ស្រីរ័ត្ន ទទួលបានអាហារូបករណ៍របស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន ព្រះរាជបុត្រីព្រះ មហាក្សត្រថៃ ដែលបានព្រះរាជឧបត្ថម្ភជារៀងរាល់ឆ្នាំដល់ ក្រសួងអប់រំ យុវជននិង កីឡានៃព្រះរាជាណាចក្រកម្ពុជា ។
ដោយទឹកចិត្តស្រលាញ់ និងការចូលចិត្តនិយាយរៀបរាប់ប្រាប់អ្នកដទៃអំពីអ្វីដែលមានលក្ខណៈជាប្រវត្តិសាស្រ្តតាំងពីវ័យក្មេង បានធ្វើអោយ ស្រីរ័ត្ន ចាប់ចិត្តលើការដាក់យកអាហារូបករណ៍លើជំនាញទេសចរណ៍វិញបន្ទាប់ពីបានចូលសិក្សាលើផ្នែកឱសថសាស្រ្ដ នៅសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ។កញ្ញាបានប្រាប់ថា៖« ខ្ញុំចូលចិត្តនាំគេដើរលេង និង និយាយប្រាប់គេអំពីអ្វីមួយដូចខ្ញុំធ្វើជាអ្នកមគ្គុទេសចឹង ខ្ញុំអាចនាំភ្ញៀវដើរមើលប្រាសាទអង្គរវត្ត ចឹងវាបានទាក់ទាញភ្ញៀវទេសចរច្រើននៅក្នុងស្រុកខ្មែរយើងទៀតហើយនេះគឺជាអ្វីដែលនាងខ្ញុំអាចជួយរួមចំណែកលើកស្ទួយវិស័យទេសចរណ៍នៅស្រុកខែ្មរយើង»។
ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃរយៈពេល៤ឆ្នាំគឺដំបូងកញ្ញាបានធ្វើការស្វែងរកអាហារូបករណ៍នៅនាយកដ្ឋានអាហារូបករណ៍ ដែលមានទីតាំងនៅជិតប៉ុស្ដិ៍អប្សារា។បន្ទាប់មកកញ្ញាបានរៀនត្រៀមលើមុខវិជ្ជាមួយចំនួនដូចជា៖ គណិតវិទ្យា រូបវិទ្យាគីមីវិទ្យា ជីវៈវិទ្យា ភាសាថៃ និង ភាសាអង់គ្លេស (សំខាន់ជាងគេ)រយៈពេលមួយឆ្នាំមុននឹងទៅប្រឡង។ ដោយសារតែមានការត្រៀមខ្លួនជាមុនព្រមទាំងមានគម្រោងច្បាស់លាស់បែបនេះ ទើបធ្វើអោយកញ្ញាប្រឡងជាប់អាហារូបករណ៍ជាស្ថាពរ។
ចំពោះការសិក្សានៅប្រទេសថៃវិញពិតជាមានការលំបាកខ្លាំងសម្រាប់ស្រីរ័ត្ន លើភាសាទំនាក់ទនង នៅពេលដែលទៅដល់ទីនោះដំបូង ដោយការសិក្សានៅក្នុងសាលាគេមិនប្រើភាសាអង់គ្លេសជាគោលទេ គឺត្រូវប្រើភាសាថៃសុទ្ធដូចសិស្សថៃអញ្ចឹងដែរ។កញ្ញាបានលើកឡើងថា៖«ពេលដំបូងអត់ចេះអក្សរថៃចឹង ពេលទៅរៀនអត់ចេះទេព្រោះស្តាប់គេមិនបាន។មានអារម្មណ៍ថាពិបាកខ្លាំងណាស់ ព្រោះរៀនអត់យល់អីចឹង។»
តែក្រោយមកស្រីរ័ត្នបានចូលរៀនភាសាថៃវគ្គខ្លីដែលមានរយៈពេល៣ខែ ធ្វើអោយការលំបាកមានភាពធូរស្រាលបន្តិច ដោយសារតែកញ្ញា ចាប់ផ្តើមចេះភាសាថៃខ្លះៗ និងចាប់ផ្តើមស៊ាំខ្លួននឹងការសរសេរស្តាប់ និងនិយាយ រីឯការប្រាស្រ័យទាក់ទងជាមួយប្រជាជននិងសិស្សនៅទីនោះ ក៏កាន់តែមានភាពងាយស្រួលជាងមុនផងដែរ។
រីឯកន្លែងស្នាក់នៅ មិនមានបញ្ហានោះទេដោយសារសាលាជាអ្នកគិតគូ និងគ្រប់គ្រង ដូចនេះកញ្ញាមានពេលវេលាច្រើនផ្ដោតលើការសិក្សា។ កញ្ញាបានប្រាប់ថាមានពេលខ្លះលំបាកដែរចំពោះម្ហូបអាហារ ព្រោះថាម្ហូបនៅថៃគឺមានរសជាតិហិរខ្លាំង ឬផ្អែមខ្លាំង ដូចនេះវាពិបាកបរិភោគ ដោយកញ្ញាមិនទាន់ស៊ាំនឹងរស់ជាតិទាំងនោះហេតុនេះហើយទើបកញ្ញាបង្ខំចិត្តធ្វើម្ហូបអាហារញុំាំខ្លួនឯងច្រើនជាងញុំាំអាហារនៅខាងក្រៅផ្ទះ។
ម្យ៉ាងវិញទៀត កញ្ញាក៏បានលើកឡើងពីការរើសអើងជាតិសាសន៍ពីសំណាក់និសិ្សតថៃមួយចំនួនតែក៏មានអ្នកដែលមិនមានចិត្តរើសអើងបែបនេះឡើយ។ ទោះជាយ៉ាងនេះក្តីកញ្ញានៅតែព្យាយាមជំនះឧបសគ្គដែលកើតមានទាំងឡាយ ដោយត្រូវបើកចិត្តអោយទូលាយ តាំងចិត្តខិតខំរៀនសូត្រទាំងយប់ទាំងថ្ងៃអោយរៀនទាន់គេនិងពូកែថែមទៀត។កញ្ញាក៏សង្កត់ធ្ងន់ថា៖ «យើងជំនះវាបានដោយខិតខំរៀនសូត្រ ដោយមើលមេរៀនទាំងយប់ទាំងថ្ងៃ ព្រោះថាគេដើរ យើងត្រូវរត់»។ ហេតុនេះហើយកញ្ញាមិនសូវបានគេងគ្រប់គ្រាន់ទេដោយសារតែខិតខំរៀនសរសេរនិង អានភាសាថៃ ដើម្បីរៀនអោយទាន់គេ រហូតដល់បាន៦ខែទើបកញ្ញារៀនចេះភាសាថៃហើយអ្វីៗក៏ប្រសើរឡើងដែរ។
សូមបញ្ជាក់ផងដែរថា ស្រីរ័ត្នក៏ធ្លាប់ទៅប្រទេសវៀតណាម ដើម្បីចូលរួមក្នុងកម្មវិធី អាស៊ានផងដែរ។ មិនតែប៉ុណ្ណោះកញ្ញានឹងធ្វើដំណើរទៅប្រទេសសឹង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក្នុងកម្មវិធី (ASEAN Camp)នៅក្នុងខែមករាឆ្នាំ២០១៦នេះ។ សម្រាប់គម្រោងទៅថ្ងៃអនាគតវិញកញ្ញាចង់បន្តការសិក្សានៅសហរដ្ឋអាមេរិច ជាមួយគ្នានេះដែរ កញ្ញាក៏បានបញ្ជាក់ថានៅប្រទេសថៃ ប្រសិនបើនិស្សិតរៀនបានពិន្ទុល្អ គេនឹងអោយរៀនបន្តថ្នាក់អនុបណ្ឌិតទៀត។
ជាចុងក្រោយ ស្រីរ័ត្នមានការផ្តាំផ្ញើទៅយុវជនថាប្រសិនបើអ្នកចង់បន្តការសិក្សានៅស្រុកក្រៅគឺត្រូវខិតខំរៀនសូត្រជាមុន ព្រមទាំងត្រូវមានគោលដៅនិង គម្រោងច្បាស់លាស់ ដើម្បីប្រលងយកអាហារូបករណ៍ដែលអ្នកប៉ងចង់បាន ព្រោះថានៅពេលដែលអ្នកត្រៀមខ្លួនរួចជាមុនភាគរយដែលជាប់អាហារូបករណ៍គឺមានច្រើន «ហើយអ្វីដែលសំខាន់គឺត្រូវមានភាពអត់ធ្មត់ និងព្យាយាម ព្រោះថាបើគ្មានភាពអត់ធ្មត់ទេ ក៏គ្មានភាពជោគជ័យដែរ»៕
អត្ថបទដោយ ចាន់ ជីវ៉ា និង ស៊ូ ពិសែន