សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភ្នំពេញ ៖ នៅក្នុងវិស័យអចលនទ្រព្យត្រូវបានបែងចែកចេញជាផ្នែកផ្សេងៗជាច្រើន ដែលក្នុងនោះអ្នកវិនិយោគបានសំឡឹងឃើញពីឱកាសដែលអាចទទួលបានផលចំណេញផ្សេងៗគ្នា មិនថាផ្នែកសំណង់ ដីធ្លី ការអភិវឌ្ឍន៍លំនៅដ្ឋាន ក៏ដូចជាការសាងសង់អគារសម្រាប់ជួល។
បើនិយាយពីឱកាសចំណេញដែលអាចទទួលបានពីការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានអ្នកប្រតិបត្តិនៅក្នុងវិស័យនេះអះអាងផ្សេងៗពីគ្នាដោយការលើកយកហេតុផលមកបញ្ជាក់ផងដែរ។ ដោយឡែកសម្រាប់លោក ម៉ាន់ ច័ន្ទឌី ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងច្រើនផ្នែកនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា សម្រាប់ទស្សនៈរបស់លោក ផលចំណេញពីការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យដែលអាចទទួលបានចមណេញច្រើន គឺការទិញលក់ដី។
អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា “នៅក្នុងវិស័យអចលនទ្រព្យ ខ្ញុំបានវិនិយោគទៅក្នុងផ្នែកជាច្រើន ដូចជាការវិនិយោគទៅលើការអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋានកម្រិតសមរម្យ ការវិនិយោគទៅលើការនាំចូលគ្រឿងសំណង់ ការវិនិយោគទៅលើការផ្តល់កម្ចីសម្រាប់ទិញលំនៅដ្ឋាន ក៏ដូចជាការវិនិយោគទៅលើផ្នែកដីធ្លី ទាំងដីសម្រាប់ជួល និងដីសម្រាប់លក់ចេញយកចំណេញ”។
លោកបានបញ្ជាក់ថា “តាមការកត់សម្គាល់ និងជាទស្សនទានរបស់ខ្ញុំ ឱកាសនៃការទទួលបានផលចំណេញច្រើនជាងគេនៅក្នុងចំណោមមុខជំនួញខាងលើន គឺការវិនិយោគទៅលើដីធ្លី (ទិញ-លក់) ដែលក្នុងរយៈពេលដ៏ខ្លីយើងអាចទទួលបានប្រាក់ចំណេញច្រើនស្ទើរតែ ១X ២ ឬ ១X៣ ក៏មានដែរ អាស្រ័យទៅតាមទីតាំង និងតម្រូវការជាក់ស្ដែងរបស់ទីផ្សារ”។
សំណួរសួរថា បើវិនិយោគទៅលើដីធ្លីអាចទទួលបានចំណេញច្រើនជាងគេ តើហេតុអ្វីលោកត្រូវធ្វើការវិនិយោគទៅលើផ្នែកដទៃទៀត?
លោក ម៉ាន់ ច័ន្ទឌី បញ្ជាក់ថា “ថ្វីត្បិតការវិនិយោគទៅលើដីធ្លីអាចទទួលបានប្រាក់ចំណេញច្រើន ប៉ុន្តែយើងក៏ត្រូវការផ្នែកដទៃទៀតមកធ្វើការរួមផ្សំផងដែរ។ ខ្ញុំទិញ-លក់ដី បើចំណេញច្រើនខ្ញុំនឹងលក់ចេញភ្លាមៗ បើចំណេញតិច ឬអាចវិនិយោគទៅផ្នែកដទៃទៀតដែលអាចទទួលចំណេញច្រើនជាង ដូចជាការសង់ផ្ទះលក់ជាដើម ខ្ញុំក៏ត្រូវពិចារណា"។
លោកថា "បើត្រូវសាងសង់ផ្ទះលក់ ខ្ញុំក៏មានក្រុមហ៊ុនសាងសង់ បើត្រូវការគ្រឿងសំណង់ ខ្ញុំក៏មានក្រុមហ៊ុនផ្គត់ផ្គង់ ហើយបើត្រូវការស្ថាប័នហិរញ្ញវត្ថុសម្រាប់ជួយជ្រោមជ្រែងដល់ការផ្តល់លក្ខខណ្ឌបង់រំលស់ខ្ញុំក៏មាន ដូច្នេះ អ្វីៗទាំងអស់នេះ ជាបណ្តុំនៃមុខជំនួញពាក់ព័ន្ធរបស់ខ្ញុំតែប៉ុណ្ណោះ ប៉ុន្តែបើសួរថា មួយណាចំណេញជាង ខ្ញុំនៅតែអះអាងថា ការទិញ-លក់ដីគឺមានឱកាសចំណេញច្រើន និងក្លាយជាអ្នកមានលឿនជាងគេ” ៕