ភ្នំពេញ ៖ ទីផ្សារអាជីវកម្ម និងពាណិជ្ជកម្មដ៏ទូលាយនៅក្នុងតំបន់ប្រៀបបានទៅនឹងទីលានប្រកួតប្រជែងមួយដែលមានភាពសកម្ម ជាពិសេសរវាងវិនិយោគិនក្រៅស្រុកដែលចូលមកវិនិយោគនៅក្នុងស្រុករួមគ្នា។
ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង ត្រូវបានអនុម័តជាស្ថាពរនាដើមឆ្នាំ២០២០ឱ្យស្របជាមួយនឹងបណ្តា ប្រទេសជាសមាជិកអាស៊ានដទៃទៀត បានអនុម័ត និងកំពុងអនុវត្តច្បាប់ប្រកួតប្រជែងយ៉ាងមានប្រសិទ្ធភាព។
ច្បាប់ និងគោលនយោបាយប្រកួតប្រជែងនេះ នឹងជំរុញឱ្យមានបរិយាកាសប្រកួតប្រជែងធុរកិច្ចមួយដ៏រឹងមាំ និងបង្កើតឱ្យមានទីលានប្រកួតប្រជែង មួយដោយស្មើភាព រវាងក្រុមហ៊ុន ដែលជាកត្តាសំខាន់មួយ ក្នុងការទាក់ទាញវិនិយោគិនបរទេសមកវិនិយោគក្នុងប្រទេស ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល។
ច្បាប់ប្រកួតប្រជែងនេះផងដែរ នឹងដោះស្រាយបញ្ហានានាពាក់ព័ន្ធ ដល់សកម្មភាពឃុបឃិតគ្នារវាងធុរកិច្ច ការកំណត់ថ្លៃ ការកំណត់បរិមាណទំនិញសម្រាប់លក់ ការកំណត់ទីតាំងភូមិសាស្ត្រ សម្រាប់លក់ផលិតផល និងសេវា។ សកម្មភាពប្រើប្រាស់អំណាចដោយបំពានរបស់ធុរកិច្ច ដោយអំណាចលើទីផ្សារ ព្រមទាំងរារាំងការរួមបញ្ចូលគ្នា នៃធុរកិច្ច ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រកួតប្រជែង ហើយអាចនាំទៅរកឯកាធិភាព។
ប្រទេសកម្ពុជា បានរៀបចំសេចក្តីព្រាងច្បាប់ប្រកួតប្រជែងរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះថាក្នុងដំណើរការតាក់តែងនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើកិច្ចពិគ្រោះយោបល់ជាច្រើនលើក ច្រើនសារជាមួយភាគីពាក់ព័ន្ធ និងដោយមានការចូលរួមពីជំនាញការអន្តរជាតិជាច្រើននាក់ផងដែរ៕