គន្លឹះជួយឱ្យរាងស្លីមស្អាត ហើយនៅតែសុខភាពល្អ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ចំណុចសំខាន់ដំបូង បើអ្នកចង់បានរាងស្លីមស្អាតគឺត្រូវបញ្ឈប់ការញ៉ាំអាហារដែលមានកាឡូរីខ្ពស់ និងងាកមកថែសុខភាពខ្លួនវិញ។ មិនចាំបាច់ត្រូវធ្វើលំហាត់ប្រាណ ឬបង្អត់អាហារនាំតែធ្វើបាបខ្លួនក៏អ្នកនៅតែអាចមានរាងស្អាត ហើយមានសុខភាពល្អបានដែរ។

១. យកចិត្តទុកដាក់រឿងចំណីអាហារ

គួរបន្ថែមប្រូតេអ៊ីនទៅក្នុងរបបអាហាររបស់អ្នកដើម្បីជួយក្នុងការសម្រកទម្ងន់តាមបែបធម្មជាតិហើយមិនប៉ះពាល់សុខភាព។ ប្រូតេអ៊ីនល្អដែលអ្នកអាចរកបានក្នុងអាហារមានដូចជា ស៊ុត សាច់ទ្រូងមាន់ដែលបកស្បែកហើយ ផ្សិត ត្រី តៅហ៊ូ សណ្ដែក និងទឹកដោះគោជាដើម។ ក្រៅពីនេះគួរគិតគូរញ៉ាំបន្លែ និងផ្លែឈើ​ឱ្យបានច្រើន ព្រោះជាកាកសរសៃនៅក្នុងបន្លែទាំងនោះជួយទៅសម្រួលការរំលាយអាហារ ហើយក៏សម្បូរទៅដោយវីតាមីនសំខាន់ៗ និងរ៉ែខនិជផងដែរ។

២. កាត់បន្ថយការប្រើស្ករ

ជៀសវាងការប្រើស្ករដែលបម្លែងពីរោងចក្រ ព្រោះវានេះហើយដែលធ្វើឱ្យរាងកាយទៅជាធាត់ឆាប់រហ័ស។គួរជៀសវាងអាហារដែលមានបន្ថែមជាតិស្ករដូចជា សូដា ខេក Cupcake សូកូឡាទឹកដោះគោ និងស្ករគ្រាប់ជាដើម។

៣. ញ៉ាំទឹកឱ្យបានច្រើន

ការធ្វើឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់គឺជាវិធីដ៏ល្អមួយក្នុងការសម្រកទម្ងន់។ ចូរផឹកទឹកនៅពេលដែលអ្នកមានអារម្មណ៍ឃ្លាន ដើម្បីជួយទៅកាត់បន្ថយចំណង់នៃការឃ្លានដែលនាំឱ្យអ្នកធាត់នោះ។ ការសិក្សាបានឱ្យដឹងថា ការផឹកទឹកឱ្យបាន ៥០០ ម.ល មុន​ពេល​បាយ​អាច​ជួយ​ឱ្យ​ស្រក​ទម្ងន់​ដ៏​ល្អ​សម្រាប់​ស្ត្រី​វ័យ​កណ្ដាល។

៤. ជៀសវាងការផឹកគ្រឿងស្រវឹង

ការផឹកគ្រឿងស្រវឹងញឹកញាប់​ និងក្នុងបរិមាណច្រើនពេកនឹងបង្កឱ្យឡើងគីឡូដុះក្បាលពោះច្បាស់ណាស់។ វិធីល្អបំផុត​ក្នុង​ការ​ទទួល​បាន​រាង​ស្អាត​គឺ​ការ​ជៀសវាង​ការ​ផឹក​គ្រឿង​ស្រវឹង​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​២​សប្ដាហ៍ដើម្បី​រំលាយ​ជាតិ​ខ្លាញ់​បាន​លឿន។ ទោះ​យ៉ាង​ណា អ្នក​អាច​ក្រេប​ស្រា​ក្រហម​មួយ​កែវ​នៅ​រាល់​២​សប្ដាហ៍​ម្ដងដើម្បី​ជា​ការ​ជួបជុំ។

៥. កុំទម្លាប់ញ៉ាំអាហារពេលល្ងាចយប់ពេក

អ្នកគួរញ៉ាំអាហារពេលល្ងាចយ៉ាងយូរបំផុតត្រឹមម៉ោង៧ល្ងាចទើបជាការប្រសើរ។ ការធ្វើបែបនេះ អ្នកអាចមានពេល ២ឬ៣ម៉ោងក្នុងការរំលាយអាហារ មុនដល់ម៉ោងចូលគេង។ ការញ៉ាំអាហារយឺត ហើយត្រូវចូលគេងភ្លាមៗនឹងធ្វើឱ្យ​ការ​រំលាយអាហារ​មិន​បាន​ល្អដែលជាហេតុនាំឱ្យអ្នកធាត់ ឡើងគីឡូនេះហើយ។

៦.ប្រើជណ្ដើរជើងឱ្យបានញឹកញាប់

បើអ្នកចង់ស្គមឆាប់គួរតែរៀនផ្លាស់ប្ដូរទម្លាប់មួយចំនួនដែលអ្នកមិនធ្លាប់គិតដល់ថាអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ឧទាហរណ៍ អ្នកដែលចូលចិត្តប្រើជណ្ដើរយន្ត ឬប្រើរបស់ស្វ័យប្រវត្តិជាជាងការប្រើកម្លាំង។ គួរងាកមកប្រើជណ្ដើរជើងឱ្យបានញឹកញាប់ ដើម្បីបញ្ចេញញើសដុតបំផ្លាញកាឡូរី។ ធ្វើបែបនេះអ្នកនឹងសប្បាយចិត្ត ​យូរទៅនឹងស៊ាំ លែងសូវហត់ ហើយអាចស្រកគីឡូបានទៀតផង។​

ប៉ុន្តែគួរជៀសវាងការប្រើជណ្ដើរជើងប្រសិនបើអ្នកមានបញ្ហាជង្គង់ ឬទើបងើបជាសះស្បើយដោយការវះកាត់ផ្សេងៗ។

៧.រំសាយអារម្មណ៍ស្ត្រេសឱ្យបានជាប្រចាំ

គួរចំណាយពេលហោចណាស់៣០-៤៥នាទីក្នុងមួយថ្ងៃដើម្បីខ្លួនឯង។ ការប្រើពេលវេលានេះគឺសំដៅលើការធ្វើឱ្យអារម្មណ៍ខ្លួនស្រស់ស្រាយ បំភ្លេចការគិតស្មុគស្មាញឬអារម្មណ៍ស្រ្តេសផ្សេងៗ តាមរយៈការគូររូប ផាត់ពណ៌ អានសៀវភៅ សរសេរពីនេះពីនោះ ស្ដាប់ចម្រៀង ឬសម្ដីអប់រំផ្លូវចិត្តជាដើម៕