សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភ្នំពេញ ៖ នៅក្នុងផែនការអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលតែងបានដាក់ចេញនូវគោលនយោបាយនានាជាច្រើន ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលនេះ ថ្នាក់ដឹកនាំប្រទេសកំពុងតែមានការទទួលបន្ទុកយ៉ាងធ្ងន់ទៅលើការទ្រទ្រង់ និងទប់ទល់ទៅនឹងបញ្ហាដែលកំពុងកើតមាន ជាមួយនឹងការបញ្ចេញនូវកញ្ចប់ថវិកាជាតិរាប់រយលានដុល្លារ។
ភាពប្រឈម និងបញ្ហាតូចធំបានកើតមានមកលើកម្ពុជាជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានដូចជា ៖ ការដកប្រព័ន្ធអនុគ្រោះពន្ធ ការទទួលរងនូវវិបត្តិសេដ្ឋកិច្ចសាកលដោយសារជំងឺ Covid-19 និងការរងគ្រោះដោយទឹកជំនន់ដែលកំពុងប៉ះពាល់ដល់ប្រជាជនប្រជាងកន្លះលាននាក់ រួមជាមួយនឹងខូចខាតនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាដែលរដ្ឋាភិបាលនឹងត្រូវចំណាយថវិកាសរុបរាប់រយលានដុល្លារក្នុងរយៈពេលត្រឹមមួយឆ្នាំប៉ុណ្ណោះ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគ និងស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា “នៅក្នុងស្ថានភាពដែលកម្ពុជាជួបប្រទះទៅនឹងបញ្ហាទាំង៣ខាងលើនេះ ប្រៀបបានទៅនឹងការទទួលនូវគ្រោះថ្នាក់៣ដំបងផ្ទួនៗគ្នាក្នុងពេលតែមួយ ដែលធ្វើឱ្យរាជរដ្ឋាភិបាលទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ”។
លោកបណ្ឌិតបន្ដថា “ការរងគ្រោះទាំងនេះមានទំហំធំធេងពេក ធ្វើឱ្យរាជរដ្ឋាភិបាលបញ្ចេញនូវកញ្ចប់ថវិកាជាតិដែលធ្លាប់សន្សំសម្រាប់អភិវឌ្ឍន៍ប្រទេសរាប់រយលានដុល្លារជាបន្តបន្ទាប់ ដើម្បីជួយកែតម្រូវ ជាពិសេសសង្គ្រោះដល់ប្រជាពលរដ្ឋ អ្នកវិនិយោគ ក៏ដូចជាសហគ្រិនដែលងាយរងគ្រោះ រួមជាមួយនឹងការកែលម្អនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាឱ្យមានភាពល្អប្រសើរឡើងវិញ ដែលសុទ្ធតែជាការចំណាយទាំងអស់។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះប្រមុខរាជរដ្ឋាបាល សម្ដេចតេជោ ហ៊ុន សែន បានប្រកាស និងជាអាទិភាពទៅលើការសិក្សា និងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងគ្រោះដោយទឹកជំនន់ជាបន្ទាន់”។
លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍បន្តទៀតថា “មានបណ្តាប្រទេសដៃគូវិនិយោគមួយបានសន្យាជួយតាមរយៈការផ្តល់ជំនួយហិរញ្ញប្បទាន ប៉ុន្តែជាក់ស្ដែងនៅមិនទាន់ទទួលបាននោះទេ ។ ដូច្នេះ នៅពេលដែលមានការសង្គ្រោះបន្ទាន់ រាជរដ្ឋាភិបាលត្រូវតែបញ្ចេញថវិកាជាតិដោយខ្លួនឯងភ្លាមៗដែលជាបន្ទុកមួយដ៏ធំ។ ខ្ញុំគិតថា ទម្រាំអាចពង្រឹងនូវកំណើនសេដ្ឋកិច្ចឱ្យបានរឹងមាំ ឬអាចទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយដូចឆ្នាំ២០១៩ យ៉ាងហោចណាស់ត្រូវចំណាយពេលយ៉ាងតិច២-៣ឆ្នាំ មានន័យថា អាចនៅរហូតដល់ឆ្នាំ២០២៣ ទើបកំណើនសេដ្ឋកិច្ចជាតិកម្ពុជាមានភាពស្ថិតស្ថេរ រឹងមាំឡើងវិញបាន” ៕