សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ទម្លាប់ប្រចាំថ្ងៃមានឥទ្ធិពលណាស់ទៅលើជីវិតរស់នៅរបស់មនុស្សយើងម្នាក់ៗ។ទម្លាប់ល្អ ឬសកម្មភាពវិជ្ជមានជាច្រើនគឺយើងអាចជ្រើសរើសបាន ដើម្បីចាប់ផ្តើមថ្ងៃថ្មីដោយភាពស្រស់ស្រាយ និងប្រសិទ្ធិភាពលើគោលដៅយើងចង់បាន។ ជាមួយគ្នានេះ បទពិសោធមួយចំនួនពីបណ្តាសហគ្រិននានាពីប្រទេសផ្សេងៗ ក្នុងការចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេ បានចែករំលែកជាគន្លឹះដូចខាងក្រោមនេះ៖
១.កុំភ្លេចឱ្យថាមពលដល់រាងកាយ
ពិតណាស់អាហារពេលព្រឹក ពុំគួររំលងឡើយសម្រាប់របបញ៉ាំប្រចាំថ្ងៃ។ ភាគច្រើនគ្នាយើងអាចមើលហួសពុំបានយកចិត្តទុកដាក់លើបញ្ហានេះ។ យកចិត្តទុកដាក់បន្តិចទៅលើផែនការអាហារសម្រាប់ញ៉ាំពេលព្រឹក ដែលមានគ្រប់ជីវជាតិចម្រុះ(វីតាមីនកាបូនអ៊ីដ្រាត ប្រូតេអ៊ីន...) មិនតែល្អសម្រាប់សុខភាព តែថែមទាំងផ្តល់ថាមពលដល់រាងកាយពេញមួយព្រឹកហើយអ្នក នឹងឃើញពីប្រសិទ្ធិភាពនៅលើលទ្ធផលការងារអ្នក។
២.ដាក់ចេញបេសកកម្មប្រចាំថ្ងៃ
បើសិនអ្នកមិនធ្លាប់ដាក់ចេញនូវគោលដៅសម្រាប់បំពេញក្នុងមួយថ្ងៃៗ អ្នកអាចសាកល្បងពិសោធបាន។ សរសេរវាចេញនៅលើក្រដាសមួយ រួចចាប់យកចំណុចណាដែលសំខាន់បំផុតដើម្បីបំពេញឱ្យបានក្នុងថ្ងៃនេះតាមលំដាប់។ ធ្វើបែបនេះអាចជួយសន្សំពេលវេលាអ្នក និងជួយអ្នកឱ្យផ្តោតលើការងារដែលមានអាទិភាពសំខាន់ជាងគេ ហើយអាចចាប់ផ្តើមធ្វើដោយមិនមានពេលសម្រាប់ខ្វល់ខ្វាយច្រើន។ នៅពេលល្ងាច អ្នកអាចគូសធីកលើសកម្មភាពដែលបានបំពេញរួចការងារណាដែលមានប្រសិទ្ធិភាព នឹងធ្វើឱ្យរីករាយទៀតផង។
៣.សមាធិបាន១០នាទី
ការធ្វើសមាធិជួយឱ្យកម្ចាត់អារម្មណ៍ខ្វល់ខ្វាយមួហ្មងឱ្យរសាយចេញពីចិត្តរបស់អ្នក។ ការស្រាវជ្រាវនិងមតិលើកឡើងជាច្រើនបានបង្ហាញថាការសមាធិគឺជួយដល់សុខភាពផ្លូវចិត្តឱ្យបានរឹងមាំ ហើយអ្នកអាចរៀនពីគន្លឹះសមាធិពីប្រភពនានា ដូចជាអ៊ិនធើណេតឬចូលរួមហាត់សមាធិដោយមានការណែនាំពីគ្រូជាដើម។ តាមបទពិសោធជាច្រើនបានបង្ហាញថាការធ្វើសមាធិហោចណាស់ត្រឹម១០នាទី ពេលព្រឹក គឺជួយជម្រះចិត្តខ្វល់ខ្វាយទាំងឡាយ និងជួយឱ្យអារម្មណ៍អ្នកស្រស់ស្រាយ និងចាប់ផ្តើមផ្តោតទៅលើសកម្មភាពការងាររបស់អ្នកដោយភាពស្វាហាប់។
៤.ចំណាយពេលអានសៀវភៅបន្តិច
អ្នកអាចមានទម្លាប់បែបនេះឬអាចបង្កើតជាទម្លាប់ថ្មីក៏បាន។ ចំណាយពេលខ្លះមុនម៉ោងទៅធ្វើការរបស់អ្នកអានខ្លះៗពីសៀវភៅបែបជម្រុញទឹកចិត្ត ឬប្រភេទបទពិសោធជីវិតពីបុគ្គលជោគជ័យណាមួយអ្នកនឹងទទួលបានគំនិតថ្មីៗ ធ្វើឱ្យខួរក្បាលអ្នកទទួលបានថាមពលជម្រុញអ្នកទៅបំពេញការងារ ដើម្បីសម្រេចគោលដៅដោយភាពច្នៃប្រឌិតផ្សេងៗទៀតផង។
៥.ចលនាឬលំហាត់ប្រាណពេលព្រឹក
ចលនាលំហាត់ប្រាណជួយឱ្យរាងកាយអ្នកបញ្ចេញអ័រម៉ូន Dopamine ដែលជួយឱ្យអារម្មណ៍អ្នករីករាយ និងស្រស់ស្រាយ។ មិនថាហាត់ប្រាណឬចលនាហាត់ពត់ខ្លួន(យ៉ូហ្គា)ឬសកម្មភាពសកម្មផ្សេងៗ គឺសុទ្ធសឹងជួយរាងកាយរឹងមាំនិងអារម្មណ៍អ្នកបានប្រសើរ។ សកម្មភាពសុខាមាលភាពទាំងនេះត្រូវបានលើកឡើងថាគឺមានចំណែកឥទ្ធិពលលើភាពស្វាហាប់ក្នុងការងារផងដែរ៕