សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
មនុស្សម្នាក់ៗតែងតែចង់ក្លាយជាមនុស្សដែលមានភាពធូរធារផ្នែកលុយកាក់ តែអ្វីដែលជាបញ្ហាប្រឈមគឺពួកគេមិនដឹងថាត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដោយវិធីណា ដើម្បីឱ្យក្លាយជាមនុស្សដែលមានសរីភាពហិរញ្ញវត្ថុ។
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថាក្នុងសម័យកាលសេដ្ឋកិច្ចបែបហិរញ្ញវត្ថុនេះ អ្នកចង់មានឯករាជ្យភាពឬសេរីភាពផ្នែកហិរញ្ញវត្ថុត្រូវការការអប់រំ៣ ដំណាក់កាលគឺ៖
១. ការអប់រំចំណេះដឹងទូទៅ
រៀនអក្សរសាស្រ្តជាតិ ភាសាបរទេស គណិតវិទ្យាប្រវត្តិវិទ្យា តក្កវិជ្ជា។ល។ ចំណេះដឹងទាំងនេះជាមូលដ្ឋានសំរាប់រៀនបន្តនិងកសាងចំណេះដឹងផ្នែកអាជីពក្នុងកំរិតទី២។
២. ការអប់រំចំណេះដឹងអាជីព
សិក្សាជំនាញច្បាស់លាស់ណាមួយនិងបំពេញការងារដើម្បីទទួលបានបទពិសោធន៍ និងប្រាក់ដើម្បីចិញ្ជឹមជីវិត។ ឧទាហរណ៍អាជីពជាគ្រូពេទ្យ អាជីពជាមេធាវី អាជីពជាអ្នកលក់។ល។ ធ្វើការទើបបានចំណូលមិនធ្វើការគឺគ្មានចំណូល។
៣. ការអប់រំចំណេះដឹងហិរញ្ញវត្ថុ៖
ចេះចាត់ចែងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាពចេះខ្ចី ចេះសន្សំសំចៃ ចេះវិនិយោគដើម្បីបង្កើតជាផលចំណេញ។ស្គាល់ច្បាស់ថាទ្រព្យណានាំអោយចំរុងចំរើនមានផលចំណេញ ទ្រព្យណានាំអោយខាតបង់អន្តរាយ។ មានចំណេះដឹងហិរញ្ញវត្ថុមិនចាំបាច់ធ្វើការមួយថ្ងៃ៨ម៉ោង និងពីថ្ងៃចន្ទ័ដល់ថ្ងៃសុក្រក៏អាចមានលទ្ធភាពចិញ្ចឹមជីវិត និងគ្រួសារបានស្រួលដែរ។
ជាអកុសលមនុស្សជាច្រើនទទួលបានការអប់រំត្រឹមកំរិតទី២រួចគិតថា ខ្លួនមានការអប់រំគ្រប់គ្រាន់ហើយ។ ការយល់បែបនេះវាគ្រោះថ្នាក់ណាស់ ព្រោះអាចតំរូវអោយពួកគេបំពេញការងាររហូតដល់ថ្ងៃស្លាប់ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ដោយឡែក អ្នកដែលបានឆ្លងការអប់រំកំរិតទី៣ មានលទ្ធភាពចាត់ចែងហិរញ្ញវត្ថុរបស់ខ្លួនដើម្បីបង្កើនទ្រព្យ ឬចំណូលអកម្មដោយមិនចាំបាច់បំពេញការងាររហូតដល់អាយុចូលនិវត្តន៍៕