សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ការហើមជើងអំឡុងពេលមានផ្ទៃពោះ បើតាមការបកស្រាយពីមន្ទីរពេទ្យកាល់ម៉ែត គឺជាដំណើរធម្មជាតិដោយសារការសង្កត់ទៅលើសរសៃឈាមធំៗរបស់អាងត្រគៀក ដោយទម្ងន់កាន់តែធ្ងន់របស់ស្បូនដែលធ្វើឱ្យលំហូរឈាមពីចុងជើងត្រលប់មកបេះដូង យឺតជាងធម្មតា និងចាល់ឈាមបង្កជាការហើមជើង។ ដោយហេតុផលនេះការហើមជើងភាគច្រើនកើតមាននៅកំឡុងពេលត្រីមាសទី៣ នៃផ្ទៃពោះចំពោះស្រ្តីដែលមានទឹកភ្លោះច្រើន ឬពរពោះកូនភ្លោះ។
សម្រាប់ការហើមជើងដោយមូលហេតុធម្មតានៃស្រ្តីមានផ្ទៃពោះ គួរគប្បីអនុវត្តទម្លាប់មួយចំនួនដូចខាងក្រោម៖
-គេងផ្អៀងមកខាងឆ្វេងដៃដើម្បីកាត់បន្ថយការសង្កត់របស់ស្បូនទៅលើសរសៃឈាមធំៗ។
-ដាក់ជើងអ្នកឱ្យបានខ្ពស់គ្រប់ពេល ដែលអាចធ្វើបានដូចជានៅពេលធ្វើការ ឬពេលគេងឬតម្រង់ជើងឱ្យបានញឹកញាប់ពេលអង្គុយលេង។
-ជៀសវាងការអង្គុយគងអន្ទាក់ខ្លាយូរ។
-ឧស្សាហ៍ផ្លាស់ប្តូរឥរិយាបថឬដើរហាត់ប្រាណដើម្បីជួយចលនាឈាមហូរបានល្អ។
-ចូរកុំបាក់ទឹកចិត្តព្រោះវាអាចបាត់ទៅវិញក្រោយពេលសម្រាលបុត្ររួច។
ដោយឡែក មន្ទីរពេទ្យកាល់ម៉ែតក៏បានបញ្ជាក់ពីសញ្ញាអាសន្ននៃការហើមជើងកំឡុងពេលមានផ្ទៃពោះដែលត្រូវយកចិត្តទុកដាក់រួមមាន៖
-លើសសម្ពាធឈាម
-ហត់ដង្ហក់
-ទឹកនោមតិច
-ជើងឡើងក្រហមហើយឈឺ-ល-។
ករណីជាការហើមជើងមានសញ្ញាអាសន្ន គួរប្រញាប់រួសរាន់មកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីវិភាគរកមូលហេតុឱ្យបានគ្រប់ជ្រុងជ្រោយ និងទទួលដំបូន្មានឬការព្យាបាលត្រឹមត្រូវ។ បន្ថែមពីនោះ មន្ទីរពេទ្យក៏បានណែនាំឱ្យស្រ្តីមានផ្ទៃពោះគួរតែតាមដាន និងពិនិត្យសុខភាពឱ្យបានទៀងទាត់ជាប្រចាំ។ ក្នុងករណីមានការហើម និងក្តីបារម្មណ៍ណាមួយគួរមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែតដើម្បីទទួលបាននូវការប្រឹក្សា និងព្យាបាលបានត្រឹមត្រូវទាន់ពេលវេលាប្រកបដោយសុវត្ថិភាព៕