សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
មិនថាការសម្ភាសក្នុងទម្រង់បែបណាទោះជាសម្ភាសផ្ទាល់មុខក្ដី សម្ភាសតាមទូរសព្ទ ឬតាមវីដេអូក្ដី បេក្ខភាពទាំងអស់ត្រូវតែត្រៀមខ្លួនឱ្យបានស្រេចបាច់ទាំងព្រមដើម្បីទទួលបានជោគជ័យក្នុងការស្វែងរកការងារថ្មីដែលអ្នកកំពុងតែដាក់ពាក្យនេះ។ ក្រៅពីការត្រៀមខ្លួនដោយការស្លៀកពាក់ត្រឹមត្រូវ ការមកដល់មុនម៉ោងកំណត់ អ្នកក៏ត្រូវដឹងខ្លះៗអំពីសំណួរដែលគួរត្រៀមក្នុងការឆ្លើយតបពេលសម្ភាសផងដែរ។ ខាងក្រោមនេះគឺជាសំណួរសំខាន់ៗទាំង៦ដែលអ្នកដឹងតែត្រូវឆ្លើយក្នុងពេលសម្ភាសការងារ៖
១. ចូររៀបរាប់អំពីខ្លួនអ្នក
នេះប្រហែលជាសំណួរដំបូងគេក្នុងការចាប់ផ្ដើមការសម្ភាសរបស់បេក្ខជនហើយអ្នកដែលសួរសំណួរនេះក៏មិនមែនដើម្បីកម្សាន្ត ឬលេងសើចដែរ។ អ្វីដែលអ្នកសួរសំណួរនេះចង់ឱ្យបេក្ខជនបញ្ចូលក្នុងចម្លើយរបស់ពួកគេមានដូចជា៖
- តើអ្នកមានបទពិសោធន៍អ្វីដែលសមស្របជាមួយការងារដែលអ្នកកំពុងតែដាក់ពាក្យដែរឬក៏អត់?
- តើអ្នកមានសមត្ថភាពអ្វីពិសេស បើធៀបជាមួយបេក្ខជនដទៃ?
- តើបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកត្រូវជាមួយការងារដែលអ្នកកំពុងដាក់ពាក្យនេះឬអត់?
គន្លឹះក្នុងការឆ្លើយសំណួរនេះអ្នកអាចចាប់ផ្ដើមដោយនិយាយអំពីអ្វីដែលធ្វើឱ្យអ្នកស្រលាញ់ការងារ ឬអាជីពរបស់អ្នកសមិទ្ធផលដែលអ្នកសម្រេចបានក្នុងអាជីពពីមុន ផែនការការងាររបស់អ្នកបច្ចុប្បន្ន និងហេតុផលនៃការកំណត់ផែនការនេះជាដើម។
២.តើអ្នកស្គាល់ក្រុមហ៊ុនយើងតាមរយៈអ្វី?
បេក្ខជនភាពច្រើនតែងឆ្ងល់ថា ហេតុអ្វីអ្នកសម្ភាសសួរសំណួរនេះ។ ចម្លើយគឺក៏ព្រោះពួកគេចង់ដឹងថាតើអ្នកបានស្រាវជ្រាវពីក្រុមហ៊ុនគេ មុននឹងមកសម្ភាសនេះដែរឬទេ។ ពួកគេក៏ចង់ដឹងថា តើអ្នកមានបានស្វែងយល់ថាតើក្រុមហ៊ុនរបស់ពួកគេស័ក្ដិសមសម្រាប់ជាកន្លែងការងារក្នុងក្ដីស្រមៃរបស់អ្នកដែរឬក៏អត់។
គន្លឹះដើម្បីឆ្លើយសំណួរនេះឱ្យបានល្អ អ្នកមិនគួរអាន ឬសូត្រឡើងវិញនូវព័ត៌មានដែលមាននៅលើទំព័រមុខរបស់វិបសាយក្រុមហ៊ុនឡើយព្រោះវាមិនមែនជាការស្រាវជ្រាវទេ តែវាជាការចាំមាត់ទៅវិញ។ ចូរជ្រើសរើសព័ត៌មានសំខាន់ៗ១ ឬ២ដែលបង្ហាញពីចំណុចខ្លាំងរបស់ក្រុមហ៊ុន ដូចជាបេសកកម្មចក្ខុវិស័យ ឬផលិតផល/សេវាកម្មរបស់ក្រុមហ៊ុនជាដើម។ អ្នកអាចពន្យល់ពីអ្វីដែលធ្វើឱ្យអ្នកស្ញប់ស្ញែងទាក់ទងនឹងក្រុមហ៊ុននិងថាតើវាអាចទាក់ទាញអ្នកឱ្យមកដាក់ពាក្យតាមរបៀបណា។
៣. ហេតុអ្វីអ្នកឈប់ពីការងារមុន?
ត្រូវចាំថា ពេលអ្នកសម្ភាសសួរសំណួរនេះមិនមែនបានន័យថាពួកគេចង់ដឹងរឿងផ្ទាល់ខ្លួនរបស់អ្នកពេកនោះទេ តែគឺពួកគេចង់ដឹងអំពីមូលហេតុដែលអ្នកឈប់ពីការងារមុននិងដើម្បីចង់ដឹងថាតើអ្នកអាចនឹងជួបជាមួយស្ថានការណ៍ដែលអ្នកបានជួបកាលពីមុនដែរឬក៏អត់។ ប្រសិនបើស្ថានការណ៍ដែលអ្នកបានជួបដូចគ្នានឹងអ្វីដែលនឹងមាននៅកន្លែងការងារថ្មីនេះនោះអ្នកសម្ភាសអាចនឹងគិតថាអ្នកប្រហែលជាមិនសូវស័ក្ដិសមសម្រាប់ប្រឈមជាមួយការងារថ្មីនេះឡើយ។
គន្លឹះដើម្បីឆ្លើយសំណួរនេះ ត្រូវតែនិយាយដោយបង្ហាញភាពស្មោះត្រង់អំពីអ្វីដែលបានកើតឡើងដោយពាក្យសម្ដីបង្ហាញការគោរពនិងបង្ហាញការស្វែងរកដំណោះស្រាយរបស់អ្នកក្នុងអំឡុងពេលការងារមុន។ មួយវិញទៀត ប្រសិនបើហេតុផលនៃការឈប់របស់អ្នកអាចមិនមែនជារឿងល្អអ្នកក៏មិនគួរជ្រើសរើសយកការនិយាយអាក្រក់ពីកន្លែង ឬមេចាស់របស់អ្នកដែរ ព្រោះវាបង្ហាញពីអាកប្បកិរិយាមិនល្អ។ អ្នកអាចប្ដូរទៅជានិយាយពីអ្វីដែលអ្នកចង់ស្វែងរកនៅកន្លែងថ្មីដើម្បីសម្រេចគោលដៅការងារវិញទើបជាការប្រសើរ។
៤.ហេតុអ្វីអ្នកចង់ធ្វើការនៅទីនេះ?
អ្នកសម្ភាសសួរសំណួរនេះព្រោះពួកគេចង់ដឹងអំពីគោលដៅអាជីពការងាររបស់អ្នកនិងដឹងថាតើផែនការរបស់អ្នកស័ក្ដិសមជាមួយតួនាទីដែលអ្នកកំពុងតែដាក់ពាក្យកម្រិតណា។ ធម្មតានិយោជកចង់បានបុគ្គលិកដែលមានឆន្ទៈធ្វើការងារ។ ដូច្នេះហេតុផលដែលអ្នកដាក់ពាក្យមកធ្វើការនៅកន្លែងពួកគេគឺជាឧបករណ៍ដើម្បីវាស់ស្ទង់អំពីទឹកចិត្តស្រលាញ់ការងារនិងឆន្ទៈរបស់អ្នកនេះហើយ។
គន្លឹះដើម្បីឆ្លើយសំណួរនេះចូរប្រាប់អ្នកសម្ភាសនូវអ្វីដែលអ្នកចាប់អារម្មណ៍ទាក់ទងនឹងក្រុមហ៊ុន បរិយាកាសការងារនៅទីនោះ ក៏ដូចជាតួនាទីដែលអ្នកកំពុងដាក់ពាក្យ។ មិនខុសពីសំណួរទី២ ការស្រាវជ្រាវអំពីក្រុមហ៊ុនអាចជួយអ្នកឱ្យត្រៀមខ្លួនឆ្លើយសំណួរទាំងនេះបានយ៉ាងមានទំនុកចិត្ត។
៥. តើអ្នកសង្ឃឹមថានឹងរៀនសូត្រអ្វីពីតួនាទីនេះ?
សំណួរនេះ អ្នកសម្ភាសនៅតែចង់ដឹងពីឆន្ទៈការងាររបស់អ្នក។ ក្រៅពីនេះ ពួកគេក៏ចង់ដឹងថាតើអ្នកគឺជាមនុស្សដែលចូលចិត្តរៀនសូត្រពីការងារ ពីមនុស្សជុំវិញខ្លួនដើម្បីរីកចម្រើនដែរឬអត់ផងដែរ។
គន្លឹះដើម្បីឆ្លើយសំណួរនេះអ្នកគួរតែផ្ដោតអារម្មណ៍លើបទពិពណ៌នាការងារ (JD) ដែលអ្នកកំពុងដាក់ពាក្យពេលនេះ ហើយមើលថាតើមានចំណុចណាខ្លះដែលអាចឱ្យអ្នកបានរៀនសូត្របន្ថែមបាន។
៦.តើអ្នករំពឹងប្រាក់ខែប៉ុន្មានពីតួនាទីនេះ?
សំណួរនេះច្រើនតែត្រូវបានចោទសួរមុនពេលឈានទៅដល់សំណួរ “តើអ្នកមានអ្វីចង់សួរមកពួកយើងវិញឬអត់?”។ ជាទូទៅអ្នកសម្ភាសចង់ដឹងថាតើក្រុមហ៊ុនអាចផ្ដល់ប្រាក់ខែដល់អ្នកស្របទៅនឹងការរំពឹងទុករបស់អ្នកដែរឬក៏អត់។និយាយម្យ៉ាងទៀត អ្នកសម្ភាសតែងប្រើសំណួរនេះដើម្បីចម្រាញ់ចំនួនបេក្ខជនដែលកំពុងដាក់ពាក្យក្នុងតួនាទីជាក់លាក់មួយផងដែរ។
សំណួរនេះអាចមានការលំបាកតិចតួចដល់បេក្ខជនព្រោះពួកគេមិនសូវហ៊ានឆ្លើយក្នុងចំនួនជាក់លាក់ អាចគិតថាតិចពេកឬច្រើនពេកដែលមិនសមនឹងតួនាទីនេះ។ ដូច្នេះគន្លឹះដើម្បីឆ្លើយសំណួរនេះ អ្នកគួរតែស្រាវជ្រាវជាមុនថាតើតួនាទីប្រហាក់ប្រហែលនេះនៅក្រុមហ៊ុនផ្សេងប៉ុន្មាន (តម្លៃចន្លោះ) ដើម្បីអាចយកមកថ្លឹងថ្លែងជាមួយអ្វីដែលអ្នកនឹងឆ្លើយតបទៅគេនោះ៕