សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភ្នំពេញ ៖ លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលគេស្គាល់ថាជាមហាសេដ្ឋីផ្នែកកសិកម្ម បានជំរុញ និងលើកទឹកចិត្តដល់បណ្តាអ្នកមានធនធានគ្រប់គ្រាន់ ជាពិសេសអ្នកដែលមានដីទំនេរធំៗគប្បីបង្កើតជាតំបន់កសិកម្ម ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យកសិកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ព្រមទាំងជួយបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងស្ថានភាពប្រឈមនឹងវិបត្តិដែលកំពុងកើតមាន។
តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិកផ្លូវការកាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានមានលើកឡើងថា ខណៈដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់នូវការរាតត្បាតនៃជំងឺកូវីដ១៩ អ្នកដែលមានទ្រព្យសម្បត្តិជាប្រភេទដីធ្លីទុកចោល គួរតែអភិវឌ្ឍន៍ដីនោះ តែបើមិនបានធ្វើគួរកុំបង្កើតកំហុស និងរំខានដល់អ្នកអភិវឌ្ឍន៍ផ្សេងទៀត។
លោកឧកញ៉ាបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់អ្នកមានទ្រព្យសម្បត្តិដីធ្លីទុកទំនេរចោល សុំមេត្តាយកប្រាក់មកអភិវឌ្ឍន៍ដីនេះ ដើម្បីជួយបង្កើតការងារបន្ថែមទៀតអោយបានដល់ប្រជាពលរដ្ឋយើងបានធ្វើ តែបើមិនធ្វើអីទេសុំមេត្តាកុំទៅដើររករឿង នាំអោយរំខានដល់អ្នកដែលកំពុងតែអភិវឌ្ឍន៍ ជាធម្មតាអ្នកធ្វើតែងតែមានកំហុសតិច ឬច្រើនមិនខានឡើយ” ។
លោកឧកញ៉ាបន្តថា “ខ្ញុំចុះមកពិនិត្យមើលសកម្មភាពការងារនៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យដើម្បីជំរុញលើគ្រប់វិស័យអោយឆាប់ហើយរួចរាល់ជាស្ថាពរ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃក្រកម្ពុជា។ ក្នុងន័យជួយបង្កើតការងារអោយដល់ប្រជាពលរដ្ឋបន្ថែមទៀត នៅក្នុងឱកាសដែលប្រទេសជាតិយើងក៏ដូចជាពិភពលោកទាំងមូល កំពុងតែទទួលរងនូវជម្ងឺឆ្លងកូរូណាកូវិដ១៩ ដ៏មហាប្រលៃនេះ” ។
បច្ចុប្បន្ននេះ លោកឧកញ៉ា ម៉ុង ឬទ្ធី បាននឹងកំពុងជំរុញដល់ការអភិវឌ្ឍតំបន់អភិវឌ្ឍន៍កសិទេសចរណ៍របស់លោក នៅលើផ្ទៃដីររាប់រយហិកតាស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ឱ្យបានចប់តាមផែនការ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខណៈវិស័យមួយនេះ បាននឹងកំពុងជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19 ។ លោកឧកញ៉ាត្រូវបានមនុស្សទូទៅ ក៏ដូចជាបណ្តាអ្នកជំនួញជាតិ និងអន្តរជាតិទទួលស្គាល់ថា ជាពាណិជ្ជករ និងវិនិយោគិនដ៏មានឈ្មោះល្បីម្នាក់នៅប្រទេសកម្ពុជាដែលបានបោះទុនវិនិយោគលើវិស័យសំខាន់ៗ ជាច្រើននៅក្នុងប្រទេស រួមមានវិស័យកសិកម្ម ទេសចរណ៍ ចំការដូងប្រេង និងកំពង់ផែនស្ថិតនៅក្នុងខេត្តព្រះសីហនុ ៕