សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ការសន្សំលុយសម្រាប់គ្នាយើងខ្លះអាចជារឿងលំបាក។ បញ្ហាលំបាកនោះត្រង់ថាការសន្សំ និងការចំណាយចំពេលជាមួយគ្នាឧទាហរណ៍ទំនិញដែលគេលក់បញ្ចុះតម្លៃនៅថ្ងៃនេះ ប៉ុន្តែពុំមែនជាវត្ថុឬរបស់របរចាំបាច់ដែលអ្នកត្រូវការ។ ពេលខ្លះយើងអាចសម្រេចចិត្តទិញត្រូវប៉ុន្តែពេលខ្លះក៏កើតមានហានិភ័យខ្វះខាតថវិកាដែលមិនបានសន្សំត្រៀមទុកចំពេលត្រូវការចាំបាច់បន្ទាន់ណាមួយ។ តាមរយៈចំណុចមួយចំនួននេះត្រូវបានអ្នកជំនាញផ្នែកហិរញ្ញវត្ថុចែករំលែកទុកជាគន្លឹះខ្លះៗ ក្នុងការសន្សំប្រភពថវិកា ដើម្បីស្ថិរភាពហិរញ្ញវត្ថុក៏ដូចជាត្រៀមបង្ការបញ្ហានានាលើផ្នែកហិរញ្ញវត្ថុដូចជា៖
១.កំណត់គោលដៅ
សំណួរមួយសម្រាប់សួរខ្លួនឯងថាតើហេតុអ្វីបានជាត្រូវសន្សំ? នោះអ្នកនឹងអាចរកឃើញចម្លើយពីគោលដៅផ្ទាល់ដែលអ្នកចង់បាន។ តួយ៉ាងយើងអាចរកឃើញថាអ្នកសន្សំគឺដើម្បីផែនការចូលនិវត្តន៍ឬសន្សំដើម្បីបើកអាជីវកម្មក្នុងក្តីស្រមៃ។ធ្វើដូចនេះអ្នកនឹងមានកម្លាំងចិត្តសន្សំដើម្បីឱ្យក្តីស្រមៃរបស់អ្នកលេចចេញជារូបរាង។
២.ផ្តល់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯង
ជាការជម្រុញឱ្យអ្នកមានវិន័យនិងខំព្យាយាមសន្សំប្រភពថវិកាខ្លះ ប្រាកដណាស់ការឱ្យរង្វាន់លើកទឹកចិត្តខ្លះ នឹងធ្វើឱ្យអ្នកពេញចិត្តបន្តការសន្សំដោយក្តីរីករាយ។ ការចំណាយខ្លះដូចជាការដើរលេងកម្សាន្តការទិញរបស់ដែលអ្នកចូលចិត្តនឹងជួយបង្កើនថាមពលអ្នក ឱ្យបន្តទៅគោលដៅខាងមុខតែយ៉ាងណាក៏ពុំគួរចំណាយច្រើនពេករហូតភ្លេចគោលដៅអ្នកនោះដែរ។
៣.អ្វីដែលអ្នកធ្វើបានដោយខ្លួនឯងមិនចំណាយច្រើន គួរផ្តើមធ្វើវា!
របស់របរមួយចំនួនដែលយើងអាចច្នៃធ្វើបានដូចជាស៊ុមរូបថត វត្ថុតាំងលំអផ្ទះ ឬមួយក៏អាហារសម្រន់មួយពេល ដែលអាចចម្អិនបានដោយខ្លួនឯងគួរផ្តើមធ្វើតែម្តង។ សកម្មភាពទាំងនេះនឹងជួយឱ្យប្រភពថវិកាអ្នកស្ថិតនៅក្នុងខ្ទង់សន្សំ និងមិនរត់ចេញលើទម្លាប់ចាយដែលមិនចាំបាច់។
៤.សរសេរចំណូល-ចំណាយ
ប្រាកដណាស់សកម្មភាពចំណូល-ចំណាយប្រចាំថ្ងៃដែលបានសរសេរចេញលើក្រដាស នឹងជួយឱ្យយើងឃើញពីរបៀបដែលត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ លើការចាយពោលគឺកែលម្អចំណុចខ្វះខាតលើការចាយពីមួយថ្ងៃទៅមួយថ្ងៃ។ ធ្វើបែបនេះ នឹងជួយឱ្យទម្លាប់ចាយវាយអ្នកមានវិន័យ និងរបៀបរៀបរយ៕