សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
មនុស្សជាច្រើនមិនអាចជំនះខ្លួនឯងបានក្នុងការសរសេរកំណត់ហេតុប្រចាំថ្ងៃ ខណៈដែលមនុស្សមិនតិចទេនាពេលបច្ចុប្បន្នដែលអាចទទួលយកអត្ថប្រយោជន៍ពីការសរសេរកំណត់ហេតុប្រចាំថ្ងៃនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះអ្នកជំនាញចិត្តសាស្រ្តភាគច្រើនបានណែនាំថាការសរសេរកំណត់ហេតុប្រចាំថ្ងៃអាចជួយដល់បញ្ហាផ្លូវចិត្តយ៉ាងច្រើននិងធ្វើឲ្យជីវិតរបស់យើងស្រស់បំព្រងជាងមុន។ ខាងក្រោមនេះជាហេតុផល២យ៉ាងដែលយើងគ្រប់គ្នាគួរសរសេរកំណត់ហេតុប្រចាំថ្ងៃ។
១. ធ្វើឱ្យផ្លូវចិត្តប្រសើរឡើងក្រោយមានវិបត្តិ
ជាធម្មតាពេលយើងមានការឈឺចាប់ឬមានបញ្ហាអ្វីមួយកើតឡើង យើងតែងតែត្រូវការបញ្ចេញរឿងនោះពីក្នុងខ្លួនទៅឲ្យអ្នកដទៃបានដឹង។តាមទម្លាប់ មនុស្សគ្រប់គ្នាចូលចិត្តស្តាប់រឿងសប្បាយៗ ហើយក៏គ្មានមនុស្សណាម្នាក់សុខចិត្តស្តាប់រឿងរ៉ាវក្នុងចិត្តរបស់មនុស្សម្នាក់ទៀតជារៀងរាល់ពេលនោះដែរព្រោះវាសុទ្ធសឹងជារឿងដែលនាំឲ្យឈឺក្បាល តែកំណត់ហេតុគឺអាចនៅជាមួយយើងគ្រប់ពេលទាំងក្នុងអំឡុងពេលរីករាយ និងក្នុងពេលឈឺចាប់។ ពេលមានអារម្មណ៍រីករាយ ឬជួបរឿងភ្ញាក់ផ្អើលក្នុងជីវិតច្បាស់ណាស់យើងមានអារម្មណ៍តក់ស្លុត។ ស្ថានភាពអារម្មណ៍បែបនេះក៏អាចកើតមានផងដែរ ក្រោយពីបានជួបឃើញរឿងរ៉ាវដែលពិបាកទទួលយកក្នុងជីវិត។ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ យើងអាចសរសេររឿងរ៉ាវទាំងអស់នោះទុកក្នុងសៀវភៅកំណត់ហេតុដើម្បីឲ្យវាបានចេញពីក្នុងខ្លួន។ការធ្វើបែបនេះ នឹងធ្វើឱ្យយើង មានភាពធូរស្រាលក្នុងចិត្តមួយកម្រិត។ បន្ថែមពីលើនេះវាក៏អាចជំរុញឲ្យយើងស្ងប់អារម្មណ៍ហើយធ្វើឲ្យមានអារម្មណ៍រឹងមាំដើម្បីបន្តគិតពីរឿងវិជ្ជមានរហូតបង្កើតជាសកម្មភាពប្រកបដោយគុណតម្លៃក្នុងជីវិតប្រចាំថ្ងៃផងដែរ។
២.ជួយឲ្យខួរក្បាលឱ្យមានថាមពលខ្លាំងជាងមុន
ជាទូទៅ គេសង្កេតឃើញថា សិស្សពូកែ ឬមនុស្សដែលមាន IQ ខ្ពស់ភាគច្រើនជាអ្នកដែលចូលចិត្តសរសេរកំណត់ហេតុ ព្រោះទម្លាប់នៃការកត់ត្រាសមិទ្ធផលដែលពួកគេបានធ្វើរួមទាំងបញ្ហាដែលបានកើតឡើងនានាជុំវិញខ្លួនអាចជួយមនុស្សឲ្យស្ងប់ចិត្តនិងដោះស្រាយបញ្ហាបានលឿន។ នៅពេលយើងជួបបញ្ហាធំៗដែលត្រូវដោះស្រាយនោះយើងនឹងមានអារម្មណ៍ថាបាត់បង់ការគ្រប់គ្រង តែប្រសិនបើយើងកត់ត្រាវាចូលទៅក្នុងក្រដាសច្បាស់លាស់នោះយើងនឹងអាចគ្រប់គ្រងស្ថានការណ៍បានល្អដែលអនុញ្ញាតឱ្យដំណោះស្រាយជាច្រើនផុសចេញមកក្នុងខួរក្បាលរបស់យើង។ នៅពេលដែលមនុស្សណាម្នាក់មានអារម្មណ៍ស្ងប់ហើយរកឃើញប្រភពនៃបញ្ហាដែលយាយីដល់ការងារ និងដំណើរជីវិតពួកគេនឹងអាចរកឃើញដោយងាយនូវដំណោះស្រាយឆ្លាតវៃដើម្បីជម្នះវាឲ្យបាន។ ជាទូទៅគេរកឃើញថាអ្នកដែលសរសេរកំណត់ហេតុប្រចាំថ្ងៃ ភាគច្រើនជាអ្នកដែលមើលឃើញពីដំណោះស្រាយលើបញ្ហាខ្ពស់និងវិជ្ជមានជាងមនុស្សធម្មតា៕