ចាបច័ន្ទរតនា៖ « ការងារស្មគ្រ័ចិត្តនៅប្រទេសចិនតាមរយៈ AIESECធ្វើអោយខ្ញុំផ្លាស់ប្តូរ»

កញ្ញា ចាប ច័ន្ទរតនាគឺជាបេក្ខនារីដែលមានឱកាសទៅធ្វើការងារស្ម័គ្រចិត្តនៅប្រទេសចិនក្នុងខេត្តស៊ូចូវតាមរយៈកម្មវិធី អាយហ្សេក (AIESEC) ដែលមានឈ្មោះថា “ផ្លាស់ប្ដូរអ្នកចូលរួម” (Exchange Participants) ហើយក្នុងនោះមានតែ២នាក់ប៉ុណ្ណោះដែលជាជនជាតិខ្មែរ​ ។

រតនា បានទៅផ្លាស់ប្តូរបទពិសោធន៍ក៏ដូចជាបង្រៀនក្មេងៗនៅប្រទេសចិន ជាមួយនឹងបេក្ខជនដែលមកពីប្រទេសផ្សេងៗទៀត ចំនួន៧នាក់ ដែលមាន២នាក់ជាជនជាតិខ្មែរ និង ៥នាក់ទៀតជាជនជាតិអឺរ៉ុប( អ៊ីតាលី  អាឡឺម៉ង់ និងអ៊ុយក្រែន)។ កញ្ញាបានលើកឡើងថានៅប្រទេសចិន កញ្ញាបានបង្រៀនក្មេងៗនៅតាមសាលាមួយចំនួននៅទីនោះ ទាក់ទងទៅនឹងបរិស្ថានរយៈពេល៦សប្តាហ៍ដោយកញ្ញាបានចេញដំណើរកាលពីថ្ងៃទី១០ កញ្ញា និងត្រឡប់មកវិញនៅថ្ងៃទី៣១តុលា ឆ្នាំ២០១៥។

ប្រវត្តិនៃការសិក្សា

មានអាយុ ២២ ឆ្នាំ ជាអ្នកខេត្តកំពង់ស្ពឺកញ្ញា ចាប  ច័ន្ទរតនា រៀនចប់ថ្នាក់វិទ្យាល័យនៅសាលា​អន្តរទ្វីបអាមេរិកកាំង នៅឆ្នាំ២០១១។ ក្រោយពីរៀនចប់ កញ្ញាបានចូលរៀនផ្នែក ឱសថសាស្ត្រនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលស្គាល់ថា (សាលាក្រហម) ហើយបច្ចុប្បន្នកញ្ញារៀនឆ្នាំទី ៥​។

គួរបញ្ជាក់ផងដែរថា នៅពេលដែលកញ្ញារៀនចប់បាក់ឌុបដំបូងកញ្ញាបានចូលសិក្សាភាសាអង់គ្លេសនៅវិទ្យាស្ថាន ភាសាបរទេស (IFL) និង សាកលវិទ្យាល័យមេគង្គ (ផ្នែកគ្រប់គ្រង)  ប៉ុន្តែនៅពេលដែលកញ្ញាប្រឡងជាប់នៅសាលាក្រហម រតនា ក៏សម្រេចចិត្តបោះបង់សាលាទាំងពីរនោះហើយមកចាប់យកជំនាញឱសថសាស្ត្ររហូតមកដល់សព្វថ្ងៃ។

ដំណើរការនិងគន្លឹះដែលអាចជាប់ក្នុងកម្មវិធី

ដំបូង បេក្ខជនត្រូវស្វែងរក Page AIESEC​​ Cambodia នៅលើបណ្តាញសង្គមហ្វេសប៊ុក និងដាក់បែបបទតាម អនឡាញ ។ បន្ទាប់មកគេនឹងធ្វើការសំភាសន៍ ហើយនៅពេលដែលជាប់វគ្គសំភាសន៍យើងនឹងត្រូវជ្រើសរើសគម្រោងដែលយើងចាប់អារម្មណ៍ ដើម្បីដាក់ ម្ដងទៀត។  ក្រោយមក ម្ចាស់គម្រោងដែលយើងរើសនោះ នឹងមកសំភាសន៍យើងជាលើកចុងក្រោយ។

តែដើម្បីមានឱកាសជាប់ក្នុងកម្មវិធីនេះកញ្ញា រតនា បានបង្ហើបថា យើងត្រូវស្វែងយល់ថា តើគម្រោងដែលយើងជ្រើសរើសដើម្បីដាក់នោះ គឺចង់បានអ្វីនិងលក្ខខណ្ឌអ្វីខ្លះដែលបេក្ខជនត្រូវមានហើយយើងខ្លួន​ឯងមានគោលដៅអ្វីដែលចង់ចូលរួមក្នុងកម្មវិធីហ្នឹង។ និយាយជារួម បេក្ខជនគឺត្រូវមានគម្រោងនិងគោលដៅច្បាស់លាស់ទើបអាចសម្រេចបានជោគជ័យ។

ជាក់ស្តែងកញ្ញាបានលើកឡើងថាគម្រោងនោះគឺមិនផ្តោតទៅលើអ្នកដែលល្អឥតខ្ចោះទេ ប៉ុន្តែគេស្វែងរកអ្នកដែលមានការតាំងចិត្តខ្ពស់ដែលចង់ទៅ ដូច្នេះនៅពេលដែលសរសេរឬសំភាសន៍ យើងត្រូវបង្ហាញគេថា យើងមានឆន្ទៈខ្ពស់ចង់ទៅ ហើយមានគម្រោងច្បាស់លាស់ថាយើងទៅ គឺចង់បាន ឬរៀនអ្វីខ្លះពីកម្មវិធីនោះ។ កញ្ញាបានបន្តថា អ្វីដែលសំខាន់ជាងនេះគឺចំនេះដឹងភាសាអង់គ្លេសបទពិសោធន៍នៃការងារស្ម័គ្រចិត្តដែលយើងធ្លាប់ធ្វើពីមុន និងបង្ហាញភាពជាអ្នកដឹកនាំដែលយើងមាន ព្រមទាំងបង្ហាញភាពជឿជាក់ផងដែរ។ មិនតែប៉ុណ្ណោះកញ្ញាបាននិយាយថា៖ « ត្រូវធ្វើអ្វីដែលជាខ្លួនយើង (Act as who you are!) »​ នៅពេលវគ្គសំភាសន៍។

អ្វីដែលកញ្ញាទទួលបានក្រោយពីចូលរួមក្នុងកម្មវិធីនេះ

របៀបទំនាក់ទំនង ការប្រើប្រាស់ភាសាអង់គ្លេសនិងជំនាញនៃភាពជាអ្នកដឹកនាំ កាន់តែមានភាពល្អប្រសើរជាងពេលមុន នេះជាអ្វីដែល រតនា ទទួលបានព្រោះថានៅពេលដែល ទៅដល់ប្រទេសចិន គឺកញ្ញាត្រូវធ្វើអ្វីៗដោយខ្លួនឯងទាំងអស់ មិនថាការបង្រៀនឬ ពេលធ្វើដំណើរទៅបង្រៀនទេ ដោយសារតែ អ្នកបកប្រែនៅជាមួយកញ្ញាចាប់ពីម៉ោង១ដល់ម៉ោង៥ល្ងាចប៉ុណ្ណោះ បើហួសពីម៉ោងនោះ កញ្ញាត្រូវទទួលខុសត្រូវដោយខ្លួន​ឯង។កញ្ញាមានអារម្មណ៍ថា ខ្លួន​ឯងក្លាយជាមនុស្សឯករាជ្យ ហេតុនេះហើយ ភាពទទួលខុសត្រូវនិងការប្រុងប្រយ័ត្នវាកើតមានឡើងកាន់តែខ្លាំងនិងប្រសើរជាងមុន។

បញ្ហាដែលជួបប្រទះនៅប្រទេសចិន ក្នុងរយៈពេល៦សប្តាហ៍

ប្រជាជនចិនគឺមិនសូវមានអ្នកចេះនិយាយភាសាអង់គ្លេសទេដូច្នេះកញ្ញាបានប្រាប់ថា គឺមានការពិបាកសម្រាប់ការទំនាក់ទំនងនៅពេលដែលអ្នកបកប្រែមិននៅជិតខ្លួន។លើសពីនោះទៀតគឺថា នៅពេលដែលធ្វើដំណើរដោយជិះឡានក្រុង ហើយអក្សរដែលនៅចំណតនីមួយៗគឺភាសាចិនទាំងអស់ដូចនេះវាពិបាកខ្លាំង។

និយាយបណ្តើរសើចបណ្តើរកញ្ញាបានលើកឡើងថា៖ «  ពេលដើរទៅណាមកណាអីយើងអត់ចេះនិយាយចិន ចឹងហើយត្រូវប្រើភាសាកាយវិកាផង ប្រើវចនានុក្រមតាមទូរស័ព្ទផង»។សម្រាប់ម្ហូបអាហារចិនវិញ កញ្ញាប្រាប់ថា គឺពិបាកបរិភោគ ដោយសារតែមានរសជាតិសាបហើយខ្លាញ់ច្រើន។ រី​ឯអាកាសធាតុគឺមានភាពត្រជាក់ជាងនៅប្រទេសកម្ពុជា។

និយាយដោយរអាក់រអួលបន្តិចកញ្ញាបន្តថា៖ «ខ្ញុំមិនដឹងអ្នកដទៃមានអារម្មណ៍ដូចខ្ញុំឬអត់ទេ ​ប៉ុន្តែនៅពេលដែលខ្ញុំនៅទីនោះគឺមានអារម្មណ៍ថាឯកោ។ ព្រោះនៅពេលដែលយើងចេញក្រៅម្នាក់ឯងចឹង អត់មានអ្នកណាគេនៅជាមួយហើយទៅណាក៏ឮគេនិយាយចិន ហើយចង់និយាយទៅគេគឺពិបាក។ ចឹងហើយក៏មានអារម្មណ៍ថាតែលតោលម្នាក់ឯង»។

ជាសារចុងក្រោយ កញ្ញាបានផ្តាំផ្ញើថា៖« យុវជនទាំងអស់គួរតែធ្វើអ្វីដែលខ្លួនចង់ធ្វើ កុំចាំបាច់គិតពីអ្នកដទៃនិយាយថាយ៉ាងម៉េចនោះទេ។អ្វីដែលសំខាន់គឺសួរខ្លួនឯងថាចង់ធ្វើអ្វី ដូច្នេះយើងនឹងមានឆន្ទៈក្នុងការធ្វើវាអោយបានជោគជ័យ»៕ 

អ្វីទៅជាAIESECCambodia?

AIESEC កម្ពុជាគឺជាផ្នែកមួយនៃបណ្តាញAIESEC ក្នុងពិភពលោក ហើយកម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ប្រទេស១១១ដែលជាសមាជិក ។ បច្ចុប្បន្ននេះ AIESECកម្ពុជាមានសមាជិកជាង៣០០នាក់ ដែលមកពីសាកលវិទ្យាល័យចំនួន ១០ ក្នុងប្រទេសកម្ពុជា។  AIESEC អន្តរជាតិគឺមានគោលបំណងអភិវឌ្ឍភាពជាអ្នកដឹកនាំចេញពីមនុស្សវ័យក្មេង(និស្សិតនិងនិស្សិតបញ្ចប់ការសិក្សាថ្មីៗ) ដោយផ្តល់ឱ្យពួកគេនូវឱកាសអភិវឌ្ឍខ្លួន គេតាមរយៈបទពិសោធរបស់អ្នកដឹកនាំនិងភាពជាម្ចាស់ការទទួលខុសត្រូវនានានៅក្នុងការប្រតិបត្ដិនៃអង្គការនេះ។ ព្រមទាំងជំរុញអោយមានការយល់ដឹងវប្បធម៌ឆ្លងប្រទេសនិងការអភិវឌ្ឍជំនាញវិជ្ជាជីវៈតាមរយៈការផ្លាស់ប្តូរជាអន្តរជាតិ។  កម្មវិធីនេះនឹងធ្វើឱ្យនិស្សិតកម្ពុជាអាចចូលរួមក្នុងការចូលទៅហាត់ការនៅក្រៅប្រទេសហើយនៅពេលជាមួយគ្នា មានរៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍សង្គមក្នុងប្រទេសកម្ពុជាដែលមានសិស្សនិស្សិតមកពីជុំវិញពិភពលោកអាចចូលរួម។តាមរយៈការអភិវឌ្ឍភាពជាអ្នកដឹកនាំនិងការផ្លាស់ប្តូរអន្ដរជាតិនៅទូទាំងប្រទេសក្នុងនោះអង្គការAIESEC នៅទូទាំងពិភពលោកមាន ទស្សនៈវិស័យរួមមួយ ដើម្បីជំរុញសន្ដិភាពនិងការបំពេញនៃសក្តានុពលនៃមនុស្សលោក៕

អត្ថបទដោយ ចាន់ ជីវ៉ា