្តៅណាស់មានសិស្សច្បងជនជាតិជប៉ុនចាំមើលថែ និង យកចិត្តទុកដាក់ណាស់ សូម្បីតែកន្លែងស្នាក់នៅដោយគេផ្តល់សំភារៈ អោយបានគ្រប់គ្រាន់ព្រមទាំងទំនើបៗថែមទៀតសម្រាប់និស្សិតដែលទៅរៀននៅទីនោះ ។
គួរបញ្ញាក់ផងដែរថានៅសកលវិទ្យាល័យស៊ូកាក់នោះគឺមានណារីតែម្នាក់ទេដែលជាជនជាតិខ្មែររៀននៅទីនោះជាមួយនឹងសិស្សបរទេសដទៃទៀតដែលមកពីបណ្តាប្រទេសអាស៊ាននិងអឺរ៉ុបផងដែរ។ជាមួយគ្នានោះដែរ ណារីលើកឡើងថា ពេលដែលទៅរៀនដំបូងគឺមានអារម្មណ៍ថាឯកាព្រោះថាមិនមានមិត្តភក្តិ ហើយងាកទៅណាក៏គេមានគ្នាតែនៅពេលដែលរៀនយូរៗទៅកញ្ញាចាប់ផ្តើមស្គាល់គេ ហើយអារម្មណ៍ឯកាក៏នោះបាត់ទៅ។
មេរៀនជីវិតដែល ពៅសោភ័ណណារី ទទួលបានពីអាហារូបករណ៍នេះ
កញ្ញាបានលើកឡើងថា ចំពោះអ្វីដែលយើងជួបប្រទេះគឺត្រូវចេះអត់ធ្មតរឹងមាំហើយចេះដោះស្រាយខ្លួនឯងចំពោះរឿងទាំងនោះ «វាខុសគ្នាត្រង់ពេលដែលនៅស្រុកយើងពេលកើតទុក្ខគឺមានអ្នកផ្ទះជួយពិភាក្សាប៉ុន្តែនៅស្រុកគេគឺយើងខ្លួនឯងត្រូវប្រឈមមុខហើយដោះស្រាយវា»។មួយវិញទៀតកញ្ញារៀនចេះធ្វើអាហារញុំាដោយខ្លួនឯងផងដែរ ។
បន្ថែមលើនោះទៀតនៅពេលដែលមករៀនទីនោះកញ្ញាបានសង្កត់ធ្ងន់ថា៖«ការនិយាយភាសាជប៉ុនរបស់ខ្ញុំគឺមានភាពល្អប្រសើរជាងមុខព្រោះថានៅពេលដែលខ្ញុំនិយាយខុសគឺមានសិស្សច្បងជួយកែរតម្រូវ។លើសពីនោះទៀត ដោយសារតែខ្ញុំមានមិត្តភក្តិជាបរទេសដូចនេះការនិយាយាភាសាអង់គ្លេសក៏រីកចម្រើនជាងមុនផងដែរ»។សើចបណ្តើរនិយាយាបណ្តើរថា៖ « ជីវិតរៀននៅស្រុកគេមានពេលខ្លះសប្បាយ គឺសប្បាយខ្លាំងហើយមានពេលខ្លះក៏កើតទុក្ខដែរ ប៉ុន្តែយើងបានបទពិសោធន៍មួយថ្មីក្នុងជីវិតយើងផងដែរតាមរយៈសកម្មភាពទាំងនោះ»។
ដោយឡែកកញ្ញាក៏ធ្លាប់ទៅប្រទេសជប៉ុនម្តងរួចមកហើយតាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ (Jenesys) ដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន មុនពេលដែលកញ្ញាទទួលបានអាហារូបករណ៍នេះ។ ហើយនៅថ្ងៃអនាគតពៅសោភ័ណណារី គឺនៅតែមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុនដដែល ព្រោះវាជាក្តីស្រមៃនិងការស្រឡាញ់របស់កញ្ញា។
ជាចុងក្រោយកញ្ញាធ្វើការផ្តាំផ្ញើថា៖«ដើម្បីសម្រេចបំណងខ្លួនឯងគឺយើងត្រូវតែខំប្រឹងដោយខ្លួនឯងពីព្រោះថាភាពជោគជ័យឬគោលដៅទាំងនោះមិនរកមកយើងឡើយ។ហើយបើយើងមិនត្រូវទុកពេលវេលាចោលវាកាន់តែទៅមុខអត់ប្រយោជន៍ហើយចឹងយើងត្រូវប្រើវាដើម្បីដេញចាប់ក្តីសុបិន្តរបស់យើងអោយបាន»។៕
អត្ថបទដោយ ចាន់ ជីវ៉ា