សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងគ្រូពេទ្យជំនាញបានទទូចឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនឱ្យបានខ្ពស់បង្ការការឆ្លងជំងឺកូវីដ-១៩។ ខាងក្រោមនេះគឺជាវិធីសាស្ត្រសំខាន់ៗទាំង៥យ៉ាងដែលពលរដ្ឋ ជាពិសេសអ្នកធ្វើការនៅការិយាល័យដែលត្រូវមកធ្វើការជួបគ្នាច្រើនត្រូវតែអនុវត្តឱ្យបានដើម្បីជៀសវាងការធ្លាក់ខ្លួនឈឺ ឬឆ្លង។
១. ដាក់ជេលលាងដៃ និងទឹកអាល់កុលជាប់ខ្លួនជានិច្ច
ការប្រើជេលលាងដៃ និងទឹកអាល់កុលសម្រាប់បាញ់ការពារមុននិងក្រោយពេលចាប់កាន់របស់ប្រើប្រាស់ដូចជា ម៉ូតូ បង្កាន់ដៃជណ្ដើរ ជណ្ដើរយន្ត សោ តុកៅអីជាដើមគឺជារឿងដ៏ចម្បងដែលអ្នកអាចធ្វើបានដើម្បីសម្លាប់មេរោគដែលនៅទុំជាប់របស់របសទាំងនោះ ដែលយើងមិនអាចមើលឃើញបាននឹងភ្នែក។
២. លាងដៃឱ្យបានញឹកញាប់បំផុត
ត្រូវបង្កើនការលាងដៃឱ្យបានច្រើនជាងមុន មិនថាពេលចូលបន្ទប់ទឹកឬក្រោយចាប់កាន់របស់ខាងលើ និងលាងដោយប្រើសាប៊ូ លាងឱ្យបានសព្វល្អ រួចប្រើក្រដាសជូតសម្អាតឱ្យបានស្អាតល្អ។
៣. ពាក់ម៉ាសជានិច្ច មិនត្រូវប្រហែសឡើយ
ការធ្វើការក្នុងការិយាល័យត្រូវអង្គុយតុជិតគ្នាឬទល់មុខគ្នា។ ដូច្នេះការនិយាយឆ្លើយឆ្លងគ្នាដោយពាក់ម៉ាសគឺជាការពារដែលអ្នកគួរតែធ្វើឱ្យបានដើម្បីជៀសវាងការខ្ទាតទឹកមាត់ ឬតំណក់ទឹកតូចៗដែលអាចចម្លងមេរោគទៅគ្នាទៅវិញទៅមក។
៤. ដាក់បាយមកញ៉ាំនៅកន្លែងធ្វើការ
ក្នុងអំឡុងពេលនេះ យកល្អមិនគួរចេញទៅញ៉ាំខាងក្រៅឡើយព្រោះលទ្ធភាពនៃការឆ្លងអាចមានច្រើន។ ដូច្នេះគួរខ្ចប់បាយមកពីផ្ទះហើយញ៉ាំនៅកន្លែងធ្វើការដោយរក្សាគម្លាតពីគ្នា និងប្រើទឹកអាល់កុលបាញ់កន្លែងអង្គុយមុនញ៉ាំ។
៥. ចេញពីធ្វើការ ស្រូតទៅផ្ទះ
ផ្ទះគួរតែជាគោលដៅដំបូង ក្រោយពេលចប់ម៉ោងការងារ។ មិនគួរទៅជួបជុំគ្នាក្រោយម៉ោងការងារឡើយព្រោះវាគឺជាការប្រថុយក្នុងការឆ្លងរោគក្នុងអំឡុងពេលនេះ។ មិនតែប៉ុណ្ណោះពេលទៅដល់ផ្ទះភ្លាម គួរប្រញាប់ទៅងូតទឹកសម្អាតខ្លួន មុននឹងប៉ះពាល់ជាមួយសមាជិកគ្រួសារដទៃទៀតជាពិសេសកូនតូចៗ និងឪពុកម្ដាយចាស់។
សូមចូលរួមទាំងអស់គ្នាដើម្បីបង្កាការឆ្លងរាលដាល!