ជំងឺរលាកសន្លាក់ (Arthritis) តាមការផ្សព្វផ្សាយជាចំណេះពីមន្ទីរពេទ្យកាល់ម៉ែតគឺ មានច្រើនសណ្ឋានហើយជំងឺរលាកសន្លាក់មួយដែលគេជួបប្រទះញឹកញាប់នោះគឺដោយសារការលើសអាស៊ីតអ៊ុយរីកក្នុងឈាម (Gouty Arthritis due tohyperuricemia)។
ប្រភពដដែលពីការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែតបាន ឱ្យដឹងថាករណីមិនបានព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញនោះអាចបណ្តាលឱ្យមានការឈឺចាប់រំខានដល់ការរស់នៅ ការប្រកបរបរប្រចាំថ្ងៃឬរហូតដល់ពិការភាពក៏មាន។ គេអាចឃើញភាគច្រើនជំងឺនេះកើតលើមនុស្សប្រុសដែលមានអាយុចន្លោះពី៣០-៤៥ឆ្នាំ ដោយឡែកមនុស្សស្រីវិញច្រើនកើតនៅក្រោយអាយុ៥៥ឆ្នាំ។ យ៉ាងណាមិញ មនុស្សទាំងពីរភេទនៅក្រោយអាយុ៦៥ឆ្នាំសុទ្ធតែអាចប្រឈមទៅនឹងជំងឺនេះ បើមានកត្តាដូចរៀបរាប់ខាងក្រោម៖
***កត្តាប្រឈមដែលជម្រុញឱ្យងាយកើតជំងឺលើសអាស៊ីតអ៊ុយរីករួមមាន៖
១.មនុស្សលើសទំងន់
២.អ្នកពិសារជាតិអាល់កុលញឹកញាប់ពិសេស ស្រាបៀរ ស្រាវីស្គីជិន វុលដកា ឬស្រារ៉ូម
៣.អ្នកញ៉ាំអាហារច្រើនលើសកម្រិតឬពោះទទេយូរពេក
៤.អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
៥.អ្នកជំងឺមានសំពាធឈាមលើស
៦.អ្នកចូលចិត្តបរិភោគសាច់គ្រឿងសមុទ្រក្នុងបរិមាណច្រើន
៧.អ្នកកំពុងប្រើថ្នាំមួយចំនួនដែលនាំទៅរកការលើសអាស៊ីតអ៊ុយរីកក្នុងឈាម(ដោយមិនបានពិគ្រោះជាមួយពេទ្យ)
***រោគសញ្ញានៃជំងឺលើសអាស៊ីតអ៊ុយរីករួមមាន៖
នៅលើស្បែក និងនៅសន្លាក់ មានលេចចេញជាដុំពកៗ (Chronic Tophaceous Gout)
នៅតម្រងនោម ឃើញមានជាគ្រួសតម្រងនោម
សន្លាក់ដែលមានការប៉ះពាល់ខ្លាំង ពិសេសគឺសន្លាក់ ជង្គង់ កដៃ កជើង និងមេជើង គឺមានលក្ខណៈ ហើម ក្តៅ ឡើងក្រហម និងឈឺចាប់ខ្លាំង ពិសេសស្តែងចេញភ្លាមៗ ពិបាកនឹងទ្រាំ។
***ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល៖
ករណីមានអាការៈដូចបានរៀបរាប់ខាងលើគួរគប្បីជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់និងកំណត់វិធីសាស្រ្តព្យាបាលតាមដានឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលាជៀសវាងការប្រើថ្នាំដោយខ្លួនឯងដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ការបង្ការការលើសអាស៊ីតអ៊ុយរីកក្នុងឈាមគឺការពារខ្លួនអ្នកពិសេសគឺរួមចំណែកការពារប្រព័ន្ធតម្រងនោមនិងបេះដូងរបស់អ្នក៕