សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
នៅក្នុងពិភពការងារ មានបុគ្គលិកជាច្រើនប្រភេទ ដោយក្នុងនោះមានបុគ្គលិកខ្លះ ធ្វើត្រឹមការងារដែលក្រុមហ៊ុន ឬស្ថាប័នបានកំណត់ បុគ្គលិកខ្លះធ្វើមិនបានតាមការកំណត់ ខណៈបុគ្គលិកខ្លះទៀត ធ្វើការងារហួសពីការកំណត់ហើយថែមទាំងបង្កើតគំនិតល្អៗបានយ៉ាងច្រើនក្នុងការងាររបស់ខ្លួន។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ឯកឧត្តមបានជួបជាមួយនឹងអ្នកវិនិយោគជាច្រើន ដើម្បីជជែកពីតម្រូវការធនធានមនុស្សដែលគេចង់បាន។ អ្វីដែលឯកឧត្តមមើលឃើញគឺអ្នកវិនិយោគទាំងអស់នោះ ត្រូវការបុគ្គលិកដែលមានការសហការល្អ និងមានភាពជាអ្នកដឹកនាំខ្ពស់ដើម្បីធ្វើការងារប្រកបដោយភាពច្នៃប្រឌិត ឬចូលរួមក្នុងចង្វាក់ផលិតកម្មឱ្យកាន់តែសកម្មជាដើម។
ឯកឧត្តម ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖« បុគ្គលិកជាទូទៅ ធ្វើការងារត្រឹមក្នុងបន្ទាត់ដែលគេកំណត់ ឬមិនដល់អ្វីដែលគេកំណត់ផង។ តែបុគ្គលិកខ្លះទៀត គាត់អាចដើរចេញពីរង្វង់ការងារ ឬពង្រីករង្វង់របស់គាត់ឱ្យកាន់តែធំ ដើម្បីទៅជួយផ្នែកជាច្រើនទៀតឱ្យរីកចម្រើនជាលំដាប់»។
បើតាមឯកឧត្តមរដ្ឋមន្ត្រី បុគ្គលិកជាច្រើនចូលចិត្តទទួលខុសត្រូវតែលើការងាររបស់ខ្លួន ឬធ្វើការងារតាមរយៈការបង្គាប់បញ្ជា តែមិនចូលចិត្តបង្កើតគំនិតថ្មីដើម្បីធ្វើឱ្យការងារកាន់តែឆ្លាតវៃ ឬធ្វើឱ្យកាន់តែលឿនជាងមុន និងបានល្អជាងមុននោះទេ។ បន្ថែមពីលើនេះ នៅពេលដែលមេដឹកនាំស្ថាប័ន ឬប្រធានស្ថាប័នផ្តល់ឱកាសឱ្យពួកគាត់ដើម្បីធ្វើការងារធំៗ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់គាត់ គាត់បែរជាយល់ថាវាជាសម្ពាធ ឬជាការបង្ខិតបង្ខំទៅវិញ។ ហេតុនេះពួកគាត់នៅតែបាត់បង់ឱកាស ក្នុងការទទួលបានភារកិច្ចឬតួនាទីសំខាន់ៗនៅក្នុងស្ថាប័ន។
ហេតុនេះហើយទើបបច្ចុប្បន្ននេះ អ្វីដែលពិភពលោកត្រូវការខ្លាំងបន្ថែម ពីលើជំនាញវិជ្ជាជីវៈរបស់មនុស្សម្នាក់ៗគឺជំនាញក្នុងការដោះស្រាយបញ្ហា ជំនាញក្នុងការសហការ គំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំនិងជំនាញទន់ជាច្រើនផ្សេងទៀតសម្រាប់ជួយឱ្យជីវិតឯកជន និងស្ថាប័នរីកចម្រើន៕