ទៅ​ដឹង​ពី​ប្រយោជន៍ ពី​ការ​​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ ពេញ​មួយ​ថ្ងៃ​

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ជាតិ​ទឹក​ក្នុង​រាង​កាយ​ប្រចាំ​ថ្ងៃ​​គឺ​មាន​​សារៈសំខាន់​​ណាស់​សម្រាប់​មនុស្ស​គ្រប់​គ្នា ដែល​រាង​កាយ​មនុស្ស​​ពេញ​វ័យ​ជា​មធ្យម​ត្រូវ​​ការ​ប្រហែល​​ទឹក​ប្រហែល២​លីត្រ​/១​ថ្ងៃ។ ជា​មួយ​គ្នា​នេះការ​ញ៉ាំ​ទឹក​​ក៏​មាន​​គ្នា​យើង​ខ្លះ​ចូល​ចិត្ត​ទឹក​ត្រជាក់ ខ្លះ​ក៏​ចូល​ចិត្ត​ទឹក​ក្តៅ​ឧណ្ហ​ៗ ឬ​ច្នៃ​ជា​ភេសជ្ជៈ​ឆុង​ផ្សេង​ៗ។ តាម​រយៈ​ការ​ញ៉ាំ​ទឹក​​ដែល​ជា​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​សម្រាប់​សុខភាព​នេះ អ្នក​ជំនាញ​សុខភាព​ពី​ប្រទេស​ឥណ្ឌា ក៏​បាន​ចែក​រំលែក​​ពី​អត្ថប្រយោជន៍​មួយ​ចំនួន នៃ​ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗដែល​ជួយ​ទៅ​ដល់​សុខភាព​បាន​ច្រើន​យ៉ាង​​៖​​

.ជួយ​សម្រក​ទម្ងន់​៖ ចាប់​ផ្តើម​ថ្ងៃ​ថ្មីដោយ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗលាយ​ជា​មួយ​ទឹក​ឃ្មុំ ជា​វិធី​​ពិសេស​មួយ​​​​​​ជួយ​រក្សា​​មេតាប៉ូលីស (ប្រតិកម្ម​រំលាយ​អាហារ) ដែល​ជួយ​ដល់​​ការ​សម្រក​ទម្ងន់​របស់​យើង​។

.ជួយ​បន្ថយ​​ការ​ឈឺ​ចាប់​ពេល​មក​រដូវ៖ អំឡុង​ពេល​បង​ប្អូន​​មក​លេង​(មក​រដូវ)នារី​ៗ​គ្នា​យើង ​អាច​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ នៅ​មុន​ពេល​​ចូល​គេងនឹង​ឃើញ​ពី​ប្រសិទ្ធិភាព​ល្អ ព្រោះ​​​វា​ជួយ​សម្រួល​​ទៅ​​ដល់​សាច់​ដុំ​ពោះ​​ដែល​ឈឺ​ចាប់​ពេល​មក​រដូវ​ម្តង​ៗ។

.សម្រួល​ការ​រំលាយ​អាហារ៖ ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​លាយ​ជា​មួយ​ទឹក​ឃ្មុំ​និង​ក្រូច​ឆ្មារ ញ៉ាំ​ពេល​​ភ្ញាក់​ពី​គេងគឺ​ជួយ​ដល់​​រាង​កាយ ​​​សម្រាប់​​ការ​រំលាយ​អាហារ​ឱ្យ​បាន​​សព្វ​ល្អ ដោយ​សារ​ទឹក​ក្តៅ​ជួយ​ដល់​ការ​បំបែក​​វត្ត​មាន​ជាតិ​ខ្លាញ់ ​ដែល​​មាន​ក្នុង​អាហារ​ដែល​អ្នក​បាន​ញ៉ាំ​។

.ទប់​ស្កាត់​ការ​ទល់​លាមក៖ បញ្ហា​ទល់​លាមក​កើត​ឡើង​ដោយ​សារ​កង្វះ​ជាតិ​ទឹក​គ្រប់​គ្រាន់​ក្នុង​រាង​កាយ​។ ព្យាយាម​ញ៉ាំ​ទឹក​ ក្តៅ​ឧណ្ហ​ៗមុន​ពេល​ចូល​គេង និង​នៅ​ពេល​ភ្ញាក់​ពី​គេងមិន​ត្រឹម​ជួយ​សម្រួល​ចលនា​ចរន្ត​ឈាម​ក្នុង​រាង​កាយ​ថែម​ទាំង​សម្រួល​​ត្រង់​ផ្នែក​​​ពោះ ធ្វើ​ឱ្យ​​បញ្ហា​ទល់​​លាមក​បាន​​ថម​ថយ​។

.សម្រួល​បញ្ហា​ឈឺ​កនិង​ច្រមុះ៖ ​ទឹក​ក្តៅ​ឧណ្ហ​ៗញ៉ាំ​ពេញ​មួយ​ថ្ងៃជា​វិធី​មួយ​​សម្រួល​​លើ​បញ្ហា​ ឈឺ​ក ក្អក និង​ស្លេស្ម​។ ប្រសិទ្ធិភាព​នៃ​ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ បាន​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ដង្ហើម​ឱ្យ​មាន​ភាព​ធូរ​ស្បើយ​ឡើង​វិញពេល​មាន​បញ្ហា​ទាំង​នោះ​។

.ជួយ​ឱ្យ​គេង​លក់​ស្កប់និង​ជួយ​ដល់​ស្បែក​៖ ញ៉ាំ​ទឹក​​ក្តៅ​ឧណ្ហ​ៗ​​រៀង​រាល់​ថ្ងៃ​គឺប្រៀប​ដូច​ការ​បណ្តេញ​ជាតិ​ពុល​ពី​រាង​កាយ បន្ថែម​ពី​នោះវា​ជួយ​ឱ្យ​សាច់​ដុំ​​​រាង​កាយ​អ្នក​បាន​សម្រាក​ ដែល​​នេះ​បាន​ជួយ​ដល់​​ការ​គេង​ឱ្យ​បាន​លក់​ស្កប់ និង​​ជួយ​ដល់​សុខភាព​ស្បែក​អ្នក​ឱ្យ​បាន​ស្រស់​ថ្លា​ផង​ដែរ៕